Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 10:39 am ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា
ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦



សំណួរទី ១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការបន្តសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតាម ព្រំដែន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការ និងយ៉ាងម៉ឺងម៉ាត់ ចំពោះការបន្តរាយបន្លាលួសរបស់កងកម្លាំង ប្រដាប់អាវុធថៃនៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ កម្ពុជាបាន បញ្ជាក់ថា សកម្មភាពទាំងនេះបានបង្កើនភាពតានតឹងនៅតាមព្រំដែន និងប៉ះពាល់ដល់បរិយាកាសនៃការកសាងទំនុកចិត្ត រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការការពារអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវសកម្មភាពរំលោភបំពានណាមួយមកលើអធិបតេយ្យភាពរបស់ខ្លួនឡើយ។

សំណួរទី ២៖ តើសកម្មភាពរបស់ភាគីថៃផ្ទុយនឹងកិច្ចព្រមព្រៀងអ្វីខ្លះ?

ចម្លើយ៖សកម្មភាពរបស់ភាគីថៃផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស ចំណុចទី៣ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះព្រំដែន JBC ចុះវាស់វែងដើម្បីកំណត់ ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត។ លើសពីនេះ វាជាការរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ដែលតម្រូវឱ្យភាគីទាំងពីរជៀសវាងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន មុនពេលការកំណត់ ព្រំដែនត្រូវបានបញ្ចប់។

សំណួរទី ៣៖ តើកម្ពុជាបានទាមទារឱ្យភាគីថៃអនុវត្តវិធានការអ្វីខ្លះ?

ចម្លើយ៖ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលរំលោភលើស្ថានភាពនៅតាមព្រំដែន រួមទាំង ការរាយបន្លាលួស និងសកម្មភាពផ្សេងៗនៅតំបន់ដែលមានវិវាទ។ កម្ពុជាក៏បានស្នើឱ្យភាគីថៃដកថយចេញពីទីតាំងដែល បានកាន់កាប់ដោយខុសច្បាប់ និងគោរពកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីបង្កើតបរិយាកាសជឿទុកចិត្ត និងជួយសម្រួលដល់ ការដោះស្រាយបញ្ហាដោយសន្តិវិធី ហើយកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការ ប្រើកម្លាំងឡើយ៕

អត្ថបទទាក់ទង