Grand News Asia Close

វិភាគអន្តរជាតិ៖ ការគំរាមកំហែងធំបំផុតចំពោះតៃវ៉ាន់ អាចមិនមែនជាយោធារបស់ចិន

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1012
វិភាគអន្តរជាតិ៖ ការគំរាមកំហែងធំបំផុតចំពោះតៃវ៉ាន់ អាចមិនមែនជាយោធារបស់ចិន វិភាគអន្តរជាតិ៖ ការគំរាមកំហែងធំបំផុតចំពោះតៃវ៉ាន់ អាចមិនមែនជាយោធារបស់ចិន

(ប៉េកាំង)៖ ទាំងនៅឯសមុទ្រ និងនៅលើដែនអាកាស ចិនបាន និងកំពុងធ្វើតេស្ដ ហើយបង្កើនការដាក់សម្ពាធលើប្រព័ន្ធការពាររបស់ តៃវ៉ាន់យ៉ាងជាប់លាប់។ ក៏ប៉ុន្តែ អំណាចយោធារបស់ចិនមិនមែនត្រឹមតែជាការសម្លុតគំរាមប៉ុណ្ណោះទេ។ ទីក្រុងប៉េកាំងកំពុងកំណត់គោលដៅលើភាពធន់នៃនយោបាយរបស់តៃវ៉ាន់ ដើម្បីបញ្ចុះបញ្ចូលឱ្យប្រជាជនតៃវ៉ាន់យល់ ឬទទួលស្គាល់ថាការតស៊ូប្រឆាំងនឹងការបង្រួបបង្រួមជាមួយចិន គឺជារឿងឥតប្រយោជន៍។

នៅក្រោមការដឹកនាំតៃវ៉ាន់អស់រយៈពេលជាង ២ឆ្នាំមកនេះរបស់លោក Lai Ching-te តៃវ៉ាន់កំពុងប្រឈមមុខនឹងបញ្ហានយោបាយក្នុងស្រុកដ៏ស្មុគស្មាញ។ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់លោក Lai កំពុងជួបឧបសគ្គ ក្នុងការកសាងសាមគ្គីភាពនៅក្នុងសភាដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំង ការអនុម័តកញ្ចប់ថវិកាត្រូវបានពន្យារពេល ហើយជម្លោះនយោបាយបានធ្វើឱ្យបញ្ហាជាអាទិភាពរបស់ប្រជាជនតួយ៉ាងដូចជាអតិផរណាហាក់មិនសូវទទួលបានការចាប់អារម្មណ៍។ បញ្ហាទាំងអស់នេះប្រៀបដូចជាការហុចដង និងដើរចូលទៅក្នុងការនិទានរបស់ចិន នោះគឺ «ប្រជាធិបតេយ្យកំពុងរញ៉េរញ៉ៃ»។

សម្រាប់តៃវ៉ាន់ ការពង្រឹងសមត្ថភាពយោធាជាមធ្យោបាយមួយដ៏សំខាន់ដើម្បីអាចបន្តរស់រានមានជីវិត។ ប៉ុន្តែ មានត្រឹមតែដ្រូន យន្ដហោះចម្បាំង និងមីស៊ីល មិនគ្រប់គ្រាន់អាចការពារតៃវ៉ាន់បាននោះទេ។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ តៃវ៉ាន់បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះថា Han Kuang មានរយៈពេល១០ថ្ងៃ។ នេះជាលើកដំបូងបំផុតដែលតៃវ៉ាន់បានហាត់សម និងធ្វើតេស្ដលើសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់នឹងការបិទខ្ទប់សមុទ្រណាមួយពីសំណាក់ចិន។ សមយុទ្ធទ្រង់ទ្រាយធំនេះក្នុងនោះរួមមានទាំងការរៀបចំសេណារីយ៉ូសម្រាប់កងទ័ព និងទ័ពបម្រុង រួមទាំងប្រជាជនស៊ីវិលហ្វឹកហាត់ពីរបៀបប្រឈមមុខនឹងការកាត់ផ្ដាច់ ឬការរំខានដល់ល្បឿនអ៉ីនធើណិត និងប្រព័ន្ធទូរគមនាគមន៍។

សម្ពាធពីទីក្រុងប៉េកាំងបានកើនឡើងជាលំដាប់។ កាលពីខែកក្កដាកន្លងទៅ កងទ័ពរំដោះប្រជាជនចិន PLA បានដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាការរំឮកដល់តៃប៉ិថាតុល្យភាពយោធានៅតែផ្អៀងទៅខាងចិន។ កាលពីខែមិថុនាវិញ យោធាចិនបានបញ្ជូននាវាជាច្រើនគ្រឿង ឱ្យចូលរួមក្នុងការធ្វើប្រតិបត្តិការល្បាតច្រើនថ្ងៃ ដើម្បីបញ្ជាក់ពីការទាមទារអធិបតេយ្យរបស់ចិនក្នុងតំបន់ដែនទឹកភាគខាងកើតកោះតៃវ៉ាន់។ ក្នុងប្រតិបត្តិការល្បាតនេះដែរ ឆ្មាំសមុទ្រចិនត្រូវបានរាយការណ៍ថាបានស្ទាក់ឃាត់ និងសួរចម្លើយកប៉ាល់ដឹកទំនិញមួយចំនួនក្នុងតំបន់ជាលើកដំបូង ដែលនេះជាសញ្ញាមួយបង្ហាញថាប៉េកាំងកំពុងពង្រីកការអនុវត្តដែនអំណាចរបស់ខ្លួនហួសពីដែនទឹកដែលប៉េកាំងធ្លាប់តែអនុវត្តជាធម្មតា។

យុទ្ធសាស្ត្រសម្លុតគំរាមរបស់ចិនជាវិធីសាស្ត្រមានប្រសិទ្ធភាពដែរ ហើយមិនសូវប្រថុយប្រថាន ដើម្បីបំបាក់សមត្ថភាពរបស់រដ្ឋាភិបាលតៃវ៉ាន់ក្នុងការដឹកនាំតាមរយៈការធ្វើសង្រ្គាមព័ត៌មានដើម្បីអាចមានឥទ្ធិពលលើអ្នកបោះឆ្នោតតៃវ៉ាន់ និងលុបបំបាត់ទំនុកចិត្តរបស់ពួកគេលើរដ្ឋាភិបាលតៃប៉ិ។ គោលជំហរម៉ឺងម៉ាត់របស់លោក Lai ចំពោះអធិបតេយ្យរបស់តៃវ៉ាន់បានជួយឱ្យរូបលោកទទួលបាន ការគាំទ្រពីប្រជាជនតៃវ៉ាន់។ តែព្រមពេលជាមួយគ្នា វាក៏កាន់តែធ្វើឱ្យចិនឆ្លើយតបវិញកាន់តែខ្លាំងផងដែរដែលនេះបានធ្វើឱ្យមានការខ្វែងគំនិតគ្នាជាមួយគណបក្សប្រឆាំងរបស់តៃវ៉ាន់ដែលយល់ថាកិច្ចសន្ទនាជាមួយចិនគឺជាមធ្យោបាយល្អបំផុតដើម្បីការពារតៃវ៉ាន់។

តៃវ៉ាន់បច្ចុប្បន្នមានសេដ្ឋកិច្ចរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកំណើនសេដ្ឋកិច្ចបានកើនឡើងយ៉ាងឆាប់រហ័សមិនធ្លាប់មានក្នុងពេលជាង ៥០ឆ្នាំមកនេះ ដោយក្នុងឆមាសទី១ នៃឆ្នាំ២០២៦ ផលិតផលក្នុងស្រុកសរុប GDP មានអត្រាកំណើន ១៣,៧២ភាគរយ។ វិស័យដែលចូលរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចរបស់តៃវ៉ាន់ គឺបច្ចេកវិទ្យាបន្ទះឈីប ហើយក្រុមហ៊ុន TSMC នៅតែជាដៃគូដែលឧស្សាហកម្មឈីបពិភពលោកមិនអាចខ្វះបាន។

ក៏ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ចមិនអាចក្លាយជាយ័ន្តពូកែស័ក្កិសិទ្ធិការពារតៃវ៉ាន់បាននោះទេ។ គណបក្សកុម្មុយនិស្តចិនកំពុងព្យាយាមជួយពង្រីកឥទ្ធិពលរបស់ក្រុមអ្នកនយោបាយតៃវ៉ាន់ដែលមានទំនោរគាំទ្រប៉េកាំងនៅក្នុងសភាតៃវ៉ាន់។ ស្ថានការណ៍ជាប់គាំងនយោបាយបានបង្កការខូចខាតដល់សមត្ថភាពរបស់លោក Lai ក្នុងការដឹកនាំកោះតៃវ៉ាន់ ខណៈសមាជិកសភាមកពីគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយនៅតៃវ៉ាន់បានរាំងខ្ទប់ការអនុម័តកញ្ចប់ថវិកាការពារជាតិពិសេស និងបង្កការរំខានដល់ការអនុវត្តកម្មវិធី នយោបាយសំខាន់ៗមួយចំនួនទៀត។ សង្រ្គាមព័ត៌មានរបស់ចិនហាក់កំពុងដំណើរ ជាពិសេសនៅក្នុងចំណោមយុវជនតៃវ៉ាន។ ការសិក្សាមួយកាលពីឆ្នាំ២០២៥ បានរកឃើញថាប្រជាជនតៃវ៉ាន់ដែលបានចំណាយពេលច្រើនលេង TikTok កាន់តែមានទំនោរគាំទ្រការឃោសនារបស់ក្រុមអ្នកនយោបាយគាំទ្រចិន ដូចជាគំនិតដែលថាការបង្រួបបង្រួមជាមួយចិនជារឿងចៀសមិនរួច ឬក៏ប្រជាធិបតេយ្យគួរតែត្រូវបានលះបង់ដើម្បីសន្តិភាព។

ទាំងអស់នេះបានបង្ហាញថាការកសាងភាពធន់នៃប្រព័ន្ធនយោបាយ និងភាពធន់របស់ប្រជាជនតៃវ៉ាន់ គឺមានសារៈសំខាន់ដូចគ្នាទៅនឹងការពង្រឹងសមត្ថភាពយោធាដែរ។ តៃវ៉ាន់កំពុងប្រឹងប្រែងបង្កើនការចំណាយលើវិស័យយោធា បង្កើនថេរវេលាបំពេញកាតព្វកិច្ចយោធា និងវិនិយោគលើសមត្ថភាពយោធាដែលត្រូវការជាចាំបាច់ដើម្បីកំញើញទប់ស្កាត់ការវាយប្រហារណាមួយពីចិន។ ក៏ប៉ុន្តែ តៃវ៉ាន់ក៏ចាំបាច់ត្រូវវិនិយោគបន្ថែមលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដើម្បីទប់ទល់នឹងឥទ្ធិពលព័ត៌មានពីខាងក្រៅផងដែរ។ ចិនដឹងយ៉ាងច្បាស់ថាខ្លួនមិនអាចយកឈ្នះលើទំនុកចិត្តរបស់ប្រជាជនតៃវ៉ាន់ ដោយប្រើពេលត្រឹមតែមួយយប់បាននោះទេ តែចិនអាចរង់ចាំ និងដើរតាមយុទ្ធសាស្ត្រជាដំណាក់កាលៗ។ ដូច្នេះបញ្ហាប្រឈមធំបំផុតរបស់តៃវ៉ាន់ នោះគឺត្រូវធានាឱ្យបានថាយុវជនជំនាន់ក្រោយរបស់ខ្លួននៅតែគិតថាប្រជាធិបតេយ្យនៅតែមានតម្លៃដែលពួកគេចាំបាច់ត្រូវតែប្រយុទ្ធតស៊ូដើម្បីការពារ៕

-Fresh News-

អត្ថបទទាក់ទង