វិភាគអន្តរជាតិ៖ អ៉ីរ៉ង់នៅបន្ទាប់ពីយុគសម័យ Ali Khamenei
(ឡុងដ៍)៖ អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីឆ្នាំ២០២៤ បាននិយាយថាជីវិតដ៏ល្អឥតខ្ចោះគឺជាជីវិតមួយដែលក្នុងនោះមនុស្សម្នាក់ទទួលបានការអប់រំ ក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សាសនា និងអាចរស់នៅដល់អាយុ៨០ ឬ៩០ឆ្នាំ ហើយក្រោយមកក៏ក្លាយទៅជាទុក្ករបុគ្គល។ ជិតមួយឆ្នាំក្រោយមក លោក Khamenei មានអាយុ៨៦ឆ្នាំ បានសមតាមបំណងដោយលោកត្រូវបានសម្លាប់ក្នុងការវាយប្រហាររួមគ្នាពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ក្រុមអ្នកគាំទ្របានចាត់ទុកថាការស្លាប់របស់លោក Khamenei សម្រេចបាន នូវឧត្តមគតិបដិវត្តន៍ដែលលោកតែងតែនិទានប្រាប់ក្រុមអ្នកគាំទ្រ។
សពលោក Khamenei ត្រូវបានបញ្ចុះនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងទីក្រុងពិសិដ្ឋរបស់អ៉ីរ៉ង់ Mashhad ដែលជាស្រុកកំណើតរបស់លោក។ ការបញ្ចុះសពនេះនឹងក្លាយជានិមិត្តរូប មួយនៃទីអវសានយុគសម័យដឹកនាំអ៉ីរ៉ង់ជិត ៣៧ឆ្នាំ របស់លោក Khamenei ហើយបើកទំព័រថ្មីមួយឱ្យកូនប្រុសរបស់លោក គឺលោក Mojtaba Khamenei ឡើងដឹកនាំប្រទេសមួយដែលទើបតែ រងការខូចខាតដោយសារតែសង្រ្គាម និងរួមរឹតដោយវិបត្តិសេដ្ឋកិច្ច។ គេមិនទាន់ដឹងច្បាស់ថាលោក Mojtaba ដែលមិនទាន់បានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីការតែងតាំងរូបលោកកាលពីខែមីនាមក មានផែនការដឹកនាំអ៉ីរ៉ង់យ៉ាងដូចម្ដេចនោះទេ? ប៉ុន្តែក្រុមអ្នកវិភាគយល់ថាដោយសារតែមិនសូវមានកេរិ៍្តឈ្មោះដូចឪពុក លោក Mojtaba អាចនឹងត្រូវដឹកនាំអ៉ីរ៉ង់នៅក្រោមប្រព័ន្ធមួយដែលស្ថាប័នសំខាន់ៗ មួយចំនួនរបស់អ៉ីរ៉ង់ ជាពិសេសគឺកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC នឹងដើរតួនាទីកាន់តែធំជាងមុន បើទោះជាលោក Mojtaba នៅតែជាអ្នកសម្រេចចិត្តចុងក្រោយក៏ដោយ។
សំណួរនៅទីនេះនោះគឺថាតើគំរូដឹកនាំរបៀបនេះអាចនឹងធានាបាននូវអាយុជីវិតយូរអង្វែងសម្រាប់របបដឹកនាំតេហេរ៉ង់ដែរឬក៏យ៉ាងណា? ក្រុមមន្ត្រីអ៉ីរ៉ង់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអះអាងថាអ៉ីរ៉ង់ឥលូវ បានដើរដល់ចំណុចមួយដែលសូម្បីតែមេដឹកនាំកំពូលក៏លែងអាចដោះស្រាយបញ្ហារបស់ប្រទេសបានទៀតដែរ ដ្បិតបញ្ហាប្រឈមទាំងក្នុងស្រុក និងនយោបាយការបរទេសមានភាពស្មុគស្មាញខ្លាំងពេក។ តែយ៉ាងនេះក្ដី ប្រភពដដែលបន្តថាលោក Mojtaba កំពុងស្ថិតក្នុងគោលជំហរមួយដ៏ប្រសើរ ក្នុងការបើកទំព័រថ្មីមួយដែលក្នុងនោះលោកត្រូវតែប្រមូលការគាំទ្រពីស្ថាប័នធំៗរបស់អ៉ីរ៉ង់តួយ៉ាងដូចជា IRGC។ IRGC នៅក្រោមការដឹកនាំរបស់មេបញ្ជាការថ្មី លោក Ahmad Vahidi បច្ចុប្បន្នមានឥទ្ធិពលយ៉ាងធំលើសន្តិសុខជាតិ និងគោលនយោបាយការបរទេស ព្រមទាំងសេដ្ឋកិច្ចប្រទេសមួយផ្នែកធំ។ លោក Mojtaba ក៏ត្រូវបានរំពឹងដែរថានឹងត្រូវពឹងផ្អែកលើស្ថាប័នសាសនាដើម្បីជួយរូបលោកប្រមូលផ្ដុំការគាំទ្រក្នុងករណីមានវិបត្តិណាមួយកើតឡើង ក៏ដូចជាថែរក្សាបណ្ដាញចលនាប្រដាប់អាវុធក្នុងតំបន់មជ្ឈិមបូព៌ា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ដូចជាក្រុមហេសបូឡានៅលីបង់ និងក្រុមហ៊ូទីនៅយេម៉ែន។
«បណ្ដាញចលនាប្រដាប់អាវុធដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់លោក Ali Khamenei បានចូលរួមចំណែកជួយឱ្យរបបដឹកនាំអ៉ីរ៉ង់អាចរស់រានមានជីវិតពីសង្រ្គាម»។ នេះជាការគូសបញ្ជាក់របស់ លោក Saeed Laylaz ជាអ្នកវិភាគីពីអ៉ីរ៉ង់ម្នាក់។ តាមអ្នកវិភាគរូបនេះ លោក Mojtaba Khamenei នឹងនៅតែមានអំណាចក្នុងការធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហាជាតិធំៗ ប៉ុន្តែស្ថាប័នផ្សេងទៀត ក៏អាចនឹងដើរតួនាទីកាន់តែធំជាងមុនដែរក្នុងការសម្រេចចិត្តលើបញ្ហាជាតិ។ មកទល់នឹងពេលនេះ គេមិនទាន់ដឹងថាតើលោក Mojtaba ស្ថិតនៅទីណានោះទេ? លោក Mojtaba បានធ្វើការសម្រេចចិត្តដ៏ធំមួយ កាលពីខែមិថុនាកន្លងទៅ តាមរយៈការអនុញ្ញាតឱ្យប្រធានាធិបតីអ៉ីរ៉ង់ លោក Pezeshkian ចុះអនុស្សារណៈយោគយល់មួយជាមួយសហរដ្ឋអាមេរិកដើម្បីបើកច្រកសមុទ្រ Hormuz។ ក្នុងសេចក្ដីថ្លែងការណ៍ ជាសំណេរសរសេរដោយដៃ លោក Mojtaba បាននិយាយថាជាលក្ខណៈបុគ្គល រូបលោកប្រឆាំងជំទាស់ជាគោលការណ៍ទៅនឹងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែលោកបញ្ជាក់ថារូបលោកត្រូវតែ សម្រេចចិត្តអនុញ្ញាតឱ្យចុះកិច្ចព្រមព្រៀងនេះ ក៏ព្រោះតែមានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់ ដែលមានមេបញ្ជាការយោធាជាន់ខ្ពស់អ៉ីរ៉ង់ជាសមាជិក និងមានប្រធានាធិបតីជាប្រធាន។
សេចក្ដីថ្លែងការណ៍របស់លោក Mojtaba ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថាការទទួលខុសត្រូវធ្វើឱ្យកិច្ចព្រមព្រៀងក្លាយទៅជាប្រយោជន៍សេដ្ឋកិច្ច ក្នុងនោះរួមមានទាំងការបញ្ចេញទ្រព្យសម្បត្តិអ៉ីរ៉ង់ដែលត្រូវបានបង្កក គឺជាអំរែកមួយរបស់លោក Pezeshkian។ ការធ្វើបែបនេះអាចសន្មត់បានថាលោក Mojtaba កំពុងព្យាយាមបន្តដើរតាមយុទ្ធសាស្ត្ររក្សាតុល្យភាពអំណាចដែលឪពុករបស់លោកបានប្រើប្រាស់ដើម្បីគ្រប់គ្រងលើ គូប្រជែងក្នុងរបបដឹកនាំអ៉ីរ៉ង់។ នៅម្ខាងទៀត លោក Mojtaba បានផ្ដល់ឱកាសឱ្យអ្នកនយោបាយប្រាកដនិយមដូចជាប្រធានសភាអ៉ីរ៉ង់ លោក Ghalibaf ចូលរួមចំណែកក្នុងការសម្រេចចិត្តផងដែរ។ លោក Ghalibaf ជាមនុស្សម្នាក់ដែលសម្លឹងឃើញថាកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកជាមធ្យោបាយតែមួយគត់ដើម្បីដូរយកការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និងសម្រាលសម្ពាធសេដ្ឋកិច្ច។ «លោក Ghalibaf បានក្លាយជាដៃស្ដាំរបស់មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។ លោកបានយល់យ៉ាងច្បាស់ថាអាទិភាពចម្បងរបស់លោកនោះគឺការអភិវឌ្ឍ ហើយលោកនឹងបន្តបង្ហាញថារូបលោកជាមនុស្សប្រាកដនិយម»។ នេះបើតាម ការលើកឡើងពីប្រភពផ្ទៃក្នុងអ៉ីរ៉ង់ប្រាប់ Financial Times។
លោក Hamid-Reza Taraghi ជាអ្នកនយោបាយអ៉ីរ៉ង់ម្នាក់មានជំហឹងរឹងរូសបាននិយាយថា នៅក្នុងទំព័រថ្មី មេដឹកនាំកំពូលអ៉ីរ៉ង់នឹងបង្ហាញការអត់ធ្មត់ និងអត់ឱនតិចតួចចំពោះចលនា ឬអ្នកប្រឆាំងនឹងរបបអ៉ីរ៉ង់ នៅក្នុងស្រុក។ លោកបន្ថែមថាស្ថាប័ន ឬអង្គភាពទាំងឡាយដែលដឹកនាំដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់នឹងជួយមេដឹកនាំកំពូលថ្មីប្រមូលអំណាចយ៉ាងធំដើម្បីចាត់ចែងកិច្ចការជាតិ។ ចំណែក អតីតមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ម្នាក់ទៀតដែលមាននិន្នាការកំណែទម្រង់និយម បានសង្កត់ធ្ងន់ថាអ៉ីរ៉ង់អាចនឹងកាន់តែរឹតត្បិតខ្លាំងជាងមុនលើផ្នែកនយោបាយ តែអាចនឹងបើកចំហលើបញ្ហាសង្គម។ តែនេះមិនមែនមាន័យថាសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងមានការផ្លាស់ប្ដូរធំដុំនោះទេ។ លោក Mojtaba អាចនឹងធ្វើការផ្លាស់ប្ដូរមួយចំនួនលើគោលនយោបាយក្នុងស្រុក ហើយរបបរបស់លោកនឹងកាន់តែឡើងចាងចំពោះគោលនយោបាយការបទេស។ ក្នុងនោះ នយោបាយមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រពែក្ស ប្រហែលជានឹងមានភាពម៉ឺងម៉ាត់ជាងមុន ដ្បិតអ៉ីរ៉ង់លែងខ្លាចក្នុងការធ្វើសង្រ្គាមទៀតហើយ៕
-Fresh News-






