Grand News Asia Close

Angelina Jolie ចែករំលែកក្ដីនឹករឭកដល់ជនភៀសខ្លួនកម្ពុជាក្នុងខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពាន

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1011
Angelina Jolie ចែករំលែកក្ដីនឹករឭកដល់ជនភៀសខ្លួនកម្ពុជាក្នុងខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពាន PHOTO: - Hollywood star Angelina Jolie has dedicated herself to humanitarian work in the Kingdom, including a bee-keeping project in Battambang province. Supplied

ភ្នំពេញ៖ តារាភាពយន្តហូលីវូដ និងជាសកម្មជនមនុស្សធម៌ លោកស្រី Angelina Jolie បានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិជាថ្មី ចំពោះវិបត្តិជនភៀសខ្លួននៅតាមព្រំដែនកម្ពុជា ដោយបញ្ជាក់ថា «បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ» ខណៈកម្ពុជាប្រារព្ធខួបមួយឆ្នាំនៃការចាប់ផ្តើមជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនៅតែធ្វើឱ្យប្រជាពលរដ្ឋជិត ៣ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន។

នៅក្នុងសារដែលបានបង្ហោះលើគណនី Instagram ផ្លូវការរបស់លោកស្រី កាលពីថ្ងៃទី២៤ ខែកក្កដា លោកស្រី Angelina Jolie បានរំឭកពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះ និងបានបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងគ្រួសាររបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលលោកស្រីចាត់ទុកថាជា «ប្រទេសដ៏ពិសេស» សម្រាប់ខ្លួន និងក្រុមគ្រួសារ។

លោកស្រីបានសរសេរថា៖ «កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងនៅតាមព្រំដែនកម្ពុជា ដែលបានបំផ្លាញសុវត្ថិភាព និងស្ថិរភាពរបស់ប្រជាពលរដ្ឋជាច្រើន។ មកដល់ពេលនេះ ប្រជាពលរដ្ឋជិត ៣ម៉ឺននាក់ នៅតែជាជនភៀសខ្លួននៅក្នុងប្រទេស និងមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន»។

លោកស្រីបានបញ្ជាក់ថា កម្ពុជាមានទីតាំងពិសេសក្នុងជីវិតរបស់លោកស្រីអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយកូនប្រុសច្បងរបស់លោកស្រី គឺ Maddox កើតនៅប្រទេសកម្ពុជា ហើយមូលនិធិ Maddox Foundation របស់គ្រួសារ ក៏បានអនុវត្តការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍នៅក្នុងតំបន់ព្រំដែនអស់រយៈពេលជាង២០ឆ្នាំផងដែរ។

លោកស្រីបានសរសេរថា៖ «កម្ពុជាតែងតែជាប្រទេសដ៏ពិសេសសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ នេះជាប្រទេសកំណើតរបស់កូនប្រុសខ្ញុំ ជាផ្ទះរបស់យើង ហើយអស់រយៈពេលជាង២០ឆ្នាំមកនេះ យើងបានធ្វើការជាមួយក្រុមការងារកម្ពុជាទាំងស្រុង លើការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍។ ទីស្នាក់ការរបស់ Maddox Foundation ក៏ស្ថិតនៅតាមព្រំដែន ដែលជាកន្លែងកើតមានជម្លោះកាលពីឆ្នាំមុនផងដែរ»។

លោកស្រីបានឱ្យដឹងថា នៅពេលការប្រយុទ្ធបានផ្ទុះឡើងកាលពីឆ្នាំមុន មូលនិធិត្រូវបង្ខំចិត្តជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេចេញពីតំបន់ ដែលជាបទពិសោធន៍ដ៏ឈឺចាប់ និងជាការរំឭកថា ជម្លោះអាចវិលត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។

ទោះបីជាបច្ចុប្បន្ន មូលនិធិបានបន្តសកម្មភាពការពារធនធានធម្មជាតិ និងគាំទ្រដល់សុខភាព និងជីវភាពរស់នៅរបស់សហគមន៍ឡើងវិញក៏ដោយ លោកស្រីបានបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើននៅតែរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។

លោកស្រីបានសរសេរថា៖ «ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ ទោះបីជាយើងរីករាយដែលអាចបន្តការងារការពារដីធ្លី និងគាំទ្រដល់សុខភាព និងជីវភាពរបស់សហគមន៍ឡើងវិញក៏ដោយ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ»។

សាររបស់លោកស្រី Angelina Jolie ត្រូវបានផ្សព្វផ្សាយស្របពេលកម្ពុជារំឭកខួបមួយឆ្នាំនៃការចាប់ផ្តើមការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវជម្លៀសចេញពីលំនៅឋានរបស់ខ្លួន។

ទោះបីប្រជាពលរដ្ឋភាគច្រើនបានវិលត្រឡប់ទៅភូមិកំណើតវិញហើយក៏ដោយ ទិន្នន័យរបស់រាជរដ្ឋាភិបាលបង្ហាញថា នៅមានប្រជាពលរដ្ឋជិត៣ម៉ឺននាក់នៅតែជាជនភៀសខ្លួននៅក្នុងប្រទេស ដោយសារតែស្ថានភាពសន្តិសុខមិនទាន់អនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅលំនៅឋានវិញ។ បច្ចុប្បន្ន អាជ្ញាធរបានរៀបចំភូមិបណ្តោះអាសន្នសម្រាប់ពួកគេស្នាក់នៅ ខណៈរង់ចាំលក្ខខណ្ឌសមស្របក្នុងការវិលត្រឡប់។

មូលនិធិ Maddox Foundation ដែលពីមុនមានឈ្មោះថា Maddox Jolie-Pitt Foundation បានធ្វើការនៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ ដោយផ្តោតលើការដោះមីន ការអភិរក្សធនធានធម្មជាតិ ការថែទាំសុខភាព ការអប់រំ និងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈក្រុមការងារដែលដឹកនាំដោយជនជាតិកម្ពុជា។ ទីស្នាក់ការរបស់មូលនិធិស្ថិតនៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ដោយជម្លោះកាលពីឆ្នាំមុន។

ទោះបីជាសាររបស់លោកស្រី Angelina Jolie មិនបានលើកឡើងអំពីទិដ្ឋភាពនយោបាយ ឬការទូតនៃជម្លោះក៏ដោយ ប៉ុន្តែបានរំលេចពីផលប៉ះពាល់ផ្នែកមនុស្សធម៌ និងការលំបាកដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅតែប្រឈម ខណៈពួកគេកំពុងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះ និងស្ដារជីវិតរបស់ខ្លួនឡើងវិញ។

-Post Khmer-

– The Oscar-winning actress took to Instagram on July 24 to draw the world’s attention to the plight faced by tens of thousands of Cambodian civilians who were displaced by last year’s conflict and are still unable to return to their homes. Supplied

អត្ថបទទាក់ទង