Grand News Asia Close

“ការមិនទទួលស្គាល់លោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ជាការិរះគន់មិនស្គាល់ច្បាប់ ឬជាវប្បធម៌ឡាំប៉ាចាស់គំរិល?”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 349
“ការមិនទទួលស្គាល់លោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ជាការិរះគន់មិនស្គាល់ច្បាប់ ឬជាវប្បធម៌ឡាំប៉ាចាស់គំរិល?” “ការមិនទទួលស្គាល់លោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ជាការិរះគន់មិនស្គាល់ច្បាប់ ឬជាវប្បធម៌ឡាំប៉ាចាស់គំរិល?”

ភ្នំពេញ៖ តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសចុះចេញ ពីតំណែងនាយករដ្ឋមន្ត្រី និងប្រគល់ឱ្យទៅលោក ហ៊ុន ម៉ាណែតជាអ្នកដឹកនាំបន្ត ក្រុមនិន្នាការ ឆ្វេងនិយមបានចេញសារនយោបាយជាច្រើនលើកច្រើនសារដោយលើកឡើងថា ពីភាពមិនស្របច្បាប់ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន ម៉ាណែត នៅអាណត្តិទី៧នេះដោយសារគណបក្សប្រជាជនកម្ពុជាមិនបានដាក់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧។ តើការលើកឡើងនេះ ត្រឹមត្រូវដែររទេ?
តាមពិត សម្រាប់អ្នកតាមដានស្ថានការបោះឆ្នោត និងនយោបាយនៅកម្ពុជាដែលមិនលំអៀង សារនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន២រូបសម្រាប់ការបោះឆ្នោតអាណត្តិទី៧។ ទី១ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងទី២លោកបណ្ឌិត ហ៊ុន ម៉ាណែត។ សារនេះ ត្រូវបានបញ្ជាក់ក្នុងវេទិការជាសាធារណៈតាំងពីមុនយុទ្ធនាការឃោសនា​បោះឆ្នោតមកម៉្លេះ។ បន្ថែមពីនេះ មនុស្សទាំងអស់នៅកម្ពុជាមើលឃើញ និងឮពាក្យ “គាំទ្រសម្តេចតេជោហ៊ុន សែនបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រី” ដែលជាសារនយោបាយច្បាស់ៗពីគណបក្សប្រជាជនកម្ពុជា​ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញបានយកសារទាំងនេះ ចេញឃោសនាតាំងពីយុទ្ធនាការឃោសនាថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។ គិតមកដល់ពេលនេះ ព្រះមហាក្សត្របានចេញព្រះរាជសារតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយគណរដ្ឋមន្ត្រីថ្មី នឹងត្រូវស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២២ ខែសីហាខាងមុខនេះ ហើយល្ងាចថ្ងៃទី២២ គណៈរដ្ឋមន្ត្រីថ្មីនឹងចូលបំពេញតួនាទីរបស់ខ្លួន។ តើហេតុអ្វីមកដល់ពេលនេះហើយនៅតែមានសារនយោបាយដែលធ្វើឱ្យពលរដ្ឋក្នុងស្រុកមានភាពច្របូកច្របល់វិលវល់យ៉ាងដូចនេះ? ហើយហេតុអ្វីបានជាគ្រប់គូភាគីមិនព្រមទទួលស្គាល់ពីការឈ្នះចាញ់ដែលពលរដ្ឋខ្មែរជាអ្នកគូស? គណបក្សប្រជាជនកម្ពុជា​បានប្រកាសតាំងពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១មកម្លេះថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតដែលសម្រេចដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា។ មួយវិញទៀតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសពីបេក្ខភាពនាយករ្ឋមន្ត្រីចំនួន២រូប​គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែតក៏បានឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញផងដែរ។ យោងតាមច្បាប់ និងនីតិវិធីនៃការបង្កើតរដ្ឋាភិបាល គណបក្សឈ្នះឆ្នោតនឹងជ្រើសរើសឥស្សរជននយោបាយ១រូបដើម្បីថ្វាយឱ្យព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រី។ មាត្រា១១៩ថ្មី២ បានចែងថា “ តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ ចាត់តាំងវីរជនមួយរូបជានាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វីរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រី ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរទៅមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ វីរៈជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតសេចក្តីទុកចិត្តត្រូវធ្វើលើសមាជិកគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើករដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ នោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល…”។​ នេះគឺជាទិដ្ឋភាពច្បាប់របស់កម្ពុជាក្នុងការតែងតាំងនាយករដ្ឋមន្ត្រី។ បើតាមការអង្កេត ការចេញព្រះរាជសារតែងតាំងកាលពីពេលកន្លងមកគឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។ ហេតុដូចនេះ ការរិះគន់ដែលមិនមានមូលដ្ឋានច្បាប់ជាក់លាក់ច្បាស់លាស់ នឹងនាំបង្ហាញឱ្យឃើញពីកំសោយរបស់អ្នករិះគន់តែប៉ុណ្ណោះ។ បើតាម​មតិរិះគន់មួយ និងសាររិះគន់ គេអាចយល់បានថា ជាការឡាំប៉ាក្រោយការបោះឆ្នោតពីសំណាក់ក្រុមគណបក្សភ្លើងទានទៅវិញទេច្រើនជាងការលើកឡើងថាមិនត្រូវតាមផ្លូវច្បាប់។ ត្បិតអីបក្សដែលចាស់វស្សាមួយនេះ ត្រូវបានផាត់ចេញពីការបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ព្រោះតែខ្វះឯកសារផ្លូវការដើម។

សម្រាប់កម្ពុជាគិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាឆ្លងកាត់ការបោះឆ្នោតចំនួន៧លើកជាប់ៗគ្នាឥតដាច់តាំពីឆ្នាំ១៩៩៣មក។ ការនេះ ល្មមឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយក្នុងប្រទេសទាំងអស់ចាស់ចិត្ត ចាស់គំនិត ហ៊ានទទួលស្គាល់លទ្ធផលផ្លូវការណ៍ដែលពលរដ្ឋខ្មែរ បានសម្រេចចិត្តជ្រើសរើសបក្សដែលពួកគាត់បានពេញចិត្ត និងចង់ឱ្យដឹកនាំបន្ត។ ក្នុងការបោះឆ្នោតលើកទី៧នេះ ម្ចាស់ឆ្នោតជាង ៨លាន២សែននាក់​បានបញ្ចេញមតិដែលស្មើជាង៨៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមាន៩លាន៧សែននាក់។ ចំនួននេះ ច្រើនជាងការបោះឆ្នោត២០២២ជាង១លាននាក់ ហើយបើទោះបីជាមានការញុះញុងមិនឱ្យពលរដ្ឋទៅបោះឆ្នោតពីសំណាក់អ្នកនយោបាយ​​ខ្មែរនៅក្រៅប្រទេសរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ឬជាមេកើយចាស់របស់គណបក្សភ្លើងទៀនក្តី។ តាមរយៈព្រឹត្តិការណ៍នេះ យើងអាចយល់បានថា ពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយដោយពលរដ្ឋ បានជ្រើសរើសវិធីប្រើប្រាស់សិទ្ធិនយោបាយតាមសន្លឹកឆ្នោត ជាជាងការធ្វើបាតុកម្មតវ៉ាតាមដងផ្លូវដូចកាលពីមុន។ ដូចនេះ ការបន្តធ្វើសកម្មភាពរិះគន់​លើកឡើងពីភាពមិនស្របច្បាប់របស់នាយករដ្ឋមន្ត្រីថ្មី លោកបណ្ឌិត ហ៊ុន ម៉ាណែត វាគ្រាន់តែជារឿងនយោបាយពីសំណាក់ក្រុមប្រឆាំងនៅកម្ពុជាដែលគ្មានក្រឡាដើរតែប៉ុណ្នោះ។ ក្នុងនាមជាអ្នកនយោបាយគួរតែកម្កល់ប្រយោជន៍ជាតិជាធំ សុខដុមរមនាសង្គមជាអាទិភាព ទោះនរណាឡើងកាន់អំណាច បក្សណាឡើងកាន់អំណាច ក្រុមណាឡើងកាន់អំណាច ក៏នៅតែជាខ្មែរដដែល។ ឆ្លងកាត់ការបោះឆ្នោតជាង៣០ឆ្នាំមកនេះ ពលរដ្ឋខ្មែរស្នើឱ្យអ្នកនយោបាយដែលមិនទាន់ទទួលបានការគាំទ្រគួរប្តូរវិធីសាស្ត្រស្វែងរកសំឡងឆ្នោត បង្ហាញពីចំណុចខ្លាំងលើគោលនយោបាយរបស់ខ្លួនដើម្បីឱ្យពលរដ្ឋពេញចិត្តជាជាងការឡាំប៉ាក្រោយការបោះឆ្នោត។ វប្បធម៌នេះ ត្រូវបានអនុវត្តច្រើនអាណត្តិរួចមកហើយដែលមិនមានភាពចំណេញដល់សង្គមម្តងណាឡើយ មានតែបង្ហាញពីភាពអាប់អួរក្នុងសង្គមបែងចែងបក្សពួក ហើយបរទេសមើលងាយតែប៉ុណ្ណោះ។ ពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ការបែកបាក់គ្នា​ ការហែកហួរផ្ទៃក្នុងពិតណាស់ចង់បានស្ថេរភាព ចង់បានការបន្តអភិវឌ្ឍ និងចង់បានសង្គមនីតិរដ្ឋ។ ពោលគឺ​ចាញ់ដឹង ចាញ់ ឈ្នះដឹងឈ្នះ មិនមែនប្រើប្រាស់សារបំភ្លៃនិយាយគ្មានហេតុផល និងផ្លូវច្បាប់សំអាងច្បាស់លាស់ ហើយអ្វីដែលធ្វើនេះវាហាក់ដូចជាលំអានចាស់ហួសឌឺឡេសម្រាប់ពលរដ្ឋខ្មែរសម័យទំនើបនេះទៅហើយ៕

អត្ថបទវិភាគដោយចៅមាស

អត្ថបទទាក់ទង