Grand News Asia Close

កម្ពុជា-ថៃ៖ បើកទំព័រចរចាវិវាទសមុទ្រត្រួតស៊ីគ្នា​សប្ដាហ៍ក្រោយ ក្រោមយន្តការ UNCLOS នៅសិង្ហបុរី

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1011
កម្ពុជា-ថៃ៖ បើកទំព័រចរចាវិវាទសមុទ្រត្រួតស៊ីគ្នា​សប្ដាហ៍ក្រោយ ក្រោមយន្តការ UNCLOS នៅសិង្ហបុរី កម្ពុជា-ថៃ៖ បើកទំព័រចរចាវិវាទសមុទ្រត្រួតស៊ីគ្នា​សប្ដាហ៍ក្រោយ ក្រោមយន្តការ UNCLOS នៅសិង្ហបុរី

តាមការគ្រោងទុកជាផ្លូវការ កម្ពុជា និងថៃ នឹងចូលរួមកិច្ច​ប្រជុំ​​ជាប្រវត្តិសាស្ត្រលើកដំបូង​ជាមួយគណៈកម្មការ​សម្រុះ​សម្រួល ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់​សមុទ្រ (UNCLOS) នៅប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ នេះជាជំហាន​ថ្មីមួយ​តាមយន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះ​ស្រាយ​ដោយសន្តិវិធី ចំពោះវិវាទដែនសមុទ្រត្រួតស៊ីគ្នាដែលបាន​អូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី៩ ខែកញ្ញា បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS បន្ទាប់ពីមានការប្រកាសពីតុលាការ​អចិន្ត្រៃយ៍នៃមជ្ឈត្តកម្ម (PCA)។ កម្ពុជាបានស្វាគមន៍ដោយចាត់ទុកថា កិច្ចប្រជុំនេះគឺជា​សញ្ញាវិជ្ជមាន និងជាឱកាស​ក្នុងការដោះស្រាយវិវាទ ដើម្បី​ឈានទៅទាញយកប្រយោជន៍ពីធនធានប្រេង និងឧស្ម័នដ៏​ប្រកបដោយសក្តានុពល​សម្រាប់ប្រទេសទាំងពីរ។

ក្រសួងការបរទេសដដែលបានឱ្យដឹងទៀតថា នៅក្នុង​បេសកកម្ម​ផ្លូវការនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងធ្វើជាភ្នាក់ងារតំណាង​ឱ្យកម្ពុជា ដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់អន្តរជាតិ ដោយ​មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋានកិច្ចការព្រំដែន ចូលរួមក្នុងឋានៈជាភ្នាក់ងាររង។ ភាគីទាំងពីរ​នឹងធ្វើសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨:០០ ព្រឹក (ម៉ោងនៅកម្ពុជា) ដោយមាន​ការផ្សាយផ្ទាល់ជាសាធារណៈជា ៣ ភាសា គឺភាសាខ្មែរ អង់គ្លេស និងថៃ។

ការឈានដល់យន្តការ UNCLOS បានកើតឡើងបន្ទាប់​ពីភាគីថៃ​បានសម្រេចបញ្ចប់ដោយឯកតោភាគី នូវក្របខ័ណ្ឌ​ទ្វេភាគីដែលប្រទេសទាំងពីរធ្លាប់បានប្រើប្រាស់សម្រាប់ចរចាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ធ្វើឱ្យកម្ពុជាស្នើសុំ​ឱ្យមាន​ការសម្រុះសម្រួលជាកាតព្វកិច្ចនេះឡើង។

នីតិវិធីក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS គឺជាយន្តការមិនមែន​វិនិច្ឆ័យក្តីឡើយ។ គណៈកម្មការឯករាជ្យនេះមិនមាន​អំណាច​ចេញសាលក្រមបង្ខំឱ្យភាគីណាមួយអនុវត្តតាមដូចតុលាការនោះទេ ប៉ុន្តែមានតួនាទីជាអ្នកសម្របសម្រួល​ជួយឱ្យភាគីទាំង​ពីរ​ស្វែងរកចំណុចរួម និងឈានទៅរកកិច្ចព្រមព្រៀង។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស ធ្លាប់ប្រាប់បណ្ដាញព័ត៌មាន AMS ថា កម្ពុជាបានលើកយកគំរូ​ជោគ​ជ័យរវាងទីម័រខាងកើត និងអូស្ត្រាលី កាលពីឆ្នាំ២០១៨ ដែលបានប្រើប្រាស់យន្តការដូចគ្នានេះរហូតឈាន​ដល់ការ​ចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនសមុទ្រជាផ្លូវការ។

ការសម្រេចបានដំណោះស្រាយដោយយុត្តិធម៌ នឹងបើកផ្លូវឱ្យ​មានការអភិវឌ្ឍ​រួមគ្នានៅតំបន់ត្រួតស៊ីគ្នា ដែលជាប្រភព​ថាមពលប្រេង និងឧស្ម័នដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។ ជាមួយ​គ្នានេះ នីតិវិធីនេះ​គឺផ្តោត​តែ​លើតំបន់សមុទ្រត្រួត​ស៊ីគ្នាតែ​ប៉ុណ្ណោះ ដោយដាច់ដោយឡែកស្រឡះពីបញ្ហាព្រំដែនគោក​រវាងប្រទេសទាំងពីរ ហើយមិនពាក់ព័ន្ធនឹង​ការកំណត់​អធិបតេយ្យភាពតាមបណ្តោយព្រំដែនគោកឡើយ។នេះបើ​តាមក្រសួងការបរទេសបញ្ជាក់។

ក្រសួងការបរទេសបានបញ្ជាក់អំពីជំហររបស់កម្ពុជាថា កម្ពុជា​បានប្តេជ្ញាចិត្តចូលរួមក្នុងដំណើរការនេះ​ដោយសុចរិតភាព និងស្មារតីសហប្រតិបត្តិការ ក្រោមជំនឿចិត្តយ៉ាងមុតមាំលើ​ច្បាប់​អន្តរជាតិ ដើម្បីបង្កើតដំណោះស្រាយ​យូរអង្វែង និងប្រកប​ដោយយុត្តិធម៌សម្រាប់ប្រជាជាតិទាំងពីរ៕ -AMS-

ដោយ៖ទួន សុផល

អត្ថបទទាក់ទង