Grand News Asia Close

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 744
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមកា​រងារ​របស់​រាជរដ្ឋា​ភិបាល​ទទួល​បន្ទុកការ​អនុវត្ត​មុខ​ងារ​សេស​សល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា(អ.វ.ត.ក.) បានដាក់​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរី របស់ អ.វ.ត.ក. នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការចូលរួមពី ឯក​អគ្គរដ្ឋ​ទូត​ប្រទេស បារាំង ជប៉ុន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និង​អ្នក​សម្រប​សម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក. ផងដែរ។

ក្នុង​ឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ក្រោយពីបានបញ្ចប់​ដំណើរការ​កាត់ក្តី​ប្រកប​ដោយជោគជ័យកាលពីចុងឆ្នាំ២០២២ និងដោយមានការគាំទ្រ និង​ទទួល​ស្គាល់​ពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានបន្សល់​ទុកនូវកេរ​ដំណែល​ដ៏ល្អនៅ​ក្នុង​សង្គម​កម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ,
ការ​ស្វែង​រក​ការ​ពិត, ការពង្រឹងនីតិរដ្ឋ, ការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់​នូវ​វប្បធម៌​និទណ្ឌភាព​ចំពោះ ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់​រង្គាល​នូវជីវិ​ត​ប្រជាជន​កម្ពុជា​ជាង ៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងកា​រ​ទប់​ស្កាត់ការ​វិល​ត្រលប់​មកវិញ​នៃរបបដ៏សាហាវយង់ឃ្នងនេះ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ជាមួយនឹង​ធនធាន​នៃ​សំណុំ​រឿង​ដែល​មាន​បទ​ពិសោធន៍​យ៉ាង​ច្រើន និងយុត្តិសាស្ត្រនានា ដែលទទួលបានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. កម្ពុជាក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈ​ការផ្ទេរ​ចំណេះ​ដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្រប​តាម​ទិសដៅ​ប្រែក្លាយ​កម្ពុជា​ពីប្រទេស​ធ្លាប់រៀនសូត្រពីគេ ទៅជាប្រទេសដែលគេមករៀនសូត្រវិញម្តង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងដែរថា ក្នុងនាមរាជរដ្ឋាភិបាល
និង​ក្នុងនាមលោកផ្ទាល់ លោកវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល អ.វ.ត.ក. សម្រេចបាន ទាំង​ផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ និងក៏បាន​អរគុណ​ដល់ភាគី​អង្គការ​សហ​ប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបាន​ផ្ដល់ការគាំ​ទ្រដល់​ដំណើរ​ការកាត់​សេចក្ដី​ទៅដោយ​រលូន
, ទាន់ពេលវេលា និងទទួលបានជោគជ័យ។ ឯកឧត្តម បានលើក​ឡើង​យ៉ាង​ដូច្នេះថា៖ «ខ្ញុំគិតថា នេះជាជោគជ័យរួមរបស់រាជរដ្ឋាភិបាល, អង្គការ​សហ​ប្រជា​ជាតិ,
និងសហគមន៏ អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះ ក្លាយ​ជាតុលាការ​គំរូមួយ
សម្រាប់ឱ្យប្រទេសនានាក្នុងតំបន់ និងសកលលោកសិក្សា និងយក​ធ្វើជាគំរូ​ក្នុង​ការ​បង្កើតតុលាការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុ​ស្វែង​រកស​ន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង
»

ឯកឧត្តម វង្សី វិស្សុត បានបន្តទៀតថា ទោះបីជាដំណើរការជម្រះក្ដីរបស់ អ.វ.ត.ក.
ត្រូវបាន​បិទបញ្ចប់ជាស្ថាពរក្ដី តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានបន្ត​ផ្ដល់​ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម
«កិច្ច​ព្រម​ព្រៀងបន្ថែមស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់​ការងារ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ រួមមាន ការងារគតិយុត្តិ មួយចំនួន, ការ​ថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិ
និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន ក្នុង​នោះ​រួម​ទាំងការ​បង្កើតឱ្យមាន
«មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា
និង​លើក​កម្ពស់កេរដំណែល ពាក់ព័ន្ធនឹងបណ្ណសារនៃអង្គជំនុំគម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បី​អនុញ្ញាតឱ្យសាធារណជនអាចចូលមើល និងសិក្សា​ស្វែង​យល់​ពីប្រវត្តិសាស្ត្រ​ដ៏ខ្មៅងងឹត​របស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗចំនួន៦ រួមមាន ទី១.
បណ្ណាល័យ និងកន្លែងស្រាវជ្រាវ ទី២. គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព
, ទី៣. និហិតដ្ឋានបណ្ណសារ (Archives Repository), ទី៤. បន្ទប់​ប្រើប្រាស់​ពហុ​បំណង​សម្រាប់
រៀបចំសិក្ខាសាលានិងតុលាការត្រាប់(
Moot Court), ទី៥. បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍, និងទី៦. ឧទ្យានសម្រាប់ការចងចាំ។

ក្នុង​ចំណោមសមាសភាគសំខាន់ៗខាងលើ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈម​ណ្ឌល​ធនធានរបស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន សិស្ស និស្សិត
និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អំឡុងពេលដំណើរការសាកល្បងនាពេលកន្លងមក។
បន្ទាប់ពីពិធីសម្ពោធនាថ្ងៃនេះ បណ្ណាល័យ និងកន្លែងស្រាវជ្រាវនេះ នឹងត្រូវដាក់​ក្រោម​ការ​គ្រប់គ្រងរួមគ្នាជាមួយមជ្ឈមណ្ឌលឯកសារច្បាប់ និងបើកបម្រើជាផ្លូវការ ចាប់ពីម៉ោង ១០​ព្រឹក ដល់ម៉ោង ៨យប់ សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់បើក ពីម៉ោង ១០ព្រឹក ដល់​ម៉ោង ៦ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។

ដោយឡែក ចំពោះការងារទី២ ទី៣ និងទី៤ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ក៏គ្រោង​នឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ហើយការងារទី៥ និងទី៦ ត្រូវបាន​ដាក់ក្នុង​គម្រោង​ថវិកាសាងសង់របស់ អ.វ.ត.ក. នៅឆ្នាំ២០២៤។ ជាងនេះទៅទៀត ការដាក់​ផ្សព្វផ្សាយ​ជាសាធារណៈនូវកម្មវិធីវីដេអូខ្លីអប់រំ និងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. ដែល​ដក​ស្រង់​ចេញ​ពីឯកសារកំណត់ត្រា និងបណ្ណសារ​ពាក់ព័ន្ធ​នឹង​ដំណើរការ​កាត់​សេចក្តី​របស់​សាលា​ក្តីខ្មែរក្រហម ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការងារផ្សព្វផ្សាយ និងសម្មភាពអប់រំ ក្នុង​គោល​ដៅរំឭកការចង​ចាំជាប្រវត្តិសាស្ត្រ​ដល់យុវជន​ជំនាន់​ក្រោយ​អំពីរឿងរ៉ាវ​ដែលបាន​កើតមាន​ឡើងក្នុងរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Facebook, Telegram, YouTube, TikTok, Instagram, និងតាមប្រព័ន្ធទូរទស្សន៍ផងដែរ៕ 

អត្ថបទទាក់ទង