Grand News Asia Close

បទយកការណ៍៖ បេសកកម្ម ៣០ឆ្នាំក្នុងការថែរក្សាការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ បទយកការណ៍ ព័ត៌មានជាតិ 409
បទយកការណ៍៖ បេសកកម្ម ៣០ឆ្នាំក្នុងការថែរក្សាការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ  បទយកការណ៍៖ បេសកកម្ម ៣០ឆ្នាំក្នុងការថែរក្សាការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ 

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានខិតខំអស់រយៈពេលប្រមាណ ៣០ឆ្នាំ ក្នុងការថែរក្សាការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ លើកតម្លៃបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ គិតចាប់ពីពេលអង្គការយូណេស្កូ បានចុះតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌ នៅឆ្នាំ១៩៩២ ក្នុងនោះមានកិច្ចការ និងបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។

រមណីយដ្ឋានអង្គរត្រូវបានដកចេញ ពីបញ្ជីបេតិកភណ្ឌប្រឈមគ្រោះថ្នាក់កាលពីឆ្នាំ២០០៤ ក្រោមកិច្ចខិតខំរៀបចំ សង្គ្រោះ លើកតម្លៃឡើងវិញរបស់គណៈកម្មការអាយស៉ីស៉ី-អង្គរ ដែលមានជប៉ុន និងឥណ្ឌាជាសហប្រធាន និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នប្រតិបត្តិ។ ក្រោមកិច្ចខិតខំនេះ រមណីយដ្ឋានអង្គរត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ់ជាងគេសម្រាប់ប្រទេសកម្ពុជា។

ប៉ុន្តែស្របពេលកំណើនទេសចរកំពុងកើនឡើង ប្រជាពលរដ្ឋមួយចំនួន បានលួចមកតាំងទីលំនៅលើដីធ្លីនៃតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរនេះ ទាំងខុសច្បាប់។ វត្តមាននៃការតាំងទីខុសច្បាប់នេះ បានគំរាមកំហែងដល់តម្លៃលេចធ្លោជាសកល និងបំផ្លាញសោភ័ណភាពទេសភាពនៃតំបន់។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មានការលួចសាងសង់នៅក្នុងតំបន់អង្គរ ដែលធ្វើឱ្យខូចខាតបុរាណវិទ្យាក្រោមដី និងខ្សែទឹកក្រោមដីដែលជាប្រភពលំនឹងនៃប្រាសាទបុរាណខ្មែរក្នុងតំបន់ផងដែរ។ គិតត្រឹមឆ្នាំ២០១៧ មានដល់ទៅជាង៥០០សំណង់ ដូច្នេះអង្គការយូណេស្កូធ្វើលិខិតមករាជរដ្ឋាភិបាលកម្ពុជា សូមឱ្យដោះស្រាយបញ្ហារីករាលដាលសំណង់នៅក្នុងតំបន់អង្គរ ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់តម្លៃជាសកលនៃរមណីយដ្ឋានអង្គរ។

រហូតដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត «ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា» ដើម្បីចាត់វិធានការលើបញ្ហាខាងលើនោះ។ នៅចំពោះមុខ រាជរដ្ឋាភិបាលបានបង្កើតតំបន់អភិវឌ្ឍន៍ចំនួន២ធំៗ គឺតំបន់រុនតាកឯ នាស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់ពាក់ស្នែង នាស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់រៀបចំសហគមន៍ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្ដូរពីតំបន់បេតិកភណ្ឌអង្គរមករស់នៅក្នុងទីតាំងថ្មីនេះ។

លោកស្រី ឆេង ចន្ថា ពលរដ្ឋដែលបានផ្លាស់ទីពីតំបន់អង្គរមករស់នៅតំបន់រុនតាឯក បានបញ្ជាក់ថា ដីដែលទទួលបានថ្មីនៅរុនតាឯកនោះ គឺមានភាពទូលាយស្រួលរស់នៅជាងខុសពីការរស់នៅតំបន់អង្គរលើកមុន ដែលមិនមានភាពស្របច្បាប់។

អ្នកជំនាញអាយស៉ីស៉ី-អង្គរ លោក Mounir Bouchenaki បានមើលឃើញពីការរៀបចំប្រកបដោយការយកចិត្តទុកដាក់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលមានទេសភាពស្អាត ផុតពីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ។ លោកថា ទីនេះជាសហគមន៍អភិវឌ្ឍដ៏ធំសម្បើមមួយ មានហេដ្ឋារចនាសម្ពន្ធសម្បូរបែបសម្រាប់បម្រើជូនប្រជាពលរដ្ឋ ដែលជាក្ដីសង្ឃឹមថ្មីក្នុងការកសាងអនាគតរបស់ប្រជាពលរដ្ឋ និងកូនចៅរបស់ពួកគាត់។

ទាំងអស់នេះហើយ គឺជាគោលនយោបាយដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវតម្លៃក្នុងតំបន់ការពារបេតិកភណ្ឌអង្គរផង និងជួយប្រជាពលរដ្ឋឱ្យទទួលបាននូលំនៅដ្ឋានសមរម្យផងដែរ។

អាជ្ញាធរជាតិអប្សរានៅតែប្ដេជ្ញាបន្តការខិតខំការពារតម្លៃបេតិកភណ្ឌនៃរមណីយដ្ឋានអង្គរ ព្រមទាំងអំពាវនាវឱ្យមានការចូលរួមក្នុងការការពារ អភិរក្សតំបន់ដ៏អស្ចារ្យនេះសម្រាប់ប្រជាជាតិកម្ពុជា ក៏ដូចជាសម្រាប់តម្លៃសកលលោកតទៅទៀត ក្រោមទិសស្លោក៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប»៕

អត្ថបទទាក់ទង