Grand News Asia Close

ទស្សនៈមិត្តអ្នកអាន៖ ថៃកំពុងប្រើល្បិចពន្យារពេលកាន់កាប់ទឹកដីខ្មែរ

ដោយ៖ Morm Sokun ​​ | 7 ម៉ោងមុន ទស្សនៈ-Opinion 1030
ទស្សនៈមិត្តអ្នកអាន៖ ថៃកំពុងប្រើល្បិចពន្យារពេលកាន់កាប់ទឹកដីខ្មែរ ទស្សនៈមិត្តអ្នកអាន៖ ថៃកំពុងប្រើល្បិចពន្យារពេលកាន់កាប់ទឹកដីខ្មែរ

បញ្ហាព្រំដែនគោករវាងកម្ពុជា និងថៃ ក្នុងរយៈពេលចុងក្រោយនេះ បានក្លាយជាចំណុចដ៏រសើបមួយ និងឆ្លុះបញ្ចាំងឲ្យឃើញពីកលល្បិចការទូតដ៏ទំនើងរបស់ភាគីថៃ។ ទោះបីភាគីទាំងពីរមានការព្រមព្រៀងជាមួយគ្នាច្រើនលើកច្រើនសារ រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្របង្កើតលេស ដើម្បីបង្អាក់ដំណើរការកំណត់ខ័ណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ ឲ្យអូសបន្លាយ និងធ្វើឲ្យស្ថានភាពនៅតាមព្រំដែនបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។

ការបដិសេធមិនព្រមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលកម្ពុជាបានស្នើរៀបចំនៅសៀមរាបកាលពីដើមខែមករា ឆ្នាំ២០២៦  គឺជាឧទាហរណ៍បង្ហាញយ៉ាងច្បាស់ការខ្វះឆន្ទៈនិងអំពើទុច្ចរិតរបស់ថៃ។ ភាគីថៃបានលើកឡើងពីហេតុផលមិនចូលរួមពីរយ៉ាង៖ ទី១ រដ្ឋាភិបាលថៃស្ថិតក្នុងស្ថានភាព “រដ្ឋាភិបាលចាំផ្ទះ” និងទី២ ស្ថានភាពព្រំដែន “មិនទាន់មានសុវត្ថិភាពដោយសារគ្រាប់មីន”។ ទោះយ៉ាងណាការពន្យល់នេះកម្ពុជាយល់ឃើញថានេះគ្រាន់តែជាល្បិចពុតត្បុតរបស់ថៃដែល គេចវេសពីកាតព្វកិច្ចយន្តការទ្វេភាគីរបស់ខ្លួនតែប៉ុណ្ណោះ។

ជាការពិត បញ្ហានយោបាយផ្ទៃក្នុងរបស់ថៃមិនគួរត្រូវបានយកមកធ្វើជាឧបសគ្គរារាំងដល់ដំណើរការទ្វេភាគីដែលបានព្រមព្រៀងគ្នានោះទេ។ ការប្រើលេសនេះបង្ហាញថា ថៃគ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាឡើយ។ ដោយឡែក បញ្ហាគ្រាប់មីនវិញជាបញ្ហាបច្ចេកទេសដែលអាចដោះស្រាយបានតាមរយៈកិច្ចសហប្រតិបត្តិការ ហើយមិនមែនជាឧបសគ្គរារាំងដល់ការចរចានោះទេ។ ការលើកយកបញ្ហានេះមកនិយាយ គឺដើម្បីបង្កើតជារឿងមិនពិត ដើម្បីពន្យារពេលការងារខ័ណ្ឌសីមាព្រំដែនគោកជាមួយកម្ពុជា​ដោយគ្មានពេលកំណត់។

ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក សីហៈសក្ដិ ភួងកេតកែវ បានអះអាងថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដំណើរការយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាព្រំដែនគោក។ ការលើកឡើងនេះ មិនត្រឹមត្រូវទាល់តែសោះ និងផ្ទុយពីការពិតទាំងស្រុង ដោយព្យាយាមភ្ជាប់បញ្ហាព្រំដែនសមុទ្រទៅនឹងការងារខណ្ឌសីមាព្រំដែនគោក ដែលជារឿងពីរផ្ទុយគ្នាទាំងស្រុង។

បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោក រវាងកម្ពុជា-ថៃ ត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ និងយន្តការទ្វេភាគីពីរផ្សេងគ្នាទាំងស្រុង។ ព្រំដែនគោក គឺមានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MoU ២០០០)។ ដោយឡែក ព្រំដែនសមុទ្រ គឺមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)បន្ទាប់ពីភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី (MoU 2001) បើទោះជា កម្ពុជាបានស្នើឲ្យថៃពិចារណារក្សាទុកយ៉ាងណាក្តី។ ដូច្នេះ កម្ពុជា គ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់យន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នោះឡើយ។ UNCLOS គឺជាមធ្យោបាយសន្តិវិធីសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយមិនជាប់ពាក់ព័ន្ធទៅនឹងការងាររបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកឡើយ។ ការព្យាយាមភ្ជាប់បញ្ហាព្រំដែនសមុទ្រ និងបញ្ហាព្រំដែនគោកចូលជារឿងតែមួយ ត្រូវបានមើលឃើញថា ជាការលើកហេតុផលបន្ថែម ដែលអាចនាំឱ្យមានការបង្វែរការចាប់អារម្មណ៍ពីកាតព្វកិច្ចក្នុងការបន្តដំណើរការកំណត់ខណ្ឌសីមាព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀង និងយន្តការទ្វេភាគីដែលមានស្រាប់។

ជាការកត់សម្គាល់ ការពន្យារពេលដោយចេតនារបស់ថៃ គឺកំពុងត្រូវបានប្រើប្រាស់ដើម្បីសម្រេចគោលដៅមួយផ្សេងទៀត គឺការកាន់កាប់ទឹកដីកម្ពុជា ជាអចិន្ត្រៃយ៍។ តាមរយៈការពន្យារពេលដំណើរការខណ្ឌសីមា ថៃកំពុងព្យាយាមរក្សាស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន ដែលខ្លួនកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ នេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលតម្រូវឲ្យសមាជិកទាំងអស់គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ លើសពីនេះ ថៃក៏ត្រូវគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។

ជារួម សកម្មភាពរបស់ថៃក្នុងការពន្យារពេលការងារខណ្ឌសីមាព្រំដែនគោក គឺជាការបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រការទូតដែលគ្មានសុច្ឆន្ទៈ។ ការប្រើប្រាស់លេសផ្សេងៗ ចាប់ពីបញ្ហានយោបាយផ្ទៃក្នុង រហូតដល់ការភ្ជាប់បញ្ហាព្រំដែនសមុទ្រ សុទ្ធតែជាល្បិចកលដើម្បីពន្យារពេល និងរក្សាការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

រដ្ឋាភិបាលថៃ ត្រូវឈប់បង្កើតលេសហើយត្រឡប់មកបន្តការងារខណ្ឌសីមាព្រំដែនគោកវិញដោយសុច្ឆន្ទៈ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់និងស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ។ សហគមន៍អន្តរជាតិ កំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ថៃ ហើយការបន្តពន្យារពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថៃក្នុងនាមជាសមាជិកអាស៊ាន ដែលត្រូវតែគោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទដោយសន្តិវិធី។ សម្រាប់កម្ពុជា ជំហរនៅតែមានភាពច្បាស់លាស់ គឺបន្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងជាធរមាន និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី ដោយមិនទទួលយកការគាបសង្កត់ ឬសកម្មភាពណាមួយដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ខ្លួនឡើយ៕

ដោយ៖សុខ សុវណ្ណ

អត្ថបទទាក់ទង