Grand News Asia Close

វិចារណកថា! ការត្រៀមលក្ខណៈឆ្លើយតបនឹងបាតុភូត អែលនីញ៉ូ (El Niño)៖ រាល់សកម្មភាពនៅថ្ងៃនេះ គឺដើម្បីការពារថ្ងៃស្អែក

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1011
វិចារណកថា! ការត្រៀមលក្ខណៈឆ្លើយតបនឹងបាតុភូត អែលនីញ៉ូ (El Niño)៖ រាល់សកម្មភាពនៅថ្ងៃនេះ គឺដើម្បីការពារថ្ងៃស្អែក វិចារណកថា! ការត្រៀមលក្ខណៈឆ្លើយតបនឹងបាតុភូត អែលនីញ៉ូ (El Niño)៖ រាល់សកម្មភាពនៅថ្ងៃនេះ គឺដើម្បីការពារថ្ងៃស្អែក
(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុមិនមែនជាបញ្ហាអនាគតទៀតឡើយ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទៅហើយ។ នៅទូទាំងសកលលោក ការកើនឡើងកម្តៅនៃសីតុណ្ហភាពកំពុងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លា កើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។
 
បាតុភូតអាកាសធាតុមួយដែលត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ប្រទេសជាច្រើននោះគឺ បាតុភូត «អែលនីញ៉ូ» (El Niño) ដែលជាទូទៅតែងតែនាំមកនូវសីតុណ្ហភាពកាន់តែហួតហែង លក្ខខណ្ឌស្ងួតហួតហែងអូសបន្លាយពេល របបទឹកភ្លៀងធ្លាក់ចុះ និងការកើនឡើងនូវហានិភ័យនៃគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ។
 
ទោះបីជាយើងមិនអាចទប់ស្កាត់បាតុភូត អែលនីញ៉ូ មិនឱ្យកើតឡើងបានក៏ដោយ ប៉ុន្តែយើងអាចត្រៀមលក្ខណៈឆ្លើយតបទៅនឹងបាតុភូតនេះបាន។ ការត្រៀមលក្ខណៈទុកជាមុន គឺជាបន្ទាត់ខណ្ឌចែករវាងការរងគ្រោះថ្នាក់ និងភាពធន់មាំ។
 
ការទទួលខុសត្រូវដំបូងគេបង្អស់ គឺស្ថិតនៅលើពួកយើងម្នាក់ៗ។ ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំងហួសប្រមាណ ទឹកតែមួយដំណក់ក៏មានតម្លៃមហាសាលដែរ។ យើងគួរតែប្រើប្រាស់ទឹកដោយសន្សំសំចៃ និងវៃឆ្លាត ជួសជុលក្បាលរ៉ូប៊ីណេដែលលេចជ្រាបទឹក រក្សាទុកទឹកភ្លៀងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងចៀសវាងការប្រើប្រាស់ទឹកខ្ជះខ្ជាយដោយមិនចាំបាច់។ សហគមន៍អាចសហការគ្នាដើម្បីការពារស្រះទឹក បឹងបួរ តំបន់ដីសើម និងព្រៃឈើក្នុងមូលដ្ឋាន ដែលជាប្រភពស្តុកទឹកតាមធម្មជាតិ និងជួយសម្រួលដល់របបអាកាសធាតុនៅក្នុងតំបន់។
 
ការបង្ការអគ្គិភ័យ ក៏ជារឿងសំខាន់ដូចគ្នាដែរ។ រុក្ខជាតិដែលស្ងួតហួតហែងអាចឆាបឆេះភ្លាមៗត្រឹមតែរន្ទះភ្លើងមួយចង្រ្កានប៉ុណ្ណោះ។ យើងដាច់ខាតមិនត្រូវដុតកាកសំណល់ផ្ទះបាយ កាកសំណល់កសិកម្ម ឬឈូសឆាយដីដោយប្រើប្រាស់ភ្លើងក្នុងអំឡុងរដូវប្រាំងនោះឡើយ។ ភ្នក់ភ្លើងសម្រាប់បោះជុំរុំត្រូវតែពន្លត់ឱ្យបានសូន្យសុង កន្ទុយបារីមិនត្រូវបោះចោលផ្តេសផ្តាសដោយខ្វះការប្រុងប្រយ័ត្នឡើយ ហើយជនណាក៏ដោយដែលប្រទះឃើញផ្សែងភ្លើង ឬភ្លើងឆេះព្រៃ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។ ការបង្ការមិនឱ្យមានភ្លើងឆេះតែមួយករណី អាចសង្គ្រោះដីព្រៃឈើរាប់ពាន់ហិកតា ជីវិតសត្វព្រៃរាប់មិនអស់ ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
 
កសិករក៏មានតួនាទីយ៉ាងសំខាន់ផងដែរ។ ការជ្រើសរើសពូជដំណាំធន់នឹងគ្រោះរាំងស្ងួត ការកែលម្អប្រព័ន្ធស្រោចស្រពឱ្យមានប្រសិទ្ធភាព ការប្រើប្រាស់កាកសំណល់រុក្ខជាតិគ្របដណ្តប់ដី (Mulch) ដើម្បីរក្សាសំណើមដី និងការកែសម្រួលកាលវិភាគដាំដុះ អាចជួយកាត់បន្ថយការខូចខាតបានយ៉ាងច្រើន។ ការការពារដីឱ្យមានសុខភាពល្អតាមរយៈការអនុវត្តកសិកម្មល្អ នឹងអនុញ្ញាតឱ្យដីធ្លីអាចធន់ទ្រាំបានកាន់តែប្រសើរប្រឆាំងនឹងលក្ខខណ្ឌស្ងួតហួតហែងអូសបន្លាយពេល។
 
ទីក្រុង និងសហគមន៍នានាក៏មានកាតព្វកិច្ចរៀងៗខ្លួនដែរ។ ដើមឈើគួរតែត្រូវបានការពារ មិនមែនកាប់បំផ្លាញចោលនោះឡើយ។ តំបន់បៃតងជួយធ្វើឱ្យទីក្រុងមានភាពត្រជាក់ កែលម្អគុណភាពខ្យល់ រក្សាសំណើម និងកាត់បន្ថយឥទ្ធិពលនៃរលកកម្តៅ។ ការដាំដើមឈើនៅថ្ងៃនេះ គឺជាការវិនិយោគលើភាពធន់មាំសម្រាប់ថ្ងៃស្អែក។
 
ក្រុមគ្រួសារនីមួយៗគួរតែត្រៀមលក្ខណៈសម្រាប់អំឡុងពេលដែលអាកាសធាតុក្តៅខ្លាំង ដោយការពិសាទឹកឱ្យបានគ្រប់គ្រាន់ ចៀសវាងការធ្វើសកម្មភាពនៅខាងក្រៅផ្ទះរយៈពេលយូរក្នុងអំឡុងពេលដែលមេឃក្តៅខ្លាំងបំផុត និងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ មនុស្សចាស់ជរា និងអ្នកដែលមានបញ្ហាសុខភាពប្រចាំកាយ។ ជំងឺដែលបង្កឡើងដោយសារកម្តៅ ជារឿយៗអាចបង្ការបានតាមរយៈការយល់ដឹង និងការប្រុងប្រយ័ត្នសាមញ្ញៗ។
 
វិស័យធុរកិច្ច និងឧស្សាហកម្មគួរតែប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ពង្រឹងវិធានការសុវត្ថិភាពអគ្គិភ័យ កាត់បន្ថយការភាយឧស្ម័នពុល និងធានាថាការគ្រប់គ្រងសំណល់ត្រូវបានធ្វើឡើងដោយមានការទទួលខុសត្រូវ។ ការអនុវត្តធុរកិច្ចប្រកបដោយចីរភាព មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពធន់នៃសេដ្ឋកិច្ចក្នុងអំឡុងពេលមានបញ្ហាប្រឈមពាក់ព័ន្ធនឹងអាកាសធាតុទៀតផង។
 
ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរដែនដី សាលារៀន អង្គការសង្គមស៊ីវិល ស្ថាប័នសាសនា និងវិស័យឯកជន សុទ្ធសឹងតែមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការត្រៀមលក្ខណៈទុកជាមុន និងការឆ្លើយតបឱ្យបានឆាប់រហ័សចំពោះស្ថានភាពអាសន្ន។ ភាពធន់នឹងអាកាសធាតុនឹងមានភាពរឹងមាំបំផុត លុះត្រាតែមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
 
ធម្មជាតិខ្លួនឯង គឺជាដៃគូដ៏មានឥទ្ធិពលបំផុតមួយរបស់យើង។ ព្រៃឈើដែលមានសុខភាពល្អជួយការពារប្រភពទឹក ព្រៃកោងកាងជួយការពារឆ្នេរសមុទ្រ តំបន់ដីសើមជួយរក្សាទុកទឹក ហើយជីវៈចម្រុះជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីប្រឆាំងនឹងសម្ពាធអាកាសធាតុ។ ការការពារធម្មជាតិមិនមែនជារឿងដាច់ដោយឡែកពីការការពារមនុស្សជាតិឡើយ ពោលគឺវាជាបេសកកម្មតែមួយ។
 
បាតុភូត អែលនីញ៉ូ បានដាស់តឿនយើងថា ភាពធន់នឹងអាកាសធាតុត្រូវតែចាប់ផ្តើមជាយូរណាស់មកហើយ មុនពេលដែលរលកកម្តៅដំបូងបង្អស់មកដល់។ រាល់ដើមឈើដែលយើងដាំ រាល់អគ្គិភ័យដែលយើងបង្ការ រាល់ទឹកមួយលីត្រដែលយើងសន្សំសំចៃ និងរាល់ផ្នែកនៃធម្មជាតិដែលយើងការពារ សុទ្ធសឹងតែជួយពង្រឹងសហគមន៍របស់យើងឱ្យកាន់តែរឹងមាំ។
 
អនាគតមិនមែនត្រូវបានកំណត់ដោយរបបអាកាសធាតុតែមួយមុខនោះឡើយ ប៉ុន្តែវាត្រូវបានរៀបចំឡើងដោយជម្រើសដែលយើងធ្វើនៅថ្ងៃនេះ។
ចូរយើងរួមគ្នាត្រៀមលក្ខណៈ អនុវត្តដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីគ្នាជាធ្លុងមួយក្នុងការការពារបរិស្ថានរបស់យើង ដើម្បីខ្លួនយើង ដើម្បីកូនចៅរបស់យើង និងដើម្បីមនុស្សជំនាន់ក្រោយ៕
 
ក្រសួងបរិស្ថាន

អត្ថបទទាក់ទង