Grand News Asia Close

សារមន្ទីរសិល្បៈមេតូប៉ូលីតាន​នៅ​អាមេរិក សម្រេច​ប្រគល់​វត្ថុបុរាណចំនួន​២ នាសម័យអង្គរ និងមុនអង្គរ មក​ឱ្យកម្ពុជា​វិញ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1014
សារមន្ទីរសិល្បៈមេតូប៉ូលីតាន​នៅ​អាមេរិក សម្រេច​ប្រគល់​វត្ថុបុរាណចំនួន​២ នាសម័យអង្គរ និងមុនអង្គរ មក​ឱ្យកម្ពុជា​វិញ The two Khmer antiquities that the Metropolitan Museum of Art in New York City has agreed to return to Cambodia. Culture ministry

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យ​ដឹង​ថា វត្ថុបុរាណខ្មែរចំនួន​២​​បន្ថែមទៀត​ពីសារមន្ទីរសិល្បៈ​មេក្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន។

ពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ ប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ ហើយ​កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ក៏​បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប ជូន​មក កម្ពុជា​វិញផងដែរ បន្ទាប់ពីមានការចរចាជាច្រើន​ឆ្នាំមក។

ចំពោះ​វត្ថុបុរាណទាំង​២ក្រោយ​នេះ រួមមាន​ទី​១ ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី​៧ ឬទី៨ គ.ស. និងទី​២ បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមាន​ប្រភព​ដើម​មក​ពី​ប្រាសាទចិន ក្នុង​តំបន់​កោះកេរ។
អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ​នៃការិយាល័យរដ្ឋអាជ្ញា​​ប្រចាំ​​សង្កាត់​​ម៉ានហាតា បាន​​ផ្តល់​ភស្តុតាង​ទៅ​​សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ដោយ​បញ្ជាក់ថា «វត្ថុបុរាណទាំង​២នេះ ​ពាក់​ព័ន្ធ​នឹងបណ្ដាញ​ជួញ​ដូរ​របស់​អ្នកសី Nancy Wiener។ បន្ទាប់ពីបានពិនិត្យ​លើ​ឯកសារ​ភស្តុតាង សារមន្ទីរសិល្បៈមេត្រូប៉ូលីតា បានយល់​ព្រម​ប្រគល់​វត្ថុ បុរាណទាំងពីរ​ត្រឡប់​មក​កម្ពុជាវិញ តាមការស្នើ​របស់​ការិយាល័យរដ្ឋ​អាជ្ញា​ប្រចាំ​សង្កាត់ម៉ានហាតាន»។

ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំសង្កាត់​ម៉ានហាតា គឺជាដៃគូដ៏​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​កិច្ច​ការស្រាវជ្រាវ និងទាមទារ​​បញ្ជូនវត្ថុ​បុរាណ​ខ្មែរ​ត្រឡប់​មក​វិញ។ ក្នុងរយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញ​ដូរ​វត្ថុបុរាណ ពាក់ព័ន្ធ​នឹង​បណ្តាញ​របស់​អ្នក​ស្រី Wiener និង​រចនាសម្ព័ន្ធ ជួញដូរទ្រង់​ទ្រាយធំ។

​ក្នុង​នោះ​មាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បាន​ឈានដល់ការបញ្ជូន​វត្ថុ​បុរាណខ្មែរ​ជាច្រើន​ត្រឡប់​មក​កម្ពុជា​វិញ​ជាបន្តបន្ទាប់។ ចំណែក​អ្នកស្រី Nancy Wiener ត្រូវបាន​កាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុសច្បាប់។

ក្រសួងវប្បធម៌ បាន​​សម្ដែងនូវការ​ដឹងគុណដល់លោក Attorney Alvin Bragg រដ្ឋអាជ្ញា ប្រចាំសង្កាត់ម៉ានហាតាន និងអង្គភាព​ប្រឆាំង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការ​រដ្ឋអាជ្ញា និងក្រុមការងារ​ស៊ើប​អង្កេត ចំពោះការ​បន្ត​ប្តេជ្ញា​ចិត្តលើគោលការណ៍ដែលថា ការ​ជួញ​ដូរ​សម្បត្តិ​វប្បធម៌​ដែល​ត្រូវ បាន​គេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉ក
ផងដែរ។

ទន្ទឹមនឹង​នេះ ក្រសួង ​បាន​​កោតសរសើរចំពោះការសម្រេចចិត្តរបស់សារមន្ទីសិល្បៈមេត្រូប៉ូលីតាន ក្នុងការទទួលយកភស្តុតាង និងយល់ព្រមប្រគល់​វត្ថុបុរាណទាំងពីរនេះ​មក​កម្ពុជា​វិញ ហើយ​ក្រសួង បាន​គាំទ្រចំពោះកិច្ចការចាំបាច់ ដែល​សារមន្ទីរសិល្បៈមេត្រូប៉ូលីតា បន្តពិនិ​ត្យបន្ថែម​ទៀតលើសមុច្ច័យ​មួយ​ចំនួនរបស់ខ្លួន ដោយ​សហការជាមួយក្រសួង ចំពោះវត្ថុបុរាណខ្មែរដទៃទៀតដែលមានប្រភពដើមពីកម្ពុជា។
លើសពីនេះ ក្រសួងវប្បធម៌ បាន​ថ្លែងអំណរគុណដល់ក្រុមការងារជំនាញកម្ពុជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងអ្នកជំនាញអន្តរជាតិ ដូចជា លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងកញ្ញា Malina Antoniadis នៃ NOSTOS Stragegies ដែលបានជួយជ្រោមជ្រែងក្នុងការទាមទារបញ្ជូនសម្បត្តិ វប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ។

ក្រសួង ក៏​បាន​ថ្លែងអំណរគុណដល់ លោក Éric Bourdonneau អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា នៃសាលាបារាំងចុងបូព៌ា (EFEO) ប្រចាំនៅកម្ពុជា ចំពោះកិច្ចការស្រាវជ្រាវរបស់លោក អំពីបដិមាអសុរ ហិរណ្យកសិពុ (Demon Hiranyakaśipu) ពីតំបន់កោះកេរ៕

-Phnom Penh Post-

អត្ថបទទាក់ទង