វិភាគ៖ មេបក្សកាន់អំណាចប្រទេសក្នុងឥណ្ឌូចិន បង្កើនកិច្ចសហការស្របពេលថៃចង់តាំងខ្លួនជាបងធំក្នុងតំបន់
មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសទាំងបីក្នុងឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និងឡាវ បានបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររយៈពេលពីរថ្ងៃ គឺនៅថ្ងៃសុក្រ ទី៦ ដល់ថ្ងៃសៅរ៍ទី៧ ខែកុម្ភៈនេះ។ កិច្ចប្រជុំដែល ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងមិត្តភាពរវាងប្រទេសជ្រោយឥណ្ឌូចិនឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។
យ៉ាងណាក៏ដោយ ជំនួបកំពូលនៃអ្នកដឹកនាំនយោបាយប្រទេសទាំងបីនេះ ធ្វើឡើងចំពេលដែលប្រទេសថៃព្យាយាមបង្ហាញមហិច្ឆតាពង្រីកឥទ្ធិពល និងហាក់ដូចជាតាំងខ្លួនជាបងធំក្នុងតំបន់អាស៊ាន។
អ្នកវិភាគសង្គម និងភូមិសាស្រ្តនយោបាយ មើលឃើញថា សម្រាប់កម្ពុជា ទំនាក់ទំនងជាមួយវៀតណាម និងឡាវ គឺជាបង្អែកសន្តិសុខដ៏សំខាន់តាមបន្ទាត់ព្រំដែន និងជាច្រករបៀងសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។ ទំនាក់ទំនងរវាងក្រុងភ្នំពេញ ហាណូយ និងវៀងច័ន្ទ ត្រូវបានកសាងឡើងលើមូលដ្ឋានគ្រឹះនៃមិត្តភាពប្រពៃណី យុទ្ធសាស្ត្រ និងសាមគ្គីភាព។
បើតាមអ្នកវិភាគនយោបាយកម្ពុជា ការប្រមូលផ្ដុំកម្លាំងរវាងបក្សកាន់អំណាចទាំងបី បានបង្កើតជាសសរស្តម្ភដ៏រឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះអាចនិយាយក្នុងសំឡេងតែមួយលើឆាកអន្តរជាតិ និងក្នុងកិច្ចប្រជុំអាស៊ាន ដែលជាការផ្ដល់សញ្ញាទៅកាន់ទីក្រុងបាងកកថា ឥណ្ឌូចិនមិនមែនជាតំបន់ដែលងាយនឹងឱ្យនរណាម្នាក់មកត្រួតត្រា ឬបង្គាប់បញ្ជាតាមអំពើចិត្តបាននោះឡើយ។
ក្នុងចំណោមប្រទេសឥណ្ឌូចិនទាំងបី ប្រទេសចំនួនពីរមានព្រំដែនរួមជាមួយប្រទេសថៃ។ គឺប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រទេសទាំងពីរសុទ្ធតែធ្លាប់ប៉ះទង្គិចដោយប្រដាប់អាវុធ ជាមួយយោធាប្រទេសថៃ។
ហេតុនេះ ការប្រមូលផ្ដុំកម្លាំងរវាងកម្ពុជា វៀតណាម និងឡាវ គឺជាយុទ្ធសាស្ត្រ រារាំងមហិច្ឆតាពង្រីកឥទ្ធិពល របស់ថៃយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលថៃព្យាយាមតាំងខ្លួនជាបងធំ ឬប្រើប្រាស់ឥទ្ធិពលយោធារបស់ខ្លួននៅតាមព្រំដែន ការរួបរួមគ្នារបស់ប្លុកឥណ្ឌូចិន នឹងធ្វើឱ្យមានអំណាចចរចាកាន់តែខ្លាំងក្លា។ កម្ពុជាដែលជាចំណុចកណ្តាលនៃទំនាក់ទំនងនេះ អាចប្រើប្រាស់សាមគ្គីភាពត្រីភាគី ដើម្បីទប់ទល់នឹងសម្ពាធណាមួយពីប៉ែកខាងលិច គឺប្រទេសថៃ ដោយមានការគាំទ្រផ្នែកនយោបាយ និងភស្តុភារពីខាងកើត គឺវៀតណាម និងខាងជើងគឺប្រទេសឡាវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា របៀបវារៈនៃកិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់បំផុត ដោយរួមមានកិច្ចប្រជុំទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំទ្វេភាគីជាមួយបក្សប្រជាជនបដិវត្តន៍ឡាវ។ ជាពិសេស ខ្លឹមសារស្នូលដែលពិភពលោកកំពុងតាមដាន គឺកិច្ចប្រជុំកំពូលត្រីភាគីរវាងបក្សកាន់អំណាចទាំងបី ដែលនឹងក្លាយជាវេទិកាកំណត់ទិសដៅសន្តិសុខ និងស្ថិរភាពរួមក្នុងតំបន់។
ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដឹកនាំផ្ទាល់ដោយឥស្សរជនកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។
ការជួបជុំគ្នានៃសម្ព័ននយោបាយឥណ្ឌូចិននៅពេលនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញនូវឆន្ទៈសាមគ្គីភាពដ៏មុតមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃសណ្ដាប់ធ្នាប់តំបន់ និងជាសក្ខីភាពនៃការរួមសុខរួមទុក្ខរវាងប្រទេសបងប្អូនទាំងបី ដែលមិនអាចមានឥទ្ធិពលខាងក្រៅណាមួយមកបំបែកបំបាក់បានឡើយ។
សម្រាប់កម្ពុជា និងវៀតណាម មានចំណងការទូតដែលបានកសាងឡើងអស់រយៈពេលជិត ៦០ ឆ្នាំមកនេះ បានក្លាយជាមរតកនៃមិត្តភាពដ៏ស្អិតល្មួត និងជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកំពុងរីកចម្រើនយ៉ាងរស់រវើកលើគ្រប់វិស័យ និងគ្រប់កម្រិត។ ទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ ត្រូវបានពង្រឹងយ៉ាងរឹងមាំ និងស្ថិរភាពយូរអង្វែង ដែលជាគ្រឹះដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់សន្តិសុខ និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។
លោក ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីវាយតម្លៃ និងកំណត់ទិសដៅអនាគតរួមគ្នា។ ហើយ វៀតណាមនៅតែបន្តចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាសសរស្តម្ភដ៏សំខាន់ និងយូរអង្វែងបំផុតនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
ចំណែក កម្ពុជា និងឡាវ មានទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៧០ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥៦ មក។ នៅក្នុងជំនួបកាលពីខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសកម្ពុជា បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឡាវ ដែលបានពូនជ្រុំកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ចំណងទាក់ទងកម្រិតខ្ពស់។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មើលឃើញថា ចំណងមិត្តភាពរវាងកម្ពុជា វៀតណាម និងឡាវ មិនមែនគ្រាន់តែជាទំនាក់ទំនងការទូតធម្មតានោះទេ ប៉ុន្តែគឺជាសម្ព័ន្ធភាពដែលមានឫសគល់យ៉ាងរឹងមាំតាំងពីសម័យតស៊ូដណ្ដើមឯករាជ្យប្រឆាំងនឹងអាណានិយមបារាំងមកម៉្លេះ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ចាប់តាំងពីដំណាក់កាលរួមសុខរួមទុក្ខក្នុងភ្នក់ភ្លើងសង្គ្រាម រហូតឈានមកដល់សម័យកាលសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន ប្រទេសភូមិផងរបងជាមួយគ្នាទាំងបីនេះ នៅតែបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យយ៉ាងល្អប្រសើរ ដែលនេះគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់ស្ថិរភាពក្នុងតំបន់។
សម្តីដើម៖ ការបន្តកិច្ចសហប្រតិបត្តិការគ្នារឹងមាំនៃប្រទេសទាំងបី គឺជាកិច្ចការល្អ ក្នុងការទប់ទល់នៃការប្រេះស្រាំនូវសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។
លោកបណ្ឌិត ថុង ម៉េងដាវិត អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា យន្តការត្រីភាគី កម្ពុជា-ឡាវ-វៀតណាម គឺជាអ័ក្សយុទ្ធសាស្ត្រដ៏សំខាន់ដែលផ្ដោតលើការសាងទំនុកចិត្តនយោបាយ ការតភ្ជាប់សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសន្តិសុខស៊ីជម្រៅក្នុងអនុតំបន់មេគង្គ។
ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមមុខនឹងការឈ្លានពានពីភាគីថៃ កម្ពុជាចាំបាច់ត្រូវកៀរគរសំឡេងគាំទ្រផ្នែកការទូតពីបណ្ដាប្រទេសអាស៊ាន ជាពិសេសឡាវ និងវៀតណាម ដើម្បីផ្ដល់ជាទម្ងន់ដល់កម្ពុជាក្នុងការរុញរឿងក្ដីនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
អ្នកជំនាញរូបនេះបានវាយតម្លៃជាយុទ្ធសាស្ត្រថា ឥទ្ធិពល និងអំណាចរបស់ថៃនៅលើឆាកតំបន់នឹងបន្តធ្លាក់ចុះយ៉ាងខ្លាំងនាពេលខាងមុខ។ បច្ចុប្បន្ន ថៃកំពុងធ្លាក់ក្នុងវិបត្តិជាប់គាំងទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងយោធា ដោយសារតែផ្ទៃក្នុងថៃបានប្រើប្រាស់ បញ្ហាព្រំដែន និងសង្រ្គាមជាមួយកម្ពុជា។
អ្នកវិភាគ មើលឃើញថា ភាពរឹងត្អឹងរបស់ទីក្រុងបាងកក បាននិងកំពុងរុញច្រានមុខមាត់ការទូតរបស់ខ្លួនឱ្យធ្លាក់ក្នុងភាពឯកោជាលក្ខណៈតំបន់។ ផ្ទុយទៅវិញ កម្ពុជា បានយកឈ្នះលើសមរភូមិការទូត ក្នុងសហគមន៍អន្តរជាតិ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ចរិតលក្ខណៈជាអ្នកសន្តិភាពនិយម និងការខិតខំពង្រីកសម្ព័ន្ធភាពមិត្តភាពជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកយ៉ាងទូលំទូលាយ។
ជ័យជម្នះផ្នែកសីលធម៌ និងការទូតនេះហើយ គឺជាខែលការពារដ៏រឹងមាំបំផុតសម្រាប់បូរណភាពទឹកដី និងអនាគតដ៏រុងរឿងរបស់កម្ពុជា៕ ទួន សុផល
-AMS-





