Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម

ដោយ៖ Morm Sokun ​​ | 54 នាទីមុន ព័ត៌មានជាតិ 1007
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការគាំទ្រជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម (MSMEs) ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី បានអញ្ជើញជាអធិបតីពិធី ប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការគាំទ្រជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍMSMEsដូចជា៖

*ទី១៖ ការជំរុញ និងការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី«តេជោ»មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

*ទី២៖ ការគាំទ្រដល់ការអភិវឌ្ឍជំនាញជាពិសេស តាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចំណាយថវិកាគាំទដល់ MSMEs សរុបចំនួន១៥,២៧លានដុល្លារអាម៉េរិក សម្រាប់គម្រោងបណ្តុះបណ្តាលសិក្ខាកាមចំនួន៧៦០០០នាក់ (គិតត្រឹមចុងខែកញ្ញាឆ្នាំ២០២៦)។

*ទី៣៖ ការលើកកម្ពស់ស្តង់ដាផលិតផល តាមរយៈការពង្រឹងប្រព័ន្ធអេកូឡូស៊ី នៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមាន ការផ្តល់សេវានៃការធ្វើតេស្តពិសោធន៍ការធ្វើស្តង់ដារូបនីយកម្ម ការវាយតម្លៃអនុលោមភាពផលិតផល ឬសេវាកម្មការធ្វើព្យាសកម្ម និងត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ និងការវាយតម្លៃទទួលស្គាល់។

*ទី៤៖ ការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងឥណទានតាមរយៈការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសាជីវកម្មធានាឥណទានកម្ពុជាជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនោះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញឥណទានដោយផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទាន ជូនសហគ្រាសធុនតូច និងមធ្យមចំនួន៤០១៤សហគ្រាស ស្មើនឹងទំហំឥណទាន ៦៦២លានដុល្លារ (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦)។

សម្តេចមហាបវរធិបតី បានបន្ថែមថា ជាការពិតការគាំទ្រទាំងនេះ បាននាំមកនូវសមិទ្ធផលជាច្រើន ប៉ុន្តែបទពិសោធ ក្នុងការឆ្លងកាត់បញ្ហាប្រឈមក្នុងតំបន់ និងលើសកលលោក និងជាមួយប្រទេសជិតខាង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការជំរុញការអភិវឌ្ឍMSMEs ដែលជាចលករគន្លឹះ សម្រាប់ការកសាងមូលដ្ឋានគ្រឹះរឹងមាំ ការកាត់បន្ថយការពឹងផ្អែកលើកត្តាខាងក្រៅ និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពបរិយាបន្ននិងភាពធន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងស្មារតីនេះខ្ញុំធ្លាប់បានលើកឡើងហើយថាខ្ញុំកំពុង«មូរដៃអាវ»លើមុខព្រួញជាច្រើន។ មុខព្រួញមួយគឺការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើង។មុខព្រួញមួយទៀត គឺការពង្រឹងសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍ MSMEs ដែលខ្ញុំកំពុង«មូរដៃអាវ»និងចូលរួមតាមដានតម្រង់ទិស និងជំរុញការដោះស្រាយដោយផ្ទាល់៕

អត្ថបទទាក់ទង