ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើសកម្មភាពរបស់ភាគីថៃនាពេលបច្ចុប្បន្ន ស្របទៅនឹងការអំពាវនាវរបស់ខ្លួនដែលចង់ឱ្យភាគីទាំងពីរប្រើប្រាស់យន្តការដែលបានព្រមព្រៀងគ្នា ដែរឬទេ?
ចម្លើយ៖ សកម្មភាពរបស់ភាគីថៃនាពេលបច្ចុប្បន្ន មិនស្របទៅនឹងការអំពាវនាវរបស់ខ្លួននោះទេ។ ការប្រើប្រាស់យន្តការដែលបានព្រមព្រៀងគ្នា ត្រូវការការអនុវត្តដោយស្មោះត្រង់ និងការគោរពការប្តេជ្ញាចិត្តដែលមានស្រាប់។ ភាគីថៃមិនអាចអំពាវនាវឱ្យមានការចរចា និងការកសាងទំនុកចិត្ត ខណៈដែលសកម្មភាពជាក់ស្តែងរបស់ខ្លួននៅលើដីនៅតែបន្តបង្កើនភាពតានតឹង ឬផ្លាស់ប្តូរស្ថានភាពនៅតំបន់មានជម្លោះបានឡើយ។ ម្យ៉ាងទៀត ភាគីថៃនិយាយថា គោរពសេចក្តីប្រកាសរួមថ្ងៃទី ២៧ ធ្នូ ២០២៥ និងចង់ឱ្យមានការចរចាទ្វេភាគី ដោយស្មោះត្រង់ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ នៅលើការពិតជាក់ស្តែង ភាគីថៃមិនដែលឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់កម្ពុជាម្តងណាឡើយ។
សំណួរទី២៖ តើកម្ពុជាមានភស្តុតាងអ្វីខ្លះដែលបង្ហាញថា ថៃបានបន្តរំលោភបំពានមកលើអធិបតេយ្យភាពទឹកដីកម្ពុជា?
ចម្លើយ៖ កម្ពុជាផ្អែកលើភស្តុតាង និងអង្គហេតុដែលបានកើតឡើងជាក់ស្តែងនៅលើដី និងត្រូវបានភាគីពាក់ព័ន្ធ ក៏ដូចជាសហគមន៍អន្តរជាតិបានឃើញ និងកត់ត្រាផងដែរ។ ជាពិសេស ការបន្តវត្តមាន និងសកម្មភាពរបស់កងកម្លាំងថៃនៅតំបន់មានជម្លោះ ការដាក់កម្លាំង និងសម្ភារៈយោធា ការដាក់របាំង ឬឧបសគ្គ និងការផ្លាស់ប្តូរស្ថានភាពនៅលើដីជាឯកតោភាគី។
ជាមួយគ្នានេះ សកម្មភាពទាំងនេះក៏ត្រូវបាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងបានឃើញដោយផ្ទាល់នៅតាមទីតាំងពាក់ព័ន្ធ។ ដូច្នេះ វាមិនមែនជាការអះអាងរបស់កម្ពុជាតែម្ខាងនោះទេ ប៉ុន្តែជាអង្គហេតុដែលបានពិនិត្យ និងផ្ទៀងផ្ទាត់តាមរយៈយន្តការអន្តរជាតិ និងភស្តុតាងដែលមានស្រាប់។
សំណួរទី៣៖ ភាគីថៃបានអះអាងថាគោលដៅពិតប្រាកដរបស់ខ្លួនគឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ដូច្នេះតើភាគីថៃគួរអនុវត្តវិធានការអ្វីខ្លះ?
ចម្លើយ៖ ប្រសិនបើថៃពិតជាមានបំណងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ថៃគួរបង្ហាញការប្តេជ្ញាចិត្តតាមរយៈសកម្មភាពជាក់ស្តែង ដោយគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បញ្ឈប់សកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពនៅលើដី និងមិនបង្កើតស្ថានភាពថ្មីជាឯកតោភាគី។
ជាមួយគ្នានេះ ថៃគួរគោរពការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយចូលរួមដោយស្មោះត្រង់ក្នុងយន្តការដែលបានព្រមព្រៀងគ្នា ដើម្បីឱ្យបញ្ហាអធិបតេយ្យភាព និងព្រំដែនត្រូវបានដោះស្រាយតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី ជាពិសេសគឺការឆ្លើយតបនឹងសំណើររបស់គណៈកម្មការ JBC ភាគីកម្ពុជាដើម្បីបើកកិច្ចប្រជុំពិសេស JBC និងចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែងឱ្យបានឆាប់បំផុត៕





