អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ កម្ពុជាមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទនៅគ្រប់ច្រកតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ លុះត្រាតែខាងភាគីថៃ បើកច្រកព្រំដែនវិញទាំងអស់ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ បានបញ្ជាក់បន្ថែមថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃ បានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទ ជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥កន្លងមកនេះ៕