ទាក់ទងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការការពារអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការការពារអធិបតេយ្យភាពកម្ពុជា
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាវាយតម្លៃដូចម្តេច ចំពោះការអនុវត្តបទឈប់បាញ់របស់ភាគីថៃ?
ចម្លើយ៖ កម្ពុជាបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ផ្ទុយទៅវិញ កម្ពុជាបានកត់សម្គាល់ថា ភាគីថៃនៅតែបន្តសកម្មភាពដែលផ្ទុយនឹងកិច្ចព្រមព្រៀង ដូចជា ការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការសាងសង់សំណង់ថ្មី ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait Accompli) ដែលកម្ពុជាយល់ថា មិនស្របនឹងការប្តេជ្ញារក្សាស្ថានភាពដើម និងកាត់បន្ថយភាពតានតឹង។ ម្យ៉ាងទៀត ភាគីថៃមិនព្រមអនុវត្តចំណុចទី៣នៃសេចក្តីប្រកាសរួមដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ធ្វើការវាស់វែង និងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត។ ទាំងនេះគឺជាភស្តុតាងបញ្ជាក់ថា ថៃមិនអនុវត្តបទឈប់បាញ់ពេញលេញទេ។
សំណួរទី២៖ តើកម្ពុជាមានភស្តុតាងអ្វីខ្លះ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនដែលថា តំបន់ប្រាសាទខ្នារ តាមាន់ធំ និងអានសេះ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា?
ចម្លើយ៖ កម្ពុជាបញ្ជាក់ថា តំបន់ទាំងនេះស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើផែនទីខ្នាត ១:២០០,០០០ ដែលជាមូលដ្ឋានផ្លូវការសម្រាប់ការកំណត់ព្រំដែនអន្តរជាតិ និងមានទទួលស្គាល់ជាអន្តរជាតិ។ លើសពីនេះ កម្ពុជាក៏បានលើកឡើងថា សូម្បីតែផែនទីឯកតោភាគីរបស់ថៃ ស៊េរី L7017 ខ្នាត ១:៥០,០០០ ក៏បង្ហាញថា តំបន់ទាំងនោះស្ថិតនៅក្នុងទឹកដីកម្ពុជាដែរ។ ដូច្នេះ កម្ពុជាយល់ថា ការកាន់កាប់តំបន់ទាំងនេះដោយកងកម្លាំងយោធាថៃ គឺជាការឈ្លានពានទឹកដីយ៉ាងពិតប្រាកដដែលមិនអាចប្រកែកបានឡើយ។
សំណួរទី៣៖ តើការទូតរបស់កម្ពុជាបានផ្តល់លទ្ធផលអ្វីខ្លះ ក្នុងការការពារអធិបតេយ្យភាពជាតិ?
ចម្លើយ៖ កម្ពុជាបានបន្តធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីជូនដំណឹងដល់សហគមន៍អន្តរជាតិអំពីស្ថានការណ៍នៅតាមព្រំដែន និងការប្រកាន់ខ្ជាប់ចំពោះដំណោះស្រាយដោយសន្តិវិធី។ ជាលទ្ធផល សភានៃប្រទេសនិយាយភាសាបារាំង (APF) បានអនុម័តសេចក្តីសម្រេចគាំទ្រអធិបតេយ្យភាពរបស់កម្ពុជា និងអំពាវនាវឱ្យមានការគោរពកិច្ចព្រមព្រៀង និងដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងជនបរទេសជាច្រើនដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមក៏បានលើកឡើងអំពីការឈ្លានពានរបស់ថៃដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើននៅតាមព្រំដែនទទួលរងគ្រោះ និងបានគាំទ្រជំហរសន្តិវិធីរបស់កម្ពុជា៕





