ទាក់ទងនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាជននៅតាមបណ្តាព្រំដែន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ទាក់ទងនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាជននៅតាមបណ្តាព្រំដែន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាជននៅតាមបណ្តាព្រំដែន
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដូចម្តេចខ្លះ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពតាមព្រំដែន?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ចំពោះប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយសារស្ថានភាពតាមព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ស្បៀងអាហារ ទឹកស្អាត សេវាសុខាភិបាល និងសម្ភារៈចាំបាច់ផ្សេងៗ។
ជាពិសេស រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការរៀបចំទីជម្រកសមរម្យ និងការសាងសង់លំនៅឋានបណ្តោះអាសន្នសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះថា«ភូមិរង់ចាំ» ដើម្បីធានាថាពួកគាត់មានកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងការបន្តការទាមទារទឹកដីដោយមិនបោះបង់ជាដាច់ខាត ដោយរាជរដ្ឋាភិបាលបាននិងកំពុងជំរុញការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមយន្តការដែលមានស្រាប់ ដើម្បីបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបរនៅក្នុងមូលដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងយូរអង្វែង។
សំណួរទី២៖ ហេតុអ្វីបានជាកម្ពុជាជ្រើសរើសប្រើច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិ ជំនួសការប្រើកម្លាំងក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ?
ចម្លើយ៖ កម្ពុជាជ្រើសរើសប្រើច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិ ជំនួសការប្រើកម្លាំងក្នុងការដោះស្រាយជម្លោះ ព្រោះកម្ពុជាយល់ថា ដំណោះស្រាយដែលផ្អែកលើច្បាប់អន្តរជាតិ គឺជាមធ្យោបាយដែលមានភាពយុត្តិធម៌ មាននិរន្តរភាព និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់ និងយន្តការសន្តិវិធី ដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែនអន្តរជាតិត្រូវបានគោរព។ ម្យ៉ាងទៀត វាបង្ហាញថា កម្ពុជាជារដ្ឋគោរព និងផ្តល់តម្លៃដល់សណ្តាប់ធ្នាប់ពិភពលោក។
សំណួរទី៣៖ តើការដោះស្រាយជម្លោះដោយសន្តិវិធី អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន?
ចម្លើយ៖ ការដោះស្រាយដោយសន្តិវិធី គឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការធានាសុវត្ថិភាព ជីវិត និងស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគោរពច្បាប់អន្តរជាតិ ការអនុវត្តបទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី នឹងជួយស្តារឡើងវិញនូវទំនុកចិត្ត ធានាសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹក អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។
ផ្ទុយទៅវិញ ប្រសិនបើជម្លោះបន្តអូសបន្លាយ ឬផ្ទុះជាការប៉ះទង្គិចប្រដាប់អាវុធ នោះអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺប្រជាពលរដ្ឋស៊ីវិល ដែលត្រូវបាត់បង់សុវត្ថិភាព និងប៉ះពាល់ដល់ជីវភាពរស់នៅ។ ដូច្នេះ សន្តិភាព គឺជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់៕





