កិច្ចប្រជុំ UNCLOS លើកទី២ កម្ពុជា-ថៃ ធ្វើនៅទីក្រុងឡាអេ ក្នុងគោលដៅសម្រេចបានសន្ធិសញ្ញាមួយដើម្បីកំណត់ខណ្ឌសីមាដែនសមុទ្រ
ប្រតិភូកម្ពុជា ថៃ និងសមាជិកគណៈកម្មការសម្រុះសម្រួលក្នុងអំឡុងកិច្ចប្រជុំលើកទី១ នៅសិង្ហបុរី ក្នុងខែកញ្ញា។ សហការី
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងដឹកនាំគណៈប្រតិភូអ្នកជំនាញផ្នែកច្បាប់ចូលរួមកិច្ចប្រជុំលើកទី២ នៃនីតិវិធីផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា។
គណៈកម្មការផ្សះផ្សាដែលមានសមាជិកសម្រុះសម្រួលចំនួន ៥រូប ត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ហើយបានបើកកិច្ចប្រជុំលើកទី១ រួចហើយនៅប្រទេសសិង្ហបុរី កាលពីខែកញ្ញា ដែលក្នុងនោះ ភាគីពាក់ព័ន្ធបានកំណត់វិធាននៃនីតិវិធីសម្រាប់ដំណើរការផ្សះផ្សា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៩ ខែតុលា បានលើកឡើងថា៖ «កិច្ចប្រជុំលើកទី២ នេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងដំណើរការដោយសន្តិវិធី ដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាផ្នែកដែនសមុទ្ររវាងប្រទេសទាំងពីរ។ ដោយផ្អែកលើកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១នៅប្រទេសសិង្ហបុរី កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីឈានទៅមុខបន្ថែមទៀត និងកំណត់ចំណុចដែលអាចឈានដល់ការព្រមព្រៀងគ្នាពាក់ព័ន្ធនឹងការកំណត់ខណ្ឌសីមាដែនសមុទ្រ»។
ក្រសួងបានបញ្ជាក់ដោយដកស្រង់សម្ដីរបស់លោក ប្រាក់ សុខុន ដែលបានថ្លែងក្នុងកិច្ចប្រជុំបើកដំណើរការថា៖ «គោលដៅចម្បងរបស់កម្ពុជា គឺសម្រេចបានដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់»។
កម្ពុជាបានចាប់ផ្តើមនីតិវិធីផ្សះផ្សានេះនៅថ្ងៃទី២ ខែមិថុនា បន្ទាប់ពីថៃបានប្រកាសជាផ្លូវការពីការលុបចោលអនុស្សរណៈនៃការយោគយល់ទ្វេភាគីឆ្នាំ២០០១ ដែលជាអនុស្សរណៈកំណត់នីតិវិធីសម្រាប់ដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសបានឱ្យដឹងថា តាមរយៈដំណើរការនេះ កម្ពុជាមានបំណងសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយថៃ ដើម្បីកំណត់ខណ្ឌសីមាដែនសមុទ្រតែមួយដែលគ្របដណ្តប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងចុងក្រោយលើខណ្ឌសីមាដែនសមុទ្រ។
ក្រសួងបានបន្តថា៖ «ប្រសិនបើមិនអាចសម្រេចបាននូវជម្រើសណាមួយក្នុងចំណោមជម្រើសទាំងពីរនេះទេ កម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំអនុសាសន៍នានា ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមអនុសញ្ញា UNCLOS»។
ក្រសួងបានបញ្ជាក់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា៖ «កម្ពុជានឹងចូលរួមកិច្ចប្រជុំនៅទីក្រុងឡាអេ ដោយសុចរិតចិត្ត និងក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយទន្ទឹងរង់ចាំធ្វើការជាមួយគណៈកម្មការ និងព្រះរាជាណាចក្រថៃ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយយុត្តិធម៌ និងដំណោះស្រាយដែលមានចីរភាព»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) កិច្ចប្រជុំនៅទីក្រុងឡាអេនឹងធ្វើឡើងជាសម្ងាត់ ដោយមិនបើកជាសាធារណៈ។
គណៈកម្មការផ្សះផ្សាដែលមានសមាជិក ៥រូបនេះ ដឹកនាំដោយលោកស្រី Katrina Cooper មកពីអូស្ត្រាលី។ សមាជិកផ្សេងទៀតរួមមាន ឯកអគ្គរដ្ឋទូត Peter Taksøe-Jensen មកពីដាណឺម៉ាក សាស្ត្រាចារ្យ Jean-Marc Thouvenin មកពីបារាំង ចៅក្រម Albert Hoffmann មកពីអាហ្វ្រិកខាងត្បូង និងចៅក្រម Rüdiger Wolfrum មកពីអាល្លឺម៉ង់៕
-post khmer-





