Grand News Asia Close

លោក ហ៊ុន សែន លើកឡើងពី «ភូមិសាស្ត្របាល់ទាត់» ថាប្រទេសតូច និងកំពុងអភិវឌ្ឍកំពុងផ្លាស់ប្តូរតុល្យភាពបាល់ទាត់ពិភពលោក

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1014
លោក ហ៊ុន សែន លើកឡើងពី «ភូមិសាស្ត្របាល់ទាត់» ថាប្រទេសតូច និងកំពុងអភិវឌ្ឍកំពុងផ្លាស់ប្តូរតុល្យភាពបាល់ទាត់ពិភពលោក Senate president Hun Sen has drawn comparisons between the on-field performances of emerging nations with changes in the traditional international geopolitical sphere. Post AI

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានលើកឡើងថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ កំពុងបង្ហាញពីការប្រែប្រួលនៃអ្វីដែលលោកហៅថា «ភូមិសាស្ត្របាល់ទាត់» ដោយអះអាងថា ប្រទេសដែលមានប្រជាជនតិច និងជាប្រទេសកំពុងអភិវឌ្ឍ កំពុងបង្ហាញសមត្ថភាពប្រកួតប្រជែងជាមួយមហាអំណាចបាល់ទាត់ពិភពលោក ខុសពី «ភូមិសាស្ត្រនយោបាយ» ដែលលោកថា កំពុងស្ថិតក្នុងភាពច្របូកច្របល់។

តាមរយៈសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២ ខែកក្កដា លោក ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីធ្លាប់និយាយអំពី «បាល់មូល» ក្រោយការប្រកួតកន្លងមក លោកយល់ថា ដល់ពេលត្រូវចាប់ផ្តើមនិយាយអំពី «ភូមិសាស្ត្របាល់ទាត់» ដែលលោកចាត់ទុកថា មានលក្ខណៈខុសគ្នាទាំងស្រុងពីភូមិសាស្ត្រនយោបាយ។

លោកបានសរសេរថា៖ «ពេលមុនខ្ញុំតែងនិយាយថា លើពិភពលោក ស្តង់ដារអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ»។

លោកបានកត់សម្គាល់ថា តាមរយៈការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ វត្តមានក្រុមបាល់ទាត់មកពីប្រទេសដែលមានប្រជាជនតិច និងជាប្រទេសកំពុងអភិវឌ្ឍ កាន់តែមានចំនួនច្រើន ដែលបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំងនៃភូមិសាស្ត្របាល់ទាត់ពិភពលោក។

លោកបានបន្តថា បាល់ទាត់មិនរើសអើងថា ប្រទេសណាមាន ឬក្រទេ ហើយក៏មិនរើសអើងចំពោះប្រទេសដែលមានប្រជាជនច្រើន ឬតិចដែរ ព្រោះការប្រកួតសម្រេចដោយសមត្ថភាព មិនមែនដោយកម្លាំងសេដ្ឋកិច្ច ឬទំហំប្រជាជនឡើយ។

លោកសរសេរថា៖ «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិច បានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសមានប្រជាជនច្រើន ឬតិចនោះទេ ដែលនេះវាជា “ភូមិសាស្ត្របាល់ទាត់” ដែលខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ ដែលពិភពលោកកំពុងជ្រួលច្របល់ បាត់សណ្តាប់ធ្នាប់»។

លោកក៏បានលើកឡើងថា ក្រុមបាល់ទាត់មកពីប្រទេសកំពុងអភិវឌ្ឍជាច្រើន បានធ្វើឱ្យក្រុមមកពីប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ត្រូវធ្លាក់ចេញពីការប្រកួតចាប់តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គ៣២ក្រុមចុងក្រោយ ហើយទោះបីមិនអាចយកឈ្នះក៏ដោយ ក៏អាចធ្វើឱ្យក្រុមខ្លាំងៗមានការព្រួយបារម្ភនៅពេលត្រូវបានទាត់បញ្ចូលទី។

លោកបានថ្លែងថា: «ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានជួយជូនដំណើរក្រុមកីឡាពីប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញ តាំងពីប្រកួតសន្សំពិន្ទុ រហូតដល់ការប្រកួត៣២ក្រុម ហើយប្រសិនមិនអាចយកឈ្នះ ក៏ធ្វើឱ្យប្រទេសអ្នកមានមានការព្រួយបារម្ភ ពេលក្រុមបាល់ទាត់មកពីប្រទេសក្រីក្រទាត់បញ្ចូលទីឡើងប៉ោងសំណាញ់»។

ដោយផ្អែកលើអ្វីដែលលោកហៅថា ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់នេះ លោក ហ៊ុន សែន បានព្យាករថា នៅថ្ងៃណាមួយ ប្រទេសក្រីក្រ និងមានប្រជាជនតិច នឹងអាចក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក។

លោកបានសរសេរថា៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះ ពេលណាមួយ ប្រទេសក្រីក្រ ប្រជាជនតិច នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»។

លោកក៏បានបញ្ជាក់ថា លោកមិនដឹងថា មានអ្នកណាម្នាក់នៅលើពិភពលោកធ្លាប់ប្រើពាក្យ «ភូមិសាស្ត្របាល់ទាត់» ឬយ៉ាងណានោះទេ ប៉ុន្តែលោកជឿថា ការប្រែប្រួលនេះជាសញ្ញាបង្ហាញពីឱកាសថ្មីសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍទាំងអស់។

សាររបស់លោក ហ៊ុន សែន មិនត្រឹមតែជាការវិភាគអំពីការប្រកួតបាល់ទាត់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រៀបធៀបរវាងការប្រកួតកីឡា និងបរិបទនយោបាយអន្តរជាតិ ដោយលើកឡើងថា វិស័យបាល់ទាត់នៅតែជាវេទិកាដែលប្រទេសទាំងអស់អាចប្រកួតប្រជែងក្រោមស្តង់ដារតែមួយ ដោយមិនអាស្រ័យលើទំហំសេដ្ឋកិច្ច ឬឥទ្ធិពលនយោបាយ។

-Post Khmer-

អត្ថបទទាក់ទង