វិភាគអន្តរជាតិ៖ តើតៃវ៉ាន់រៀនសូត្រអ្វីពីសង្រ្គាមអ៉ីរ៉ង់ និងអ៊ុយក្រែន?
(ហុងកុង)៖ មេរៀនពីសង្រ្គាមនៅអ៉ីរ៉ង់ និងអ៊ុយក្រែន បាន និងកំពុងជំរុញឱ្យតៃវ៉ាន់គិតគូរឡើងវិញពីយុទ្ធសាស្ត្រនៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដោយក្នុងនោះក្រុមមន្ត្រីតៃវ៉ាន់បានព្រមានថាមីស៊ីលមានតម្លៃថ្លៃតែមួយមុខមិនអាចទប់ស្កាត់ការវាយប្រហារដោយហ្វូងដ្រូន និងគ្រាប់រ៉ុក្កែតបាននោះទេ។ នៅក្នុងរបាយការណ៍មួយដាក់ជូនសភាតៃវ៉ាន់ កាលពីខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថាតៃវ៉ាន់ត្រូវការជាបន្ទាន់នូវអាវុធស្ទាក់ចាប់ ឬមីស៊ីលមានតម្លៃថោកដើម្បីទប់ទល់នឹងការរីកចម្រើនធំធាត់នៃឃ្លាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងដ្រូនរបស់ចិន។
អាវុធស្ទាក់ចាប់មានតម្លៃថោកនឹងក្លាយជាផ្នែកមួយគម្រោងប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់ Taiwan Shield ឬ T-Dome ដែលត្រូវបានរចនាឡើងក្នុងគោលដៅការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងធានាឱ្យបាននូវភាពធន់នៃការការពារខ្លួន ក្នុងករណីមានជម្លោះប្រដាប់អាវុធផ្ទុះឡើង។ តាមក្រសួងការពារជាតិតៃវ៉ាន់ គម្រោង Taiwan Shield ឬ T-Dome បានឆ្លុះបញ្ចាំងមេរៀនពីសង្រ្គាមអ៉ីរ៉ង់ និងសង្រ្គាមអ៊ុយក្រែន។ សង្រ្គាមទាំង២នេះបានបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធអាវុធមានតម្លៃថោក តួយ៉ាងដូចជាដ្រូនដែលមានសមត្ថភាពទម្លុះប្រព័ន្ធការពារដែនអាកាស ខណៈប្រព័ន្ធខែលប្រឆាំងមីស៊ីល និងសមត្ថភាពបាញ់ទម្លាក់ដ្រូនបានក្លាយជាចំណុចស្នូលមួយសម្រាប់ប្រព័ន្ធការពារដែនអាកាសសម័យទំនើប។
ក្រសួងការពារជាតិតៃវ៉ាន់មិនបានបង្ហើបឱ្យដឹងពីតម្លៃនៃអាវុធស្ទាក់ចាប់ដែលស្ថិតនៅក្រោមគម្រោងអភិវឌ្ឍនោះទេ។ តែប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថាអាវុធស្ទាក់ចាប់មួយគ្រាប់អាចមានតម្លៃ ចន្លោះពី ៥០ ០០០ដុល្លារ ដល់ ១៥០ ០០០ដុល្លារ ពោលគឺមានតម្លៃថោកជាងឆ្ងាយបើធៀបទៅនឹងគ្រាប់មីស៊ីលនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot និង Nasams របស់សហរដ្ឋអាមេរិក។
ក្នុងសម័យប្រជុំកាលពីខែឧសភា ក្រុមសមាជិកសភាតៃវ៉ាន់បានព្រមានថាការប្រើប្រាស់គ្រាប់មីស៊ីលមានតម្លៃថ្លៃប្រឆាំងនឹងអាវុធ ឬដ្រូនមានតម្លៃថោកអាចនឹងធ្វើឱ្យឃ្លាំងស្ដុកអាវុធថយចុះយ៉ាងឆាប់រហ័ស ហើយធ្វើឱ្យសមត្ថភាពរបស់តៃវ៉ាន់ចុះខ្សោយនៅក្នុងសង្រ្គាមមួយអូសបន្លាយពេលយូរ។ សមាជិកសភាតៃវ៉ាន់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់ លោក Wang Ting-yu បានចោទសួរថាតើតៃវ៉ាន់មានសមត្ថភាពប្រឈមមុខនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ចិនដែរឬក៏យ៉ាងណា? បើផ្អែកលើមេរៀនពីសង្រ្គាមរបស់អាមេរិកជាមួយអ៉ីរ៉ង់។
លោក Wang បាននិយាយថាក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលមានបច្ចេកវិទ្យាយោធាទំនើបជាងខ្លួន អ៉ីរ៉ង់បានប្រើប្រាស់ដ្រូន Shahed ដើម្បីវាយប្រហារយ៉ាងមានប្រសិទ្ធភាពលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធា ហើយនេះជាចំណុចមួយដែលយោធាតៃវ៉ាន់គួរតែរៀនសូត្រតាម។ លោក Wang ក៏បានចោទសួរដែរថាតើផ្នែកណាខ្លះដែលគម្រោងប្រព័ន្ធការពារដែនអាកាស T-Dome ត្រូវការកែលម្អបន្ទាន់បំផុត។ តាមអនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ យោធាតៃវ៉ាន់មានគម្រោងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសមានតម្លៃថោក តែមានសមត្ថភាពបាញ់ស្ទាក់មីស៊ីល ឬគ្រាប់រ៉ុក្កែត រយៈចម្ងាយឆ្ងាយ ហើយគម្រោងផលិតនៅក្នុងស្រុក និងទិញពីបរទេសកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ។ លោក Li Shih-chiang ជាប្រធានវិទ្យាស្ថាន National Chung-Shan Institute of Science and Technology បាននិយាយថាវិទ្យាស្ថានរបស់លោកមានរួចទៅហើយកម្មវិធីមួយដែលកំពុងដំណើរការ ដើម្បីអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីល ឬគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ រួមទាំងដ្រូន។ លោក Li Shih-chiang បានប្រាប់សមាជិកសភាតៃវ៉ាន់ទៀតថាការធ្វើតេស្ដប្រព័ន្ធអាវុធថ្មីនេះគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថាមីស៊ីល ឬអាវុធស្ទាក់ចាប់របស់វិទ្យាស្ថានខាងលើកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅក្រោមកំណែថ្មីចំនួន២។ មួយត្រូវបានរចនាឡើងដើម្បីប្រឆាំងដ្រូន និងកំណែទី២ ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់គ្រាប់មីស៊ីល។ សម្រាប់កំណែប្រព័ន្ធការពារដែនអាកាសប្រឆាំងដ្រូនអាចនឹងត្រូវបានអភិវឌ្ឍរួចរាល់ក្នុងឆ្នាំ២០២៦នេះ ខណៈការធ្វើតេស្ដលើប្រព័ន្ធការពារដែនអាកាស ប្រឆាំងមីស៊ីលត្រូវបានរំពឹងថានឹងធ្វើឡើងនៅឆ្នាំ២០២៧។ លោក Niu Hsu-ting ជាសមាជិកសភាតៃវ៉ាន់ម្នាក់មកពីគណបក្ស Kuomintang ដែលជាគណបក្សប្រឆាំងធំបំផុតមួយនៅតៃវ៉ាន់ ក៏បានកត់សម្គាល់ដែរថាការប្រើប្រាស់ដ្រូនអត្តឃាតរបស់អ៉ីរ៉ង់ និងមីស៊ីល ឬគ្រាប់រ៉ុក្កែតមានតម្លៃថោក នៅក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពប្រឆាំង ដ្រូន និងមីស៊ីលរបស់តៃវ៉ាន់។ លោកយល់ថាចិនមានប្រៀបយ៉ាងធំនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ្រូន និងសមត្ថភាពផលិត។ ដូច្នេះតៃវ៉ាន់គួរតែវាយតម្លៃសិក្សាពីវិធានការទប់ទល់ ដូចជាប្រព័ន្ធផ្ដាច់អ៉ីនធើណិត និងអាវុធឡាស៊ែរអភិវឌ្ឍឡើងដោយវិទ្យាស្ថាន Chung-Shan Institute។ ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានព្រមានជារឿយៗថានឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ ក្នុងករណីចាំបាច់។ បណ្ដាប្រទេសភាគច្រើនក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកមិនបានទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យមួយនោះទេ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានជំទាស់ទៅនឹងរាល់ការប៉ុនប៉ងគ្រប់គ្រង តៃវ៉ាន់ដោយប្រើកម្លាំងបាយ ហើយបានប្ដេជ្ញាចិត្តផ្គត់ផ្គង់ឱ្យតៃវ៉ាន់នូវអាវុធដើម្បីការពារខ្លួន។
របាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថាតៃវ៉ាន់មានគោលដៅធ្វើសមាហរណកម្មប្រព័ន្ធការពារដែនអាកាសឈរលើមូលដ្ឋាននៃសមត្ថភាពដែលមានស្រាប់។ ប្រព័ន្ធនេះនឹងត្រូវរួមផ្សំដោយ ប្រព័ន្ធការពារជាច្រើនស្រទាប់ sensors ទំនើបៗ និងអាវុធស្ទាក់ចាប់ដ៏មានប្រសិទ្ធភាពដែលបង្កើតបានជាខែលការពារមួយសម្រាប់តៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាខ្លួនក៏មានគម្រោង រួមបញ្ចូលគ្នាផងដែរនូវបច្ចេកវិទ្យាទំនើបៗដូចជាប្រព័ន្ធគ្រប់គ្រងដ្រូន សមត្ថភាពការពារអ៉ីនធើណិត និងប្រព័ន្ធ GPS ពីការរំខាន ឬកាត់ផ្ដាច់ ព្រមទាំងអាវុធឡាស៊ែរ និងប្រព័ន្ធ High-Power Microwave (HPM) ប្រឆាំងនឹងការធ្វើប្រតិបត្តិការរបស់ដ្រូន។
លោក Su Tzu-yun ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Institute for National Defence and Security Research បានយល់ថាតៃវ៉ាន់ត្រូវការបណ្ដាញនៃប្រព័ន្ធការពារដែនអាកាស ច្រើនស្រទាប់មួយដើម្បីការពារទីបញ្ជាការសំខាន់ៗ និងរក្សាសមត្ថភាពដើម្បីវាយបកទៅលើសត្រូវ។ តាមអ្នកវិភាគរូបនេះ គម្រោងផលិតប្រព័ន្ធការពារដែនអាកាស T-Dome មានគោលដៅរួមបញ្ចូលគ្នា មីស៊ីលផលិតក្នុងស្រុកជាមួយប្រព័ន្ធអាវុធរបស់សហរដ្ឋអាមេរិកដូចជា Patriot និង Nasams ដើម្បីបង្កើតជាបណ្ដាញការពារគ្រប់ជ្រុងជ្រោយមួយដែលគ្របដណ្ដប់លើការការពារដែនអាកាស នៅរយៈកម្ពស់ទាប មធ្យម និងខ្ពស់។
លោកបន្ថែមថាដរាបណា តៃវ៉ាន់នៅតែអាចដំណើរការប្រព័ន្ធការពារដែនអាកាស ចិនអាចនឹងពិបាកសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការវាយយកតៃវ៉ាន់ឱ្យបានលឿនរហ័ស។ តែទោះជាបែបនេះក្ដី អតីតមន្ត្រីទ័ពអាកាសតៃវ៉ាន់ លោក Chou Yu-ping បាននិយាយថាមេរៀនពីសង្រ្គាមអ៉ីរ៉ង់ដែលសន្មត់ថាកត្តាសំខាន់អាចកំណត់លទ្ធផលក្នុងជម្លោះណាមួយក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នោះគឺថាតើ ប្រព័ន្ធការពារដែនអាកាស់របស់តៃវ៉ាន់អាចគេចផុតពីការវាយប្រហារ និងថាតើការចំណាយរបស់តៃវ៉ាន់អាចទ្រទ្រង់ដល់ប្រតិបត្តិការនៃប្រព័ន្ធការពារដែនអាកាសបានយូរដល់កម្រិតណា?
តាមលោក Chou លទ្ធផលនឹងមិនអាស្រ័យលើតែអាវុធបាញ់ចំគោលដៅជាក់លាក់ ឬមានតម្លៃថ្លៃនោះទេ។ តែផ្ទុយទៅវិញ វាអាស្រ័យលើថាតើភាគីណាមួយមានបណ្ដាញ ឬប្រព័ន្ធអាវុធដែលចំណាយ លុយតិចជាង ហើយភាគីណាអាចបន្តធ្វើប្រតិបត្តិការបាន ទោះរងការវាយប្រហារ Cyber និងថាតើនរណាអាចទ្រាំបានយូរជាងនៅក្នុងសង្រ្គាមអូសបន្លាយពេលយូរ៕
-Fresh News-






