Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ អាស៊ាន | ASEAN 306
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៤

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន-សាធារ​ណ​រដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង)លើកទី​២៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ដឹកនាំកិច្ចប្រជុំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

សូមបញ្ជាក់ថា អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩។ សាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ។

សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រៀបចំឡើង​កាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប បានឱ្យដឹងថា ផ្អែកលើស្ថិតិរបស់​អាស៊ាន សម្រាប់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋ​កូរ៉េ បានឈានដល់ ១៨៩.៥ប៊ីលានដុល្លារ កើនឡើង ២២.៣ភាគរយធៀបនឹងឆ្នាំ២០២២។ ការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន ក្នុងឆ្នាំ២០២១ មានប្រមាណ ៧.១ប៊ីលានដុល្លារ ឬកើនឡើង ៦.០ភាគរយ ធៀបនឹងឆ្នាំ២០២០៕

អត្ថបទទាក់ទង