(Cambodia PR Team) ទាក់ទងនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី ១៖ តើដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជានាពេលនេះ មានសារៈសំខាន់យ៉ាងដូចម្តេចចំពោះការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ?
ចម្លើយ៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង មកកាន់កម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ដែលបានផ្តល់នូវសន្ទុះថ្មីដល់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ សមិទ្ធផលដ៏លេចធ្លោមួយនៃដំណើរទស្សនកិច្ចនេះ គឺការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការចំនួន២៩ ក្នុងពេលតែមួយដែលជាកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង។ ការចុះហត្ថលេខាលើឯកសារទាំង២៩នេះ គឺពាក់ព័ន្ធនឹងវិស័យ ពន្ធដារ ការពារជាតិ ការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ ថាមពល សុខាភិបាល ពាណិជ្ជកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន។
ការដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋ ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏បានបង្ហាញពីតួនាទីនិងកិត្យានុភាពដ៏សំខាន់របស់កម្ពុជា ដែលនេះជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិ ទាក់ទាញកិច្ចសហប្រតិបត្តិការ និងបង្ហាញពីសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោក។
សំណួរទី ២៖ តើថ្នាក់ដឹកនាំកម្ពុជា បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងដូចម្តេចខ្លះនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ?
ចម្លើយ៖ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាការបញ្ជាក់ជាថ្មីអំពីអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ទោះបីកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ និងកំពុងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដែលបំភ្លេចអំពីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។
ជាក់ស្តែង សម្តេចធិបតីបានលើកឡើងពីការប៉ះទង្គិចដោយអាវុធចំនួន២លើករវាងកម្ពុជា និងថៃក្នុងឆ្នាំ២០២៥ ដែលថៃជាអ្នកផ្តើមបាញ់មុន ដោយសង្កត់ធ្ងន់ថា ទោះបីមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ ជាពិសេសប្រជាពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន។
ចំពោះដំណោះស្រាយបញ្ហាព្រំដែន សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយតាមរយៈការសន្ទនា កិច្ចព្រមព្រៀងដែលមានជាធរមាន និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវឱ្យចាប់ផ្តើមឡើងវិញនូវយន្តការ JBC។ កម្ពុជាចង់បានព្រំដែនដែលមានសន្តិភាព និងកិច្ចសហប្រតិបត្តិការ មិនមែនការប្រឈមមុខដាក់គ្នា ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) នោះទេ។
សំណួរទី៣៖ ជាការឆ្លើយតប តើការបញ្ជាក់របស់ប្រធានាធិបតីបារាំង អំពីការគាំទ្រដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃ មានអត្ថន័យយ៉ាងដូចម្តេច?
ចម្លើយ៖ ការបញ្ជាក់របស់លោក Emmanuel Macron ប្រធានាធិបតីបារាំង អំពីការប្តេជ្ញាចិត្តរបស់បារាំងក្នុងការធ្វើយ៉ាងណាឱ្យកម្ពុជានិងថៃ អាចស្វែងរកដំណោះស្រាយដោយសន្តិវិធី បានបង្ហាញពីការគាំទ្ររបស់បារាំងចំពោះគោលការណ៍ដែលកម្ពុជាបានប្រកាន់ខ្ជាប់ជាបន្តបន្ទាប់ ពោលគឺការដោះស្រាយជម្លោះតាមរយៈការគោរពកិច្ចព្រមព្រៀង និងការអនុវត្តច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំង។
ម្យ៉ាងវិញទៀត ការដែលប្រធានាធិបតីបារាំងរំលឺកថា «សាររបស់នាយឧត្តមសេនីយ៍ Charles de Gaulle ស្តីពីសេរីភាព និងការគោរពអធិបតេយ្យភាពរបស់កម្ពុជា គឺនៅតែមានអត្ថន័យសម្រាប់ពេលបច្ចុប្បន្ននេះ» ក៏មានអត្ថន័យជាពិសេសចំពោះទំនាក់ទំនងប្រទេសទាំងពីរ និងការគោរពដែនអធិបតតេយ្យភាពរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។
សម្រាប់កម្ពុជា ការគាំទ្ររបស់បារាំង គឺជាការបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍អន្តរជាតិក្នុងការជំរុញឱ្យភាគីពាក់ព័ន្ធគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាដោយសន្តិវិធី៕





