Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1013
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងពីប្រទេសបារាំងថា ថ្ងៃនេះនៅលើទឹកដីបារាំង ចំពោះការតាំងពិពណ៌រូបថតសារព័ត៌មានបារាំង Le Figaro របស់លោក Jean-Luc Moreau Deleris ពីសង្រ្គាមឈ្លានពានថៃមកលើកម្ពុជា ក្នុងមហោស្រពរូបថតកាសែត Visa pour l’image ក្នុងទីក្រុង Perpignan ប្រទេសបារាំងពី​ថ្ងៃទី២៩ សីហា រហូតដល់ថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីល្បាញមួយនៅប្រទេសបារាំង ដោយបាននាំយករូបភាពពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ព្រមទាំងការបាញ់បំផ្លិចបំផ្លាញប្រាសាទបុរាណ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក និងសម្បែងរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ មកលាតត្រដាងឲ្យពិភពលោកឃើញពីទង្វើដ៏ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌របស់ទាហានសៀមមកលើកម្ពុជាក្នុងពេលនេះ។

លោក រ័ត្ន សណ្តាប់ យល់ថា ការតាំងពិពណ៌រូបថតរបស់សារព័ត៌មានLe Figaro ដែលបានចុះផ្ដិតផ្ទាល់ភ្នែកជាក់ស្ដែងនៅតាមទីតាំង ដែលថតចេញពីកាមេរ៉ាលើសមរភូមិសង្គ្រាមផ្ទាល់ ដ៏ឃោរឃៅទាំងនេះ មិនត្រឹមតែជារូបថតបង្ហាញពីការបំផ្លិចបំផ្លាញពីមរតកបេតិកភណ្ឌពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងស៊ីវិល័យបាក់បែក បង្កឡើងពីកងទ័ពថៃឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃ សាហាវយង់ឃ្នងប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃអំពើវិនាសកម្មដែលរដ្ឋថៃឈ្លានពាន បានប្រព្រឹត្តនិងបំផ្លាញទៅលើសមិទ្ធផលអរិយធម៌របស់មនុស្សជាតិ ដោយបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋថៃនេះគឺជា “រដ្ឋបំផ្លាញអរិយធម៌មនុស្សជាតិ” ។ ដោយការប្រើប្រាស់កម្លាំងបាយដើម្បីកម្ទេចមរតកមនុស្សជាតិ, ជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស៊ីវិល័យទាំងកំរោល គឺជាការដើរថយក្រោយទៅរកយុគសម័យកាចសាហាវគ្មានច្បាប់ទម្លាប់។

បានន័យថា ពិពណ៌រូបថតទាំងនេះ ជានិមិត្តរូបនិងជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់់និងស៊ីជម្រៅអំពីរដ្ឋថៃឈ្លានពាន ទាំងក្នុងទិដ្ឋភាពជាក់ស្ដែងនៃប្រវត្តិសាស្ត្រពីការធ្លាក់ចុះនៃតម្លៃមនុស្សធម៌ ដោយរូបថតសង្គ្រាមទាំងនេះបង្ហាញថា រដ្ឋថៃឈ្លានពានបានបោះបង់ចោលនូវសីលធម៌ និងតម្លៃអរិយធម៌មនុស្សជាតិជាសកល។ ព្រោះជាញឹកញាប់ រដ្ឋថៃឈ្លានពានតែងតែស្រែកយ៉ាងក្ដែងៗ ក្រោមស្លាកពាក្យបាំងមុខ ដ៏គួឲ្យអស់សំណើចថា រដ្ឋខ្លួនជារដ្ឋរងគ្រោះ ប៉ុន្តែរូបថតសារព័ត៌មានពិត ស្អាតស្អំឥតក្លែងបន្លំរបស់ Le Figaro បានលាតត្រដាងការពិតពីទង្វើអាក្រក់ និងពុតត្បុតដ៏ពិសពុលដល់ចរិតមាយា របស់ជាតិសាសន៍ថៃក្នុងខ្សែភាពយន្តថៃ។

​លោក រ័ត្ន សណ្តាប់ បន្ដថា ហេតុនេះចំពោះរូបថតទាំងនេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រមិនអាចលុបបាន រូបថតនីមួយៗ ដើរតួជាសាក្សីប្រវត្តិសាស្ត្រឥតលំអៀង ជាឯកសារប្រវត្តិសាស្ត្ររស់ ដែលកត់ត្រានូវព្រឹត្តិការណ៍ជាក់ស្ដែងពិតៗនៃឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភបំពានពីសំណាក់រដ្ឋថៃមកលើកម្ពុជាស្លូតត្រង់។ រូបថតនីមួយៗ ដើតួជាអ្នករក្សាទុកនូវការពិតកុំឲ្យពេលវេលា ឬការកែប្រែប្រវត្តិសាស្ត្រ បំភ្លៃបិទបាំងបានដោយរដ្ឋឈ្លានពាន និយាយឲ្យខ្លីគឺដើម្បីការពារប្រវត្តិសាស្ត្រមិនឲ្យរដ្ឋថៃឈ្លានពានបំភ្លៃកែប្រែបាន។ ​

​ដូច្នេះហើយ រូបថតដែលបានផ្ដិតពីសង្គ្រាមឈ្លានពានរបស់រដ្ឋថៃ មកលើកម្ពុជា ជាមរតកប្រវត្តិសាស្ត្រមួយ ដោយកំណត់អត្តសញ្ញាណរដ្ឋថៃឈ្លានពាន ក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោកនាដើមស.វ.ទី២១ ដោយរូបភាពទាំងនេះ ចារឹកឈ្មោះរដ្ឋថៃឈ្លានពានក្នុងលក្ខណៈជារដ្ឋព្រៃផ្សៃ ជារដ្ឋដែលបំពានច្បាប់អន្តរជាតិ អធិបតេយ្យភាព សន្តិភាពរបស់មនុស្សជាតិ និងបានរំលឹកមនុស្សជាតិអំពីតម្លៃថ្លៃថ្នូរនៃសន្តិភាព និងផលវិបាកដ៏ជូរចត់ដែលបង្កឡើងដោយមហិច្ឆតាពីរដ្ឋថៃឈ្លានពានបង្កការឈឺចាប់ដល់កុមារ និងជនស៊ីវិល ហើយបង្ខំឲ្យពិភពលោកឈប់មើលរំលងភាពអមនុស្សធម៌ បង្កើតជាចលនាប្រឆាំងសង្គ្រាមឈ្លានពាន និងទាមទារឲ្យមានសន្តិភាព។

ដោយហេតុថា ការតាំងពិពណ៌រូបថតទាំងនោះ បានបករបាំងមុខរបស់រដ្ឋថៃឈ្លានពាន ដោយបង្ហាញទៅពិភពលោកថា ទោះបីជារដ្ឋនោះមានលទ្ធភាព មានបច្ចេកវិទ្យា ឬសេដ្ឋកិច្ចជឿនលឿនយ៉ាងណាក៏ដោយ ក៏សកម្មភាពឈ្លានពានមកលើរដ្ឋដទៃ គឺជាសញ្ញានៃភាពក្រីក្រខាងស្មារតីសីលធម៌ អរិយធម៌ និងជាស្នាមប្រឡាក់ឈាមក្នុងប្រវត្តិសាស្ត្រដែលមិនអាចលាងជម្រះឬលុបបំបាត់បានឡើយ។ រូបថតទាំងនេះ បានលាតត្រដាងពីឧក្រិដ្ឋកម្មសង្គ្រាម ការរំលោភសិទ្ធិមនុស្ស ការបំផ្លាញមរតកបេតិកភណ្ឌពិភពលោក គឺជាភស្តុតាងដ៏សំខាន់សម្រាប់តុលាការអន្តរជាតិ ក្នុងការកាត់ទោសអ្នកប្រព្រឹត្តល្មើស និងជាការដាស់តឿនដល់អ្នកដឹកនាំពិភពលោក ឲ្យទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន។

ដូច្នេះ​ពិពណ៌រូបថតសារព័ត៌មាន Le Figaro ទាំងនេះ មិនមែនគ្រាន់តែបង្ហាញនិងលាតត្រដាងពីភាពឃោរឃៅរបស់រដ្ឋថៃឈ្លានពានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចងចាំ និងផ្តល់កិត្តិយសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត ឬរងទុក្ខវេទនា ​ដ៏ជូរចត់បង្កដោយសង្គ្រាមថៃឈ្លានពានមួយនេះ ដើម្បីកុំឲ្យពិភពលោកភ្លេចភ្លាំងឈ្មោះ និងរឿងរ៉ាវដ៏អាស្រូវរបស់ពួកគេ ដើម្បីជៀសវាងការប្រព្រឹត្តកំហុសឆ្គងប្រវត្តិសាស្ត្រសារជាថ្មី៕

-Fresh News-

អត្ថបទទាក់ទង