វិចារណកថា៖ ថ្លៃដើមលាក់កំបាំងនៃសំណល់អេឡិចត្រូនិក៖ ការការពារសុខភាពរបស់យើង ចាប់ផ្តើមពីការកែច្នៃឡើងវិញប្រកបដោយការទទួលខុសត្រូវ
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ –
ជារៀងរាល់ឆ្នាំ ទូរស័ព្ទដៃ កុំព្យូទ័រ ទូរទស្សន៍ ថ្ម ខ្សែកាប និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរាប់លានគ្រឿង ត្រូវបានអស់សុពលភាពប្រើប្រាស់។ ផលិតផលដែលត្រូវបានបោះបង់ចោលទាំងនេះ ហៅថាកាកសំណល់អេឡិចត្រូនិក (e-waste) ហើយវាជាប្រភេទកាកសំណល់មួយដែលកំពុងតែកើនឡើងលឿនបំផុតនៅលើពិភពលោក។ ខណៈពេលដែលបច្ចេកវិទ្យាបានជួយសម្រួលដល់ជីវិតរស់នៅរបស់យើងក្នុងទម្រង់ជាច្រើនដែលមិនអាចរាប់អស់ របៀបដែលយើងបោះបង់ចោលកាកសំណល់អេឡិចត្រូនិកទាំងនេះ បែរជាបង្កើតនូវការគំរាមកំហែងថ្មីមួយយ៉ាងស្ងៀមស្ងាត់ចំពោះសុខភាពមនុស្សជាតិ។
កាកសំណល់អេឡិចត្រូនិក មិនមែនជាសម្រាមធម្មតានោះឡើយ។ នៅក្នុងឧបករណ៍អេឡិចត្រូនិកនីមួយៗ សុទ្ធតែមានវត្ថុធាតុដើមមានតម្លៃ ដូចជា ស្ពាន់ អាលុយមីញ៉ូម ប្រាក់ មាស និងធាតុដីកម្រជាដើម។ ប៉ុន្តែ ទន្ទឹមនឹងធនធានមានតម្លៃទាំងនេះ ក៏មានសារធាតុគ្រោះថ្នាក់ជាច្រើនផងដែរ រួមមាន សំណ បារត កាត់ម្ញ៉ូម ក្រូម អាសេនិក សារធាតុបន្ទន់ភ្លើងប្រូមីណាត និងគីមីពុលដទៃទៀត។ នៅពេលដែលកាកសំណល់អេឡិចត្រូនិកត្រូវបានកែច្នៃឡើងវិញបានត្រឹមត្រូវនៅក្នុងទីតាំងដែលមានអាជ្ញាប័ណ្ណ វត្ថុធាតុដើមទាំងនេះអាចត្រូវបានប្រមូលមកវិញ និងយកទៅប្រើប្រាស់ឡើងវិញដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការកែច្នៃឡើងវិញធ្វើឡើងមិនបានត្រឹមត្រូវ ផលវិបាករបស់វានឹងមានសភាពធ្ងន់ធ្ងរខ្លាំងណាស់។
នៅតាមកន្លែងជាច្រើន ឧបករណ៍អេឡិចត្រូនិកដែលបោះបង់ចោល ត្រូវបានគេរុះរើដោយដៃផ្ទាល់ដោយគ្មានឧបករណ៍ការពារខ្លួនឡើយ។ ស្រោមប្លាស្ទិកត្រូវបានគេដុតដើម្បីយកសរសៃស្ពាន់។ ផ្ទាំងសៀគ្វីត្រូវបានគេដុតកម្តៅនៅលើភ្នក់ភ្លើងចំហ។ ថ្មត្រូវបានគេវាយបំបែកដោយខ្វះការប្រុងប្រយ័ត្ន។ ពេលខ្លះ ទឹកអាស៊ីតត្រូវបានគេយកមកប្រើប្រាស់ដើម្បីចម្រាញ់យកលោហៈមានតម្លៃ ដោយគ្មានការស្តុកទុកត្រឹមត្រូវតាមបច្ចេកទេស។ ការអនុវត្តមិនមានសុវត្ថិភាពទាំងនេះ បង្កឱ្យមានការភាយចេញនូវសារធាតុពុលទៅក្នុងខ្យល់ បំពុលទន្លេនិងទឹកក្រោមដី ព្រមទាំងបំពុលដីជុំវិញនោះថែមទៀតផង។
ផលប៉ះពាល់លើសុខភាពអាចបង្កជាគ្រោះមហន្តរាយយ៉ាងខ្លាំង។
ប្រជាពលរដ្ឋដែលរស់នៅ ឬធ្វើការនៅជិតទីតាំងកែច្នៃកាកសំណល់អេឡិចត្រូនិកក្រៅប្រព័ន្ធ តែងតែដកដង្ហើមស្រូបយកផ្សែងពុល និងធូលីដីដែលមានសារធាតុពុលជារៀងរាល់ថ្ងៃ។ ភាគល្អិតតូចៗ និងសារធាតុគីមីគ្រោះថ្នាក់អាចចូលទៅក្នុងសួត និងចរន្តឈាម ដែលបង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ការខូចខាតតម្រងនោម ការខូចខាតថ្លើម និងជំងឺមហារីកមួយចំនួន។ សារធាតុពុលទាំងនេះជាច្រើនកើនឡើងនៅក្នុងរាងកាយពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានន័យថាផលប៉ះពាល់របស់វាប្រហែលជាមិនស្តែងចេញភ្លាមៗនោះទេ លុះត្រាតែច្រើនឆ្នាំក្រោយមក។
កុមារ គឺជាក្រុមដែលងាយរងគ្រោះបំផុត។ រាងកាយរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ ហើយពួកគេស្រូបយកសារធាតុពុលបានលឿនជាងមនុស្សធំ។ ការប៉ះពាល់នឹងសារធាតុសំណ និងបារត អាចរំខានដល់ការអភិវឌ្ឍខួរក្បាល កាត់បន្ថយសមត្ថភាពរៀនសូត្រ ប៉ះពាល់ដល់ការចងចាំនិងការយកចិត្តទុកដាក់ ព្រមទាំងជះឥទ្ធិពលដល់ឥរិយាបថថែមទៀតផង។ សូម្បីតែការប៉ះពាល់ក្នុងកម្រិតទាបអំឡុងពេលមានផ្ទៃពោះ ឬក្នុងវ័យកុមារភាព ក៏អាចបន្សល់ទុកផលវិបាកពេញមួយជីវិតផងដែរ។
ស្ត្រីមានផ្ទៃពោះក៏ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ដូចគ្នា។ សារធាតុគីមីមួយចំនួនដែលមាននៅក្នុងកាកសំណល់អេឡិចត្រូនិក អាចជ្រាបកាត់សុក និងជះឥទ្ធិពលដល់ទារកក្នុងផ្ទៃ ដែលបង្កើនហានិភ័យនៃបញ្ហាអភិវឌ្ឍន៍ និងផលប៉ះពាល់មិនល្អនៅពេលសម្រាលកូន។ ការការពារមាតាពីការប៉ះពាល់នឹងសារធាតុពុល ក៏ជាការការពារមនុស្សជំនាន់ក្រោយដូចគ្នា។
ការកែច្នៃកាកសំណល់អេឡិចត្រូនិកមិនបានត្រឹមត្រូវ ក៏គំរាមកំហែងដល់អាហារ និងប្រភពទឹករបស់យើងផងដែរ។ លោហៈពុលអាចជ្រាបចូលទៅក្នុងដី និងបំពុលផលដំណាំ។ សារធាតុបំពុលអាចហូរចូលទៅក្នុងទន្លេនិងបឹង ដែលប៉ះពាល់ដល់ត្រី និងសត្វក្នុងទឹកដទៃទៀត។ នៅពេលដែលសារធាតុបំពុលទាំងនេះចូលទៅក្នុងខ្សែសង្វាក់អាហារ ពួកវានឹងធ្វើដំណើរមកដល់តុអាហាររបស់យើងនៅថ្ងៃណាមួយជាមិនខាន។
គ្រោះថ្នាក់នេះលាតសន្ធឹងហួសពីសុខភាពបុគ្គលម្នាក់ៗ។ ដីដែលរងការបំពុលនឹងបាត់បង់ជីជាតិ។ ប្រភព ទឹកដែលរងការបំពុលត្រូវចំណាយថវិការច្រើនក្នុងការសម្អាត។ សហគមន៍ត្រូវរ៉ាប់រងការចំណាយលើសេវាថែទាំសុខភាពកាន់តែខ្ពស់។ មនុស្សជំនាន់ក្រោយត្រូវទទួលមរតកនៃការខូចខាតបរិស្ថាន ដែលអាចត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីស្តារឡើងវិញ។ ហេតុដូចនេះហើយ ការកែច្នៃកាកសំណល់អេឡិចត្រូនិកមិនបានត្រឹមត្រូវ មិនមែនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈផងដែរ។
ទោះជាយ៉ាងណា បញ្ហានេះយើងអាចការពារបាន។
រាជរដ្ឋាភិបាលគួរតែពង្រឹងបទប្បញ្ញត្តិស្តីពីការប្រមូល ការដឹកជញ្ជូន និងការកែច្នៃកាកសំណល់អេឡិចត្រូនិក ព្រមទាំងធានាថាទីតាំងកែច្នៃឡើងវិញទាំងអស់ត្រូវអនុវត្តតាមស្តង់ដារបរិស្ថាន និងសុវត្ថិភាពការងារឱ្យបានតឹងរ៉ឹង។ ការបោះបង់ចោលសំណល់ខុសច្បាប់ ការដុតកាកសំណល់ចំហ និងការកែច្នៃឡើងវិញដែលមិនមានសុវត្ថិភាព ត្រូវតែលុបបំបាត់តាមរយៈការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
ក្រុមហ៊ុនផលិតក៏មានការទទួលខុសត្រូវសំខាន់ដូចគ្នា។ ផលិតផលអេឡិចត្រូនិកគួរតែត្រូវបានរចនាឡើងឱ្យមានអាយុកាលប្រើប្រាស់បានយូរ ងាយស្រួលជួសជុល និងមានលក្ខណៈសាមញ្ញក្នុងការកែច្នៃឡើងវិញដោយសុវត្ថិភាព។ ក្រុមហ៊ុនផលិតគួរតែជួយបង្កើតប្រព័ន្ធប្រមូលទិញវិញ ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រគល់ឧបករណ៍អេឡិចត្រូនិកដែលឈប់ប្រើប្រាស់ មកធានាការគ្រប់គ្រងបានត្រឹមត្រូវ។
សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ មិនត្រូវដុតកាកសំណល់អេឡិចត្រូនិកឡើយ។ មិនត្រូវបោះចោលថ្ម ឬឧបករណ៍អេឡិចត្រូនិកឡាយឡំជាមួយសម្រាមក្នុងផ្ទះធម្មតានោះទេ នៅពេលដែលមានកម្មវិធីប្រមូលកាកសំណល់ប្រកបដោយសុវត្ថិភាព។ ផ្ទុយទៅវិញ ត្រូវយកឧបករណ៍អេឡិចត្រូនិកដែលឈប់ប្រើប្រាស់ទាំងនោះ ទៅកាន់មជ្ឈមណ្ឌលប្រមូលកាកសំណល់ដែលមានការអនុញ្ញាត ដើម្បីគ្រប់គ្រងវាប្រកបដោយការទទួលខុសត្រូវ។
មុននឹងទិញឧបករណ៍អេឡិចត្រូនិកថ្មី សូមសួរខ្លួនឯងថា តើឧបករណ៍ចាស់នៅតែអាចជួសជុល ឬដំឡើងស៊េរីបានដែរឬទេ។ ការពន្យារអាយុកាលប្រើប្រាស់នៃផលិតផលអេឡិចត្រូនិក គឺជាវិធីមួយដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយកាកសំណល់អេឡិចត្រូនិក។
ទូរស័ព្ទដៃគ្រប់គ្រឿងដែលបានយកមកប្រើប្រាស់ឡើងវិញ កុំព្យូទ័រគ្រប់គ្រឿងដែលបានជួសជុល និងថ្មគ្រប់គ្រាប់ដែលបានកែច្នៃឡើងវិញដោយសុវត្ថិភាព សុទ្ធតែជួយកាត់បន្ថយការបំពុល និងចូលរួមការពារសុខភាពសាធារណៈ។
អនាគតនៃបច្ចេកវិទ្យា មិនគួរដោះដូរមកវិញដោយការប៉ះពាល់ដល់សុខភាពមនុស្សជាតិនោះឡើយ។ ការរីកចម្រើនគួរតែជួយលើកកម្ពស់ជីវិតរស់នៅរបស់យើង មិនមែនបង្កគ្រោះថ្នាក់ដល់យើងនោះទេ។ ការគ្រប់គ្រងកាកសំណល់អេឡិចត្រូនិកប្រកបដោយការទទួលខុសត្រូវ អនុញ្ញាតឱ្យយើងអាចប្រមូលយកមកវិញនូវធនធានមានតម្លៃ ទន្ទឹមនឹងការចូលរួមការពារខ្យល់អាកាសដែលយើងដកដង្ហើម ទឹកដែលយើងពិសារ អាហារដែលយើងបរិភោគ និងសុខភាពក្រុមគ្រួសាររបស់យើងគ្រប់ៗគ្នា។
បរិស្ថានស្អាត គឺជាគ្រឹះនៃសង្គមដែលមានសុខភាពល្អ។ តាមរយៈការគ្រប់គ្រងកាកសំណល់អេឡិចត្រូនិកប្រកបដោយការទទួលខុសត្រូវ យើងមិនមែនគ្រាន់តែបោះចោលឧបករណ៍ចាស់ៗនោះទេ ប៉ុន្តែយើងកំពុងតែចូលរួមការពារសុខុមាលភាពរបស់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
កាកសំណល់អេឡិចត្រូនិកផ្ទុកទៅដោយធនធានមានតម្លៃ ប៉ុន្តែប្រសិនបើគ្រប់គ្រងវាដោយខ្វះការប្រុងប្រយ័ត្ន វាក៏បង្កប់ទៅដោយគ្រោះថ្នាក់ដែលមើលមិនឃើញផងដែរ។ ចូរយើងរួមគ្នាកែច្នៃកាកសំណល់អេឡិចត្រូនិកដោយសុវត្ថិភាព ការពារបរិស្ថានរបស់យើង និងថែរក្សាសុខភាពប្រជាជនរបស់យើងទាំងអស់គ្នា។
-ក្រសួងបរិស្ថាន-






