Grand News Asia Close

កម្ពុជា-ថៃ នឹងចាប់ផ្តើមកិច្ចប្រជុំសម្រុះសម្រួលដែនសមុទ្រក្រោមយន្តការ UNCLOS នៅសិង្ហបុរី

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1007
កម្ពុជា-ថៃ នឹងចាប់ផ្តើមកិច្ចប្រជុំសម្រុះសម្រួលដែនសមុទ្រក្រោមយន្តការ UNCLOS នៅសិង្ហបុរី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើជាភ្នាក់ងារតំណាងឱ្យកម្ពុជា ព្រមទាំងដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់របស់កម្ពុជា។ រូបថត សហការី

ភ្នំពេញៈ កម្ពុជា និងថៃនឹងចូលរួមកិច្ចប្រជុំលើកដំបូងជាមួយគណៈកម្មការសម្រុះសម្រួលក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ដោយបើកផ្លូវថ្មីមួយតាមយន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែកញ្ញាថា គណៈកម្មការសម្រុះសម្រួលដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនជាមួយកម្ពុជា និងថៃ បន្ទាប់ពីការប្រកាសរបស់តុលាការអចិន្ត្រៃយ៍នៃមជ្ឈត្តកម្ម។

កម្ពុជាបានស្វាគមន៍កិច្ចប្រជុំនេះថា ជាជំហានបន្ទាប់ដ៏សំខាន់ឆ្ពោះទៅរកដំណោះស្រាយនៃវិវាទដែនសមុទ្រ និងអាចបើកឱកាសក្នុងការទាញយកធនធានប្រេង និងឧស្ម័នដ៏សំខាន់ សម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើជាភ្នាក់ងារតំណាងឱ្យកម្ពុជា ព្រមទាំងដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់របស់កម្ពុជា។

លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងចូលរួមក្នុងឋានៈជាភ្នាក់ងាររង។

ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍បើកនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា ឬម៉ោង៩ព្រឹក ម៉ោងនៅសិង្ហបុរី។ កម្មវិធីនេះនឹងបើកជាសាធារណៈ និងផ្សាយផ្ទាល់ជាភាសាខ្មែរ អង់គ្លេស និងថៃ។

លោក ប្រាក់ សុខុន នឹងធ្វើសេចក្តីថ្លែងការណ៍បើកក្នុងនាមកម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា៖ «កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមដោយកម្ពុជា ដើម្បីដោះស្រាយភាពខុសគ្នាផ្នែកដែនសមុទ្ររវាងប្រទេសទាំងពីរ»។

យោងតាមសេចក្តីថ្លែងការណ៍ កម្ពុជាបានស្នើសុំឱ្យមានការសម្រុះសម្រួលជាកាតព្វកិច្ច បន្ទាប់ពីថៃបានបញ្ចប់ដោយឯកតោភាគីនូវក្របខ័ណ្ឌទ្វេភាគីដែលបានព្រមព្រៀងគ្នា និងដែលប្រទេសទាំងពីរបានប្រើប្រាស់សម្រាប់ចរចាលើការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាអស់រយៈពេលជាងពីរទសវត្សរ៍។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ឈ្មោះក្របខ័ណ្ឌទ្វេភាគីនោះ ឬផ្តល់ព័ត៌មានលម្អិតថា តើថៃបានបញ្ចប់ក្របខ័ណ្ឌនេះនៅពេលណានោះទេ។

ការសម្រុះសម្រួលជាកាតព្វកិច្ចក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS គឺជានីតិវិធីមិនមែនវិនិច្ឆ័យក្តី។ ខុសពីតុលាការ ឬសាលាមជ្ឈត្តកម្ម គណៈកម្មការសម្រុះសម្រួលមិនចេញសាលក្រមចងកាតព្វកិច្ចលើភាគីទាំងពីរឡើយ ប៉ុន្តែគណៈកម្មការឯករាជ្យនឹងជួយភាគីពាក់ព័ន្ធស្វែងរកចំណុចរួម និងឈានទៅរកដំណោះស្រាយដោយសន្តិវិធី។

ដូច្នេះ នីតិវិធីនេះមិនអាចកំណត់ព្រំដែនសមុទ្រដោយខ្លួនឯងបានទេ។ ប្រសិទ្ធភាពរបស់វានឹងអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាលទាំងពីរក្នុងការសហការ និងចរចាដោយផ្អែកលើដំណើរការ និងអនុសាសន៍ដែលគណៈកម្មការអាចដាក់ចេញ។

កម្ពុជាបានលើកយកករណីទីម័រខាងកើត និងអូស្ត្រាលីជាគំរូនៃភាពជោគជ័យក្នុងការប្រើប្រាស់យន្តការនេះ។ ដំណើរការសម្រុះសម្រួលរវាងប្រទេសទាំងពីរបានបញ្ចប់ដោយការចុះហត្ថលេខាលើសន្ធិសញ្ញាមួយសម្រាប់បង្កើតព្រំដែនសមុទ្ររបស់ពួកគេក្នុងឆ្នាំ២០១៨។

ក្រសួងការបរទេសបានបង្ហាញក្តីសង្ឃឹមថា យន្តការដូចគ្នានេះអាចជួយឱ្យកម្ពុជា និងថៃសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែងចំពោះភាពខុសគ្នាផ្នែកដែនសមុទ្រ។

ការឈានដល់ដំណោះស្រាយក៏អាចបើកឱកាសឱ្យមានការអភិវឌ្ឍធនធានប្រេង និងឧស្ម័ននៅក្នុងតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា ដែលកម្ពុជាចាត់ទុកថា មានសារៈសំខាន់នៅក្នុងដំណាក់កាលដ៏ចាំបាច់សម្រាប់សន្តិសុខថាមពលក្នុងតំបន់។

ក្រសួងបានបញ្ជាក់ថា៖ «កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋដោយសន្តិវិធី»។

ក្រសួងបន្ថែមថា កម្ពុជានឹងចូលរួមក្នុងនីតិវិធីនេះដោយសុចរិតភាព និងក្នុងស្មារតីសហប្រតិបត្តិការ ដោយមានជំនឿទុកចិត្តពេញលេញលើគណៈកម្មការសម្រុះសម្រួល។

វិវាទដែនសមុទ្រនេះដាច់ដោយឡែកពីបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ នីតិវិធីនាពេលខាងមុខផ្តោតលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងមិនគួរត្រូវបានយល់ថា ជាដំណើរការកំណត់អធិបតេយ្យភាពលើតំបន់មានជម្លោះតាមបណ្តោយព្រំដែនគោកនោះទេ។

កិច្ចប្រជុំនៅសិង្ហបុរីនឹងផ្តល់សញ្ញាដំបូងអំពីរបៀបដែលភាគីទាំងពីរមានបំណងចូលរួមជាមួយគណៈកម្មការសម្រុះសម្រួល និងថាតើយន្តការនេះអាចធ្វើឱ្យកិច្ចចរចាមានខ្លឹមសាររស់ឡើងវិញបានដែរឬទេ បន្ទាប់ពីការបញ្ចប់ក្របខ័ណ្ឌទ្វេភាគីពីមុន៕

Post Khmer

អត្ថបទទាក់ទង