Grand News Asia Close

រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1017
រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦–

“សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយភាគីកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ”។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ដោយឡែកឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី។

ឯកឧត្តមរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បាននាំកម្ពុជា និងថៃមកជួបគ្នាដើម្បីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ កើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោកប្រធានាធិបតី”។

ឯកឧត្តម បានបន្ថែមផងដែរថា កិច្ចព្រមព្រៀងសន្តិភាពនេះបានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃកិច្ចការការទូតអាម៉េរិកក្នុងការដោះស្រាយជម្លោះ និងបានកសាងគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។

សូមរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពនេះបានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិតទាំងយោធិន និងជនស៊ីវិលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងសន្តិភាពនេះគឺជាការចាប់ផ្តើមដ៏សំខាន់មួយ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបញ្ចប់ជម្លោះ ព្រមទាំងការស្តារទំនាក់ទំនងឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។

សូមបញ្ជាក់ផងដែរថា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ការប៉ះទង្គិចបានផ្ទុះឡើងសារជាថ្មី ដោយអូសបន្លាយអស់រយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះជាសង្រ្គាមឈ្លានពានសុទ្ធសាធរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ វាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងបានបណ្តាលឱ្យមានជនស៊ីវិល និងវីរយោធិនកម្ពុជា កាន់តែច្រើនបានបាត់បង់ជីវិត ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនកន្លែង។

មិនតែប៉ុណ្ណោះ ថៃនៅតែបន្តអំពើរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជា ការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ បើទោះជាសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។

ថៃបាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត គឺមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងនោះឡើយ៕ -AKP-

ដោយ ផែន រតនៈ

អត្ថបទទាក់ទង