Grand News Asia Close

ខ្លឹមសារ Press Briefing របស់ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1025
ខ្លឹមសារ Press Briefing របស់ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីការយកចិត្តទុកដាក់មើលថែទាំប្រជាពលរដ្ឋភៀសសឹកពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមូលដ្ឋាន និងជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដី៖

គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៥សែន១ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ មានពលរដ្ឋភៀសសឹកជាង១៣ម៉ឺននាក់ទៀត ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ។ ចំណែកឯសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនក៏បានបើកដំណើរការឡើងវិញដែរ។

តើប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់បែបណាខ្លះពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមូលដ្ឋាន?

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនទូទៅជ្រាបថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តនីមួយៗ។ ពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រកឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ (ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់ក្រក ជាដើម) ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង។ គ្រឿងឧបភោគបរិភោគនិងសេវាទាំងអស់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជនពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល។ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរនិងផ្តល់ជូនផងដែរជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ក្រោមគំនិតផ្តួចផ្តួមពីសំណាក់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើងដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។

ក្នុងសារជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្រាប់បងប្អូនភៀសសឹកដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន រាជរដ្ឋាភិបាលតាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មីដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាលក៏គិតគូរដោះស្រាយដើម្បីឱ្យបងប្អូនអាចរក្សាលំនឹងជីវភាពបាននៅក្នុងគ្រាដ៏លំបាកនេះរហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ ក្រោយពេលទទួលបានទិន្នន័យជាក់លាក់ពីក្រុមការងារវាយតម្លៃ រាជរដ្ឋាភិបាលនឹងដោះស្រាយជូនបងប្អូនតាមការជាក់ស្តែងឱ្យបានឆាប់បំផុត។

ចំណែកប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ចំពោះមុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ជាពិសេសលើផលប៉ះពាល់លើផលដំណាំ លើស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក និងភ្លើងអគ្គិសនីជាដើម ដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់បងប្អូននៅក្នុងមូលដ្ឋាន។

ដើម្បីបានព័ត៌មានជាមូលដ្ឋានជាក់លាក់ក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែករបស់ទាហានថៃដោយបំពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ដើម្បីវាយតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់លើជីវភាពរបស់ប្រជាពលរដ្ឋដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយ។

ទន្ទឹមនឹងការគិតគូរដោះស្រាយនិងស្តារឡើងវិញនូវជីវភាពជនភៀសសឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត រាជរដ្ឋាភិបាលក៏កំពុងខិតខំយ៉ាងខ្លាំងផ្នែកនយោបាយការទូតដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាបន្តការតវ៉ាយ៉ាងខ្លាំងប្រឆាំងរាល់សកម្មភាពរំលោភបំពានរបស់យោធាថៃនៅតាមព្រំដែនក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដែលមិនអាចធ្វើសម្បទានបាន៕

សូមអរគុណ

អត្ថបទទាក់ទង