លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្អាកបូមខ្សាច់នៅទីតាំងបាក់ច្រាំង រង់ចាំការវាយតម្លៃបច្ចេកទេស
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាកសកម្មភាពបូមខ្សាច់ជាបណ្ដោះអាសន្ន នៅទីតាំងណាដែលកំពុងកើតមានការបាក់ច្រាំង និងមានអាជីវកម្មបូមខ្សាច់នៅក្បែរនោះ រហូតដល់អាជ្ញាធរ និងមន្ត្រីជំនាញបញ្ចប់ការសិក្សាវាយតម្លៃរកមូលហេតុច្បាស់លាស់។
បទបញ្ជានេះត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២៥ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងពេលដែលករណីបាក់ច្រាំងទន្លេ និងការចោទប្រកាន់ពាក់ព័ន្ធនឹងការបូមខ្សាច់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម។
លោក ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យចុះពិនិត្យទីតាំងបាក់ច្រាំងភ្លាមៗ ដើម្បីកំណត់ថាតើបាតុភូតនោះបណ្ដាលមកពីការបូមខ្សាច់ ចរន្តទឹក ការប្រែប្រួលធម្មជាតិ ឬកត្តាផ្សេងទៀត។
លោកបានថ្លែងថា៖ «ចំពោះទីតាំងណាដែលកំពុងតែបាក់ ហើយមានសកម្មភាពបូមខ្សាច់ សុំផ្អាកសិនទៅ។ កុំឱ្យស្មុគស្មាញ។ បើសិនជាយើងត្រូវការពីរសប្ដាហ៍ដើម្បីវាយតម្លៃ បាក់ថែមទៀត បូមនៅហ្នឹងទៀត ប្រទាក់ក្រឡាហើយ»។
លោកបានបន្ថែមថា ការផ្អាកនេះជាវិធានការបង្ការជាបណ្ដោះអាសន្ន ខណៈលទ្ធផលបច្ចេកទេសមិនទាន់អាចបញ្ជាក់មូលហេតុបាន មិនមែនជាការសន្និដ្ឋានទុកជាមុនថា រាល់ករណីបាក់ច្រាំងសុទ្ធតែបណ្ដាលមកពីការបូមខ្សាច់នោះទេ។
លោកបន្តថា៖ «បើសិនជាមិនទាន់ច្បាស់ គឺសុំផ្អាកសិនចុះ។ ឧទាហរណ៍ បាក់នៅកន្លែងហ្នឹង ហើយមានបូមនៅកន្លែងហ្នឹង ផ្អាកសិន ហើយចុះសិក្សាវាយតម្លៃឱ្យបានច្បាស់លាស់»។
តាមការណែនាំ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន និងមន្ទីររ៉ែ និងថាមពល ត្រូវសហការចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនៅទីវាល ក្រោមការដឹកនាំរបស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលរាជធានី-ខេត្ត។
ប្រសិនបើមន្ត្រីជំនាញថ្នាក់ក្រោមជាតិមិនមានសមត្ថភាព ឧបករណ៍ ឬលទ្ធភាពបច្ចេកទេសគ្រប់គ្រាន់សម្រាប់ការវាយតម្លៃ អាជ្ញាធរត្រូវស្នើសុំជំនួយពីក្រសួង និងស្ថាប័នជំនាញថ្នាក់ជាតិភ្លាមៗ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមានមន្ត្រីនៅទីតាំងកើតហេតុមានសារៈសំខាន់ ដោយអាជ្ញាធរមិនត្រូវទុកចន្លោះព័ត៌មាន ឬពន្យារពេលការឆ្លើយតប រហូតបណ្ដាលឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ឬព័ត៌មានមិនទាន់ផ្ទៀងផ្ទាត់ត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនោះទេ។
លោកថ្លែងថា៖ «កន្លែងខ្លះវាបាក់ ឥឡូវទឹកវាឡើងលឿន វាខ្លាំងផង។ កន្លែងខ្លះចរន្តវាបុកជាធម្មជាតិ តែយើងត្រូវតែមើល»។
ក្រោយទទួលបានលទ្ធផលស្រាវជ្រាវ និងការវាយតម្លៃ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយលទ្ធផល បំភ្លឺមូលហេតុ និងជម្រាបអំពីដំណោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដោយផ្ទាល់ និងទាន់ពេលវេលា។
លោក ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ថា ការបាក់ច្រាំងបានកើតឡើងទាំងនៅទីតាំងដែលមានសកម្មភាពបូមខ្សាច់ និងទីតាំងដែលមិនមានការបូមខ្សាច់។ ដូច្នេះ លោកបានស្នើឱ្យស្ថាប័នជំនាញពន្យល់សាធារណជនដោយផ្អែកលើភស្តុតាង និងការវាយតម្លៃបច្ចេកទេស ជាជាងការបដិសេធ ឬការសន្និដ្ឋានជាទូទៅ។
បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីលោកពិភាក្សាបញ្ហានេះជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានធ្វើសេចក្ដីសង្ខេបអំពីករណីបាក់ច្រាំង និងទំនាក់ទំនងដែលអាចមានជាមួយសកម្មភាពបូមខ្សាច់។
ទន្ទឹមនឹងការតម្រូវឱ្យអាជ្ញាធរឆ្លើយតបឱ្យបានរហ័ស លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីប្រុងប្រយ័ត្នចំពោះពាក្យសម្ដីក្នុងការបំភ្លឺ ដោយសារឃ្លា ឬពាក្យមួយចំនួនអាចត្រូវបានកាត់ចេញពីបរិបទ និងយកទៅចំអកលើបណ្ដាញសង្គម ដែលអាចធ្វើឱ្យសារបច្ចេកទេសបាត់បង់អត្ថន័យដើម។
លោកក៏បានជំរុញឱ្យទប់ស្កាត់ព័ត៌មានមិនពិត ដោយលើកឡើងថា ក្នុងករណីខ្លះ អ្នកប្រើប្រាស់បណ្ដាញសង្គមបានយករូបភាពបាក់ច្រាំងពីទីតាំងមួយ ទៅភ្ជាប់ជាមួយរូបភាពសាឡង់បូមខ្សាច់ពីទីតាំងផ្សេង ដើម្បីបង្កើតការយល់ឃើញថា ព្រឹត្តិការណ៍ទាំងពីរមានទំនាក់ទំនងដោយផ្ទាល់។
ទោះជាយ៉ាងណា ការទប់ស្កាត់ព័ត៌មានមិនពិតត្រូវអនុវត្តស្របគ្នាជាមួយការចុះពិនិត្យជាក់ស្ដែង ការបង្ហាញភស្តុតាង និងការប្រាប់ប្រជាពលរដ្ឋឱ្យបានច្បាស់ថា តើអាជ្ញាធរនឹងចាត់វិធានការអ្វីខ្លះចំពោះការបាក់ច្រាំង និងហានិភ័យដែលអាចកើតឡើងបន្តទៀត។
កន្លងមក ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការផ្សព្វផ្សាយនៅតាមបណ្ដាខេត្តអំពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងលក្ខខណ្ឌបច្ចេកទេសសម្រាប់អាជីវកម្មខ្សាច់។ កិច្ចប្រជុំមួយនៅខេត្តកោះកុងកាលពីថ្ងៃទី១២ ខែមិថុនា បានផ្តោតលើការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងការការពារសុវត្ថិភាពច្រាំងទន្លេ។
ក្រសួង និងអាជ្ញាធរខេត្តស្ទឹងត្រែងក៏បានពង្រឹងការគ្រប់គ្រងអាជីវកម្មខ្សាច់ ដោយផ្តោតលើចីរភាពបរិស្ថាន ការជៀសវាងការបាក់ច្រាំង និងការកាត់បន្ថយផលប៉ះពាល់លើចរន្តទឹក។
ការណែនាំថ្មីរបស់លោក ហ៊ុន ម៉ាណែត មិនបានកំណត់ឱ្យផ្អាកអាជីវកម្មបូមខ្សាច់ទូទាំងប្រទេសនោះទេ ប៉ុន្តែផ្តោតលើការផ្អាកជាបន្ទាន់នៅទីតាំងជាក់លាក់ដែលកំពុងបាក់ច្រាំង និងមានសកម្មភាពបូមខ្សាច់នៅក្បែរនោះ ដើម្បីទប់ស្កាត់ហានិភ័យបន្ថែម និងបើកផ្លូវឱ្យការវាយតម្លៃបច្ចេកទេសធ្វើឡើងដោយមិនមានសកម្មភាពបន្តរំខានដល់ទីតាំង៕
-Post Khmer-





