ហួសពីវោហាសាស្ត្រនយោបាយ៖ ប្រវត្តិសាស្ត្រពិតជាស្ពានផ្សារភ្ជាប់សម្រាប់កម្ពុជា ថៃ និងអាស៊ាន
Anutin Charnvirakul has family links to southern China and is at ease expressing himself in Cantonese. iFeng
ការថ្លែងសារការទូតនាពេលថ្មីៗនេះនៅទីក្រុងសិនជិន (Shenzhen) ដោយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលបានហៅប្រទេសថៃ និងចិនថាជា «បងប្អូននឹងគ្នា» ព្រមទាំងអះអាងថា ប្រជាជនថៃ ៩០ ភាគរយមានឫសគល់មកពីប្រទេសចិន បានបង្កឱ្យមានការជជែកវែកញែកយ៉ាងផុសផុលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ទោះបីជាតួលេខនេះគ្រាន់តែជាការលើកឡើងបែបបំផ្លើសប្រកបដោយភាពកក់ក្តៅក្នុងន័យការទូត ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ពីប្រទេសចិនក៏ដោយ ក៏វាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការពិតជាប្រវត្តិសាស្ត្រដែលមានឯកសារកត់ត្រាយ៉ាងច្បាស់លាស់មួយ គឺថា៖ បុព្វបុរសនៃជនជាតិនិយាយភាសាតៃ (Tai-speaking peoples) ពិតជាបានធ្វើចំណាកស្រុកចុះមកទិសខាងត្បូង ពីភាគខាងត្បូងប្រទេសចិនតាំងពីច្រើនសតវត្សរ៍មុនមែន។
យ៉ាងណាមិញ ការពិនិត្យឱ្យកាន់តែស៊ីជម្រៅទៅលើការធ្វើចំណាកស្រុកនោះ បង្ហាញឱ្យឃើញនូវការពិតមួយទៀត ដែលបានផ្សារភ្ជាប់ប្រទេសថៃ និងកម្ពុជាយ៉ាងជ្រាលជ្រៅ លើសពីអ្វីដែលព្រំដែនសម័យទំនើបតែងតែបង្ហាញទៅទៀត។ នៅពេលដែលក្រុមជនជាតិតៃដំបូងៗបានចូលមកដល់តំបន់ទំនាបទន្លេនៃអាស៊ីអាគ្នេយ៍ដីគោក ពួកគេមិនបានឈានជើងចូលមកក្នុងទឹកដីដែលគ្មានមនុស្សរស់នៅនោះទេ ប៉ុន្តែពួកគេបានចូលមកក្នុងដែនឥទ្ធិពលនៃអរិយធម៌បុរាណដ៏រុងរឿងមួយ គឺ «ចក្រភពខ្មែរ»។
ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រពិតប្រាកដរវាងកម្ពុជា និងថៃ យើងចាំបាច់ត្រូវទទួលស្គាល់នូវប្រភពដើមដាច់ដោយឡែកពីគ្នារបស់ប្រជាជាតិទាំងពីរ។ ប្រជាជនខ្មែរស្ថិតនៅក្នុងអំបូរភាសា អូស្ត្រូអាស៊ី (Austroasiatic ឬ មន-ខ្មែរ) ដែលជាជនជាតិដើមដំបូងបង្អស់មួយនៅក្នុងអាងទន្លេមេគង្គ។ ជាយូរយារណាស់មកហើយ មុនពេលកុលសម្ព័ន្ធតៃធ្វើដំណើរចុះមកភាគខាងត្បូង អរិយធម៌ខ្មែរបានបង្កើតរដ្ឋដ៏មានឥទ្ធិពលរួចទៅហើយ រួមមាន អាណាចក្រភ្នំ (ហ្វូណន) ចេនឡា និងមហាអាណាចក្រអង្គរ ដែលត្រូវបានកសាងឡើងដោយប្រពៃណីជនជាតិដើម និងការផ្លាស់ប្តូរវប្បធម៌តាមផ្លូវសមុទ្រជាមួយប្រទេសឥណ្ឌា។
ផ្ទុយទៅវិញ អ្នកភាសាវិទូ និងប្រវត្តិវិទូបានស្រាវជ្រាវរកឃើញថា អំបូរភាសា ក្រា-ដៃ (Kra-Dai ឬ តៃ-កាដៃ) មានប្រភពនៅភាគខាងត្បូងប្រទេសចិន ជាពិសេសនៅតំបន់ក្វាងស៊ី (Guangxi) ក្វាងទុង (Guangdong) និងគួយចូវ (Guizhou) នាពេលបច្ចុប្បន្ន។ នៅចន្លោះសតវត្សរ៍ទី ៨ និងទី ១៣ ដោយសារការពង្រីកអំណាចរបស់ចក្រភពភាគខាងជើង និងសម្ពាធកំណើនប្រជាជន ក្រុមជនជាតិនិយាយភាសាតៃបានធ្វើចំណាកស្រុកបន្តិចម្តងៗតាមដងទន្លេចូលមកក្នុងអាងទន្លេ (ចៅប្រាយ៉ា ) និងទន្លេមេគង្គ ហើយបានតាំងទីលំនៅរួមជាមួយសហគមន៍ជនជាតិដើមមន និងខ្មែរ ដែលកំពុងរស់នៅទីនោះរួចជាស្រេច។
ការនិទានតៗគ្នាដែលពេញនិយម ជួនកាលបានបង្ហាញពីការងើបឡើងនៃរាជាណាចក្រថៃដំបូងៗ ដូចជា សុខោទ័យ និងអយុធ្យា ថាគ្រាន់តែជារឿងរ៉ាវនៃការដណ្តើមជ័យជម្នះលើអាណាចក្រអង្គរប៉ុណ្ណោះ។ ប៉ុន្តែតាមការពិត វាគឺជាដំណើរការនៃការរួមបញ្ចូលគ្នាខាងវប្បធម៌យ៉ាងជ្រាលជ្រៅ។
ជនចំណូលថ្មីតៃបានរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាជនមន និងខ្មែរក្នុងតំបន់ ដែលនេះជាខ្សែស្រឡាយរួមគ្នាត្រូវបានបញ្ជាក់ដោយការសិក្សាពន្ធុវិទ្យា (ហ្សែន) សម័យទំនើប ទន្ទឹមនឹងការស្រូបយកវប្បធម៌ជាន់ខ្ពស់ប្រចាំតំបន់ផងដែរ។ ពីជនជាតិមន ពួកគេបានទទួលយកព្រះពុទ្ធសាសនាថេរវាទ រីឯពីចក្រភពខ្មែរ ពួកគេបានទទួលមរតកនៃមូលដ្ឋានគ្រឹះសិល្បៈនៃការដឹកនាំរដ្ឋបែបរាជានិយម រួមមាន ការកែសម្រួលតួអក្សរ វាក្យសព្ទក្នុងរាជវាំង (រាជសព្ទ) ប្រពៃណីច្បាប់ ពិធីសាសនាបែបព្រាហ្មណ៍ និងសិល្បៈបុរាណជាដើម។
ការទទួលស្គាល់ឫសគល់ដែលប្រទាក់ក្រឡាគ្នាទាំងនេះ មិនបានធ្វើឱ្យបាត់បង់អត្តសញ្ញាណរបស់ប្រជាជាតិណាមួយឡើយ។ ទំនាក់ទំនងប្រវត្តិសាស្ត្ររបស់ប្រទេសថៃជាមួយភាគខាងត្បូងប្រទេសចិន — តាមរយៈការធ្វើចំណាកស្រុករបស់ជនជាតិតៃបុរាណ និងអន្តោប្រវេសន៍ចិននៅសតវត្សរ៍ទី ១៩ និងទី ២០ — គឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៃប្រវត្តិសាស្ត្ររបស់ខ្លួន ដូចគ្នាទៅនឹងអត្តចរិតបែបអាស៊ីអាគ្នេយ៍របស់ថៃ ដែលត្រូវបានបង្កើតឡើងរួមគ្នាជាមួយជនជាតិមន និងខ្មែរដែរ។
នៅក្នុងវិស័យការទូតសម័យទំនើប ការចងចាំបែបជ្រើសរើសតែមួយជ្រុង និងការបកស្រាយបែបជាតិនិយមជ្រុល តែងតែបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់រវាងប្រទេសជិតខាង។ ការទទួលយកដំណើររឿងអតីតកាលដ៏ស្មោះត្រង់ និងពេញលេញ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំជាងមុនសម្រាប់អនាគត។ នៅពេលដែលទីក្រុងភ្នំពេញ និងទីក្រុងបាងកក ទទួលស្គាល់ទាំងប្រភពដើមដាច់ដោយឡែកពីគ្នា និងមរតកវប្បធម៌រួមគ្នា ប្រវត្តិសាស្ត្រនឹងក្លាយជាកាតាលីករជំរុញឱ្យមានការគោរពគ្នាទៅវិញទៅមក ជាជាងការបែកបាក់។
ស្មារតីនៃភាពចាស់ទុំខាងប្រវត្តិសាស្ត្រប្រកបដោយភាពស្មោះត្រង់នេះ នឹងពង្រឹងទំនុកចិត្តទ្វេភាគី និងផ្តល់នូវខ្លឹមសារពិតប្រាកដដល់បាវចនារបស់អាស៊ាន គឺ «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» ដោយបង្ហាញថា ប្រទេសជិតខាងមិនចាំបាច់លុបបំបាត់ដំណើរប្រវត្តិសាស្ត្រដាច់ដោយឡែករបស់ខ្លួន ដើម្បីរួមគ្នាកសាងតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាព និងភាពស្អិតរមួតនោះឡើយ៕
លោក ទេស ចាន់ថន គឺជាអ្នកឃ្លាំមើលសង្គម។ ទស្សនដែលបានលើកឡើងជាទស្សនរបស់លោកផ្ទាល់៕
-Post Khmer-





