Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1012
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលប្រារព្ធឡើងនៅសាលសន្និសីទ អគារអគ្គនាយកដ្ឋានពន្ធដារ។

នាឱកាសនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះបណ្ដាថ្នាក់ដឹកនាំប្រធានសភា ព្រឹទ្ធសភា និងអង្គការអន្តរជាតិនានាទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងសូមស្វាគមន៍ថ្នាក់ដឹកនាំ អន្តរជាតិទាំងអស់ប្រកបដោយភាពកក់ក្តៅ។

នៅក្នុងឱកាស នៃពិធីបើកនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈ និងអនុសាសន៍ជាធាតុចូល ចំនួន៥ រួមមាន៖

ទី១- ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្ដាញតំបន់របស់យើងត្រូវតែដើរតួឈានមុខក្នុងការស្ដារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិដែលបានកកើតចេញពីផេះផង់និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកជាប់ៗគ្នា យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏ពិសិដ្ឋ នៃអធិបតេយ្យរបស់រដ្ឋបូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៍សភាដូចជាធម្មនុញ្ញសន្តិភាពសកល(Universal PeaceCharter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះយើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នា តាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។

ទី២- ដើម្បីឈានផុតពីការទូតបែបអកម្មយើងអាចពិចារណាលើការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភាប្រមូលផ្តុំនូវសមាជិកសភាលេចធ្លោនានាដែលអាចជំរុញការសម្រុះសម្រួលឱ្យមានសន្តិភាពដោយសកម្ម។ ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមានបទពិសោធខ្ពស់មានបណ្តាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាពដែលបានកសាងជាយូរមកហើយ។បណ្តាញសម្រុះសម្រួលឯកទេសនេះត្រូវតែឈានជើងឱ្យផុតពីភាពរឹងត្អឹងនៃមនោគមវិជ្ជាហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួនដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះមុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើងបង្កជាសង្គ្រាមទ្រង់ទ្រាយធំ។ ជារចនាសម្ព័ន្ធបណ្តាញអ្នកសម្រុះសម្រួលឆ្នើមទាំងនេះ គួរតែមានសេរីភាពប្រតិបត្តិការក្រោមអាណត្តិបត់បែនមួយចាកឆ្ងាយពីភាពរសើបការដាក់កំហិតនយោបាយ និងពិធីការ ដ៏រឹងត្អឹងនៃការទូតបែបប្រពៃណីរវាងរដ្ឋ និងរដ្ឋដែលប្រើដោយអំណាចនីតិប្រតិបត្តិ។

ទី៣- ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវច្បាប់ព្រៃ«អ្នកខ្លាំងឈ្នះ» ដោយគណនេយ្យភាពស្ថាប័នពិតប្រាកដស្ថាប័ននីតិប្បញ្ញត្តិរបស់យើងត្រូវតែបន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។ យើងត្រូវតែឈរជារណសិរ្សជួរមុខរួមគ្នាក្នុងការតស៊ូមតិដើម្បីការពារច្បាប់អន្តរជាតិការទូតការសន្ទនាបើកចំហនិងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។តាមរយៈការចងក្រងបណ្ដាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមរបស់យើងត្រូវតែមានកម្លាំងខ្លាំងក្លាដើម្បីប្រឆាំងនិងទប់ស្កាត់ដោយសកម្មចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។
សម្តេចមានទស្សនៈថាសហគមន៍ដែលគោរពច្បាប់របស់យើងគប្បីខិតខំស្វែងរកផ្លូវច្បាប់ដើម្បីទប់ស្កាត់ល្បិចកលពណ៌ប្រផេះ(grey-zonetactics)ដែលចង់ពង្រីកមហិច្ឆតាទឹកដីនិងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

ទី៤- ដើម្បីការពារសេដ្ឋកិច្ចរបស់យើងពីផលប៉ះពាល់អវិជ្ជមាននឥទ្ធិពលខាងក្រៅបណ្តាញប្រធានសភាត្រូវផ្ដល់អាទិភាពដល់ការអនុម័តនិងការអនុវត្តសន្ធិសញ្ញាសេដ្ឋកិច្ចពហុភាគីដែលគ្មានការរើសអើងដោយទាញយកផលប្រយោជន៍យ៉ាង
សកម្មពីក្របខ័ណ្ឌពាណិជ្ជកម្មតំបន់ដែលមានស្រាប់ដើម្បីទប់ស្កាត់មហាអំណាចមិនឱ្យចាត់ទុកប្រទេសតូចតាចជាកូនអុកដែលអាចទាត់ចោល។
លើសពីនេះ យើងត្រូវកៀរគរសំឡេងរួមរបស់យើងដើម្បីប្រឆាំងយ៉ាងខ្លាំងក្លាចំពោះនយោបាយគាំពារនិយមពាណិជ្ជកម្មដែលត្រូវបានរុញច្រានដោយរបៀបវារៈនយោបាយលាក់កំបាំងការយកលេសបរិស្ថាន និងការអនុវត្តស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្សដើម្បីយករឿងទាំងនេះធ្វើជាអាវុធក្នុងទំនាក់ទំនងសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋដែលទន់ខ្សោយជាង។ ក្រៅពីការតស៊ូមតិនេះយើងត្រូវពង្រឹងបណ្ដាញនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើងឱ្យរឹងមាំដើម្បីបង្កើតជាខែលការពារដ៏រឹងមាំប្រកបដោយភាពធន់ដោយធានាថាយើងអាចការពារទីផ្សារក្នុងស្រុករបស់យើងបានយ៉ាងសកម្មទប់ស្កាត់ការរំខានដ៏ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងធានាបាននូវការងារសមរម្យនិងមានស្ថិរភាពសម្រាប់ប្រជាជនរបស់យើង។

អត្ថបទទាក់ទង