Grand News Asia Close

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 288
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

 

FN (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា លោក​ ហ្សាក់ ប៉ឺ​ឡេ​ (J​a​cqu​e​s ​Pellet​) នឹងអញ្ជើញសម្ពោធដាក់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់​មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល​បាន​ពលី​ជីវិត​នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ​រួម​គ្នា​រវាង​ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ​ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង​លោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។

នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម​លោក​លើក​ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល​ត្រូវ​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន​អនុញ្ញាត​ឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​បាន​ប្រកាស​ជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២។

វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋ​លេ​ខាធិការ​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ​អនុវត្ត​ជា​មួយក្រសួងវប្ប​ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នក​ដែល​ទទួល​អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថា​បត្យ​កម្មសហរចនាបថ ដោយរួម​បញ្ចូលនូវផ្នត់គំនិត​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ជា​ច្រើនសម័យកាល តាំងពីសម័យ​អង្គរដល់សម័យក្រោយអង្គរ។ ចំណុច​ពិសេស​​បំផុតនោះគឺ វិមាននេះមាន​ទស្សនៈ​មួយ​ភាគធំដូចគ្នាទៅនឹង​ប្រាសាទ​នាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។

លោបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាន​នេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាព​ដ៏ហាន​ក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្ម​ដ៏រឹង​មាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។

និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការ​យកចិត្តទុក​ដាក់​របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យ​ក្រុម​គ្រួ​សា​រ​យុទ្ធ​ជន​ដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយ​ក៏ជា​ការរៀបចំឱ្យ​សម​នឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។

ខាងក្រោមនេះជាព័ត៌មានពាក់ព័ន្ធនឹងសំណង់៖

* វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ។

* ក្រុមការងារបច្ចេកទេសបានយកបំណែកលោហធាតុដែលនៅសេសសល់ពី​ការបែកបាក់ ផ្គុំគ្នាជាមួយនឹងរូបដែលធ្វើបំពេញថ្មី ដើម្បីរក្សាបាននូវតម្លៃ​អភិ​រក្ស និងភាពជាប្រវត្តិសាស្ត្រ។

* វិមានចាស់បែរមុខទៅទិសខាងលិច។ ចំណែករូបថ្មីនេះ បែរមុខទៅទិស​ខាង​កើត ស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ឱ្យអ្នកដែលធ្វើមរណកាលទៅបាន​ទៅកើតនាឋានសុគតិភព និងជាទិសមានជ័យភូមិល្អព្រោះមាន​ទន្លេនៅ​ខាង​មុខ។

* ការសិក្សាស្រាវជ្រាវជាមួយភាគីបារាំងលោកស្រី Gaelle ROGATIONS សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៅសាលា Lycée Français René Descartes បានរកឃើញឈ្មោះអ្នកដែលមិនទាន់​បានបញ្ចូល​ក្នុង​បញ្ជី​អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ចំនួន ១០រូបបន្ថែម​ទៀត បូកនឹងបញ្ជីចាស់ដែលមានចំនួន ១៨៨រូប សរុបស្មើនឹង ១៩៨រូប ដែល​ក្នុងនោះមានទាហានបារាំងចំនួន ៣៣រូប ដែលបានធ្វើដំណើរពីកម្ពុជាទៅ​ច្បាំង​នៅគ្រានោះផងដែរ។

+ គ្រឿងទព្វសម្ភាររបស់វិមាននេះមានដូចតទៅ៖

* ខឿនវិមាន៖ សាងពីបេតុង និងថ្មក្រានីត មានរាងអដ្ឋកោណទំហំ ១៤,២០ម៉ែត្រ គុណនឹង ១៤,២០ម៉ែត្រ កម្ពស់ ១,៧០ម៉ែត្រ មានរៀបចំ​សួនផ្កា​នៅ​ថ្នាក់ខាងក្រោមខឿនប្រដូចគ្នាទៅនឹង ជើងភ្នំហេមពាន្ត នៅផ្នែកបន្ទាប់​មាន​ខឿនសាជីចំនួនបីថ្នាក់ប្រដូចទៅនឹងភ្នំព្រះសុមេរុក្នុងស្ថាបត្យកម្មខ្មែរជាទីឋានដែលមានទេវតារស់នៅ។ការរៀបចំខឿនសាជីចំនួនបីថ្នាក់នេះមាន វត្តមាន​ក្នុង​ប្រទេសកម្ពុជាយ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៧ មកម្លេះ។

* ឆ្មាំតោចំនួន៤៖ រូបរាងស្រស់សង្ហាលម្អដោយក្បាច់រចនាផ្សេងៗយ៉ាងវិចិត្រ ស្ថិតនៅលើខឿនវិមានតាមជ្រុងអនុទិសនៃវិមាន បានយកលំនាំតាមទម្រង់​សិល្បៈ ខ្មែរសម័យអង្គរសតវត្សរ៍ទី១២នៃគ.ស. ប្រភពមកពីប្រាសាទព្រះ​ថ្កោល​ខេត្តព្រះវិហារ។

* បល្ល័ង្ក៖ ដែលយកមកបំពាក់នៅលើជើងកោសវិមាននេះ គេនិយមប្រើ​ប្រាស់​ក្នុងសម័យអង្គរនៅអំឡុងសតវត្សរ៍ទី១១នៃគ.ស.។ គំរូដើមដូចគ្នាទៅនឹង​បល្ល័ង្ក​វិមាន​នេះមានប្រភពដើម មកពីប្រាសាទបុរាណជាច្រើន ក្នុងនោះរួមមាន​ប្រាសាទរោងចិន ភ្នំគូលែន, វត្តល្វាក្រាំង ស្រុកវ៉ារិន ខេត្ដសៀមរាប, វត្ដហេម​វ័ន ស្រុកវ៉ារិន ខេត្ដសៀមរាប។ល។

* ដំរីចំនួន៤៖ នៅតាមជ្រុងអនុទិសនៃវិមាន តំណាងឱ្យកម្លាំងថាមពល និង​ភាពអំណត់អត់ធន់ អាចពុះពារប្រកបកិច្ចការលំបាកផ្សេងៗឱ្យសម្រេចបាន និងជាយានជំនិះបរិបូរណ៍ទៅដោយយស។ ទស្សនៈក្នុងការសាង​រូបដំរី​នៅជ្រុង​អនុទិសគឺត្រូវបានយកលំនាំតាមប្រាសាទបាគង ជាប្រាសាទរាងសាជី​តំណាង​ឱ្យភ្នំសុមេរុ ក្នុងរាជ្យព្រះបាទឥន្ទ្រវម៌្មទេវទី១ ចុងសតវត្សរ៍ទី៩នៃគ.ស. និង​ជា​ផ្ចិតនៃរាជធានីហរិហរាល័យ, ប្រាសាទដំរី កោះកេរ សតវត្សរ៍ទីនៃ១០គ.ស.។

* តួកណ្តឹង៖ សាងពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ មានលម្អដោយចម្លាក់មនុស្ស​ដែល​បាន​បន់ស្រន់ឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាម និងការមកទទួល​អប​អរ​ស្វាគមន៍ដោយមានបុរសកាន់ឆ័ត្ររួត ស្ត្រីបីកូន និងកាយវិការផ្សេងៗ គ្រា​មាន​ជ័យជម្នះត្រឡប់ពីសង្គ្រាមប្រទេសបារាំងវិញ នៅលើតួកណ្តឹងទៀត​សោត​ក៏​មាន​ចម្លាក់ដំណាំកសិផលដូចជា ពោត ល្ង ស្រូវជាដើម ដែលប្រជាជន​ខ្មែរ​ខិត​ខំធ្វើកសិផល ដើម្បីបំពេញតម្រូវការរបស់ប្រទេសបារាំង។

* នាគជ្រុងអនុទិស៖ នាគចំនួន៤ យកលំនាំតាមទម្រង់​សិល្បៈខ្មែរ​សម័យ​អង្គរ សតវត្សរ៍ទី១២នៃគ.ស. ស្ថិតនៅជ្រុងអនុទិសផ្នែកខាងលើនៃក្បាលដំរី និង​ខាងក្រោមតួកណ្តឹង។ មើលទៅដូចជាកំពុងព័ទ្ធជុំវិញតួកណ្តឹង ការរចនានា​គ​ នៅលើដំរីតាមជ្រុងអនុទិសនៃវិមាន គឺជាការសំយោគទស្សនៈផ្ទាល់ខ្លួន​បញ្ចូល​ក្នុងសំណង់។

* រូបបដិមាទាហានខ្មែរ-បារាំង៖ កម្ពស់ ២,៨០ម៉ែត្រ ដោយរូបបារាំងដៃឆ្វេង​ដាក់​​លើស្មាទាហានខ្មែរដៃស្តាំកាន់ស្លឹកឡូរីយេ ចំណែកទាហានខ្មែរដៃទាំងពីរ​លើកឡើងលើកាន់ស្លឹកឡូរីយេ ជាស្លឹកឈើតំណាងឱ្យសន្តិភាព។ រូបបដិមា​ទាំង​ពីរនេះ តំណាងឱ្យវីរភាព ភាពក្លាហាន និងការលះបង់ខ្ពស់ ដែលបានធ្វើ​ឱ្យ​មានជ័យជម្នះនៅឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រកម្ពុជា-បារាំង៕

អត្ថបទទាក់ទង