Grand News Asia Close

វិភាគអន្តរជាតិ​៖ អាមេរិកអាចចូលបូមប្រេងវ៉េណេស៊ុយអេឡា តើតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះឬ?

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1015
វិភាគអន្តរជាតិ​៖ អាមេរិកអាចចូលបូមប្រេងវ៉េណេស៊ុយអេឡា តើតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះឬ? វិភាគអន្តរជាតិ​៖ អាមេរិកអាចចូលបូមប្រេងវ៉េណេស៊ុយអេឡា តើតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះឬ?

(វ៉ាស៊ីនតោន)៖ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងដ៏ធំំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រជាមួយ វ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកបានអះអាងថាកិច្ចព្រមព្រៀងនេះនឹងបង្កើនប្រេងបម្រុងអាមេរិកលើសទ្វេដង ហើយនឹងជួយបញ្ចុះតម្លៃប្រេងឥន្ធនៈសម្រាប់ប្រជាជនអាមេរិកទាំងអស់។ វ៉េណេស៊ុយអេឡាជាប្រទេសមានប្រេងឆៅបម្រុងធំជាងគេបំផុតនៅលើពិភពលោក។ បើតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក ប្រេងឆៅបម្រុងរបស់ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ត្រូវបានវាយតម្លៃថាមានរហូតដល់ទៅជាង ៣០៣ពាន់លានបារ៉ែល ឬស្មើនឹង១៧ភាគរយនៃប្រេងឆៅបម្រុងរបស់ពិភពលោក។ ក៏ប៉ុន្តែប្រេងឆៅវ៉េណេស៊ុយអេឡាជាប្រភេទប្រេងធ្ងន់ ឬខាប់ និងសម្បួរដោយស្ពាន់ធ័រ ដែលធ្វើឱ្យការទាញយក និងចម្រាញ់ត្រូវចំណាយច្រើន។

បើទោះជាបណ្ដារោងចក្រចម្រាញ់ប្រេងអាមេរិកមានសមត្ថភាពចម្រាញ់ប្រេងឆៅវ៉េណេស៊ុយអេឡាក៏ពិតមែន តែក្រុមអ្នកវិភាគបានព្រមានថាក្នុងលក្ខខណ្ឌជាក់ស្ដែង កិច្ចព្រមព្រៀងរបស់វ៉ាស៊ីនតោនជាមួយទីក្រុងការ៉ាកាសនឹងមិនអាចជួយបញ្ចុះតម្លៃប្រេងឆៅនៅក្នុងសហរដ្ឋអាមេរិកបានភ្លាមៗ ឬក្នុងរយៈពេលខ្លីនោះទេ។

* តើមានអ្វីខ្លះក្នុងកិច្ចព្រមព្រៀងប្រេងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា?
កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋបាលលោក ត្រាំ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង ៦៥ពាន់លានបារ៉ែលនៃប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា ឬស្មើនឹង១ភាគ៥នៃប្រេងបម្រុងសរុបរបស់ប្រទេសមួយនេះ។ សហរដ្ឋអាមេរិកនឹងបង្កើតការវិនិយោគរួមមួយដោយមានការចូលរួមពីបណ្ដាក្រុមហ៊ុនឯកជន ជាមួយក្រុមហ៊ុនប្រេង North American Blue Energy Partners (NABEP) គ្រប់គ្រងដោយមហាសេដ្ឋីវ៉េណេស៊ុយអេឡា លោក Alejandro Betancourt ជាអតីតសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Hugo Chavez។ NABEP គឺជាប្រតិបត្តិករប្រេងដ៏ធំលំដាប់ទី២ ក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីក្រុមហ៊ុនប្រេងអាមេរិក Chevron ដែលត្រូវបានគេរំពឹងថាក៏នឹងពង្រីកប្រតិបត្តិការរុករកប្រេងរបស់ខ្លួននៅវ៉េណេស៊ុយអេឡាផងដែរ។

នៅក្រោមកិច្ចព្រមព្រៀងនេះ ការិយាល័យមូលធនយុទ្ធសាស្ត្រនៃមន្ទីរបញ្ចកោណមានសិទ្ធិក្ដាប់ភាគហ៊ុន ៣៥ភាគរយនៅក្នុងក្រុមហ៊ុន NABEP។ សេតវិមានបានឱ្យដឹងថាប្រេងឆៅរាប់លានបារ៉ែលរបស់វ៉េណេស៊ុយអេឡានឹងត្រូវបានចម្រាញ់ដោយរោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក ហើយត្រូវបូមដោយប្រើម៉ាស៊ីនខួង និងហេដ្ឋារចនាសម្ព័ន្ធអាមេរិកដែលនឹងគាំទ្រដល់ការវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងជួយបង្កើតការងាររាប់ពាន់កន្លែង។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏នឹងទទួលបានសិទ្ធិទិញ២០ភាគរយ នៃប្រេងដែលត្រូវបានផលិតក្នុងតម្លៃដើមផងដែរ។ ការវិនិយោគរួមគ្នាជាមួយ NABEP មានសមត្ថភាពផលិតប្រេងឆៅ ២០០ ០០០បារ៉ែលក្នុងមួយថ្ងៃ ដោយនឹង ជួយបង្កើនការផលិតរបស់សហរដ្ឋអាមេរិក ខណៈការបិទខ្ទប់របស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងសកលឡើងថ្លៃ រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។

* តើតម្លៃប្រេងឆៅធ្លាក់ចុះ ចាប់តាំងពីកិច្ចព្រមព្រៀងត្រូវបានប្រកាសឬ?
បើតាមក្រុមអ្នកវិភាគ តម្លៃប្រេងឆៅអាមេរិកបានកើនឡើង​ ចាប់តាំងពីលោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងប្រេងជាមួយវ៉េណេស៊ុយអេឡា។ លោក Johannes Rauball ជាអ្នកវិភាគម្នាក់ពីប្រេងឆៅមកពីក្រុមហ៊ុន Kpler បានកត់សម្គាល់ថានៅមុនការប្រកាសកិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងការ៉ាកាស ប្រេងឆៅអាមេរិកប្រភេទ US West Texas Intermediate ឬ WTI ត្រូវបានជួញដូរក្នុងតម្លៃ ៨៣ ទៅ៨៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅពិភពលោកប្រភេទ Brent មានតម្លៃ ៨៥ ដល់៨៨ដុល្លារក្នុងមួយបារ៉ែល។

លោកបន្ថែមថាប៉ុន្តែចាប់តាំងពីការប្រកាសកិច្ចព្រមព្រៀងមក តម្លៃប្រេងបានហក់ឡើងថ្លៃ ដោយប្រេងឆៅ WTI ឡើងដល់ខ្ពស់ជាង ៩០ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅប្រភេទ Brent ហក់ឡើងថ្លៃដល់ ៩៥ដុល្លារក្នុងមួយបារ៉ែល។ តាមអ្នកវិភាគរូបនេះ ការឡើងថ្លៃប្រេងគឺមានកត្តាចម្បងបណ្ដាលមកពីហានិភ័យនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងផលរំខានធ្ងន់ធ្ងរដល់ការដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រេងឆៅ WTI បានឡើងថ្លៃ ៦១សេន ឬ០,៧ភាគរយ ពោលគឺឡើងដល់៩០,៨៣ដុល្លារក្នុងមួយបារ៉ែល។

* ហេតុអ្វីប្រេងឆៅអាមេរិក ឬតម្លៃហ្គាសមិនទាន់ធ្លាក់ថ្លៃ?
បើតាមលោក Rauball បើទោះជាកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា អាចនឹងធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ និងអារម្មណ៍ល្អ ចំពោះទីផ្សារក្នុងរយៈពេលវែងក៏ដោយ ក៏តម្លៃប្រេងក្នុងរយៈពេលខ្លីទំនងជានឹងមិនធ្លាក់ថ្លៃទេ ដោយសារតែការទាញ ឬបូមយកប្រេងចេញពីក្រោមដីក្នុងវ៉េណេស៊ុយអេឡាមានភាពស្មុគស្មាញ និងលំបាក។ លោក Rauball បានព្យល់ទៀតថាគេអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីអាចឱ្យកិច្ចព្រមព្រៀងនេះសម្រេចបានលទ្ធផលល្អដល់ការបង្កើនការផលិត។ ក៏ព្រោះតែហេដ្ឋារចនាសម្ព័ន្ធចាស់ស្ទើរហួសសម័យ ជាពិសេសគឺប្រព័ន្ធបំពង់បូមប្រេងដែលមានសភាពចាស់ទ្រុឌទ្រោម មិនមានប្រព័ន្ធអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ និងខ្វះខាតឧបករណ៍កែច្នៃប្រេងឆៅប្រភេទធ្ងន់ ឬខាប់។

តាមលោក Rauball ខណៈរោងច្រកចម្រាញ់ប្រេងអាមេរិកមានសមត្ថភាពចម្រាញ់ប្រេងឆៅវ៉េណេស៊ុយអេឡា ក៏វាមិនមែនមានន័យថាក្នុងរយៈពេលខ្លី តម្លៃប្រេងនៅតាមស្ថានីយលក់ប្រេងនឹងធ្លាក់ថ្លៃនោះទេ ដ្បិតរោងចក្រចម្រាញ់ប្រេងអាមេរិកនៅតែត្រូវកំណត់ថាតើប្រេងចំនួនប៉ុន្មានដែលពួកគេត្រូវ ឬអាចចម្រាញ់បាន។

* តើនរណាជាអ្នកចំណេញពិតប្រាកដ?
ទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡាសុទ្ធតែបានអះអាងដូចគ្នាពីការទទួលបានផលចំណេញពីកិច្ចព្រមព្រៀងប្រេង។ ប៉ុន្តែក្រុមអ្នកជំនាញមើលឃើញថាអ្នកដែលចំណេញពិត គឺបណ្ដាក្រុមហ៊ុនប្រេងអាមេរិក។ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានប្រកាស ភាគហ៊ុនរបស់ក្រុមហ៊ុន Chevron ជាក្រុមហ៊ុនប្រេងធំតែមួយគត់របស់សហរដ្ឋអាមេរិកដែលកំពុងធ្វើប្រតិបត្តិការរកស៊ីក្នុងប្រទេសវ៉េណេស៊ុយអេឡា បានហក់ឡើង ២,២ភាគរយ ឬឡើងដល់ ២០៦,២០ដុល្លារ នៅឯទីផ្សារភាគហ៊ុន Dow Jones។

កាលពីថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានឱ្យដឹងថាក្រុមហ៊ុនប្រេងជាច្រើនរបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃ ក៏ត្រូវបានរំពឹងដែរថានឹងចុះកិច្ចព្រមព្រៀងប្រេងជាច្រើនក្នុងទីក្រុងការ៉ាកាសក្នុងសប្ដាហ៍នេះ ហើយដែលនេះនឹងជួយបង្កើនការផលិតប្រេងឆៅរបស់វ៉េណេស៊ុយអេឡា។ ក្រុមហ៊ុនទាំងនោះរួមមាន Chevron ក្រុមហ៊ុន Eni របស់អ៉ីតាលី ONGC មកពីឥណ្ឌា GeoPark របស់កូឡុំប៊ូ និង GE Vernova មកពីសហរដ្ឋអាមេរិក។

តែយ៉ាងណាក៏ដោយ លោក Frederic Schneider ជាអ្នកជំនាញម្នាក់មកពី Middle East Council on Global Affairs បាននិយាយថារូបលោកមិនរំពឹងទេថាបណ្ដាក្រុមហ៊ុនប្រេងជាច្រើនទៀតនឹងប្រញាប់ប្រញាល់បោះទុនវិនិយោគក្នុងឧស្សាហកម្មប្រេងវ៉េណេស៊ុយអេឡា។ លោកពន្យល់ថាការឡើងថ្លៃប្រេងដោយសារសង្រ្គាមអ៉ីរ៉ង់ បានធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះយ៉ាងខ្លាំងដែលបានដាក់សម្ពាធលើតម្លៃប្រេងឆៅប្រភេទ WTI។ បើតាមអ្នកជំនាញរូបនេះ ដោយសារតែការព្យាករពីភាពមិនច្បាស់លាស់ខ្ពស់ពេកនៃតម្រូវការ ព្រមទាំងការផលិតប្រេង ក្នុងតំបន់ឈូងសមុទ្រពែក្សអាចនឹងវិលត្រឡប់ទៅរកភាពប្រក្រតីនៅពេលណាមួយ គ្មានក្រុមហ៊ុនណាដែលចង់កាន់លុយ ១០០ពាន់លានដុល្លារទៅវិនិយោគក្នុងប្រទេសមួយដែលមានហានិភ័យខ្ពស់ និងមិនទាន់មានស្ថិរភាពនយោបាយដូចជាវ៉េណេស៊ុយអេឡាឡើយ៕

-Fresh News-

អត្ថបទទាក់ទង