Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញទៅប្រកួតកីឡាអាស៊ីស្អែកនេះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1199
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញទៅប្រកួតកីឡាអាស៊ីស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញទៅប្រកួតកីឡាអាស៊ីស្អែកនេះ

FN- (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញាស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួម និងទទួលអនុសាសន៍ណែនាំ មុនចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែលលើកពេលពីឆ្នាំ២០២២ មករៀបចំពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កម្ពុជា នឹងបញ្ជូនប្រតិភូ មន្ដ្រីថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបចំនួន ១៨៩នាក់ លើ ១៧ប្រភេទកីឡា ចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ក្នុងនោះមានកីឡាករ-កីឡាការិនីជាង ៥០នាក់ ដែលកំពុងធ្វើការហ្វឹកហាត់នៅចិន នឹងធ្វើដំណើរទៅទីតាំងប្រកួតតែម្ដង ខណៈកីឡាករ-កីឡាការិនីជាង ៦០នាក់ ត្រូវចេញដំណើរពីកម្ពុជា ។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ចូលជួបសម្ដែងការគួរសម ជម្រាបលា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី នៅអគារវិមានសន្ដិភាព នាវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មុនចាកចេញពីមាតុភូមិញ ដើម្បីចូលរួមការប្រកួតតាមកាលបរិច្ឆេទរបស់ប្រភេទកីឡានីមួយៗ ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា «អ្វីដែលយើងទទួលបានភាពកក់ក្ដៅ តាមរយៈការអនុញ្ញាតឲ្យប្រតិភូកីឡារបស់យើង ចូលជួបសំណេះសំណាលនេះ គឺសបញ្ជាក់ឲ្យឃើញការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើឲ្យកីឡាករ-កីឡាការិនីរបស់យើង កាន់តែមានទឹកចិត្ត និងឆន្ទៈមុះមុត ដើម្បីត្រៀមលក្ខណៈប្រកួតឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ឆ្ពោះទៅរកគុណផល និងសិទ្ធផលល្អប្រសើរ ក្នុងព្រឹត្តិការណ៍ Asian Games នាពេលឆាប់ៗខាងមុខ» ។

ចំពោះអត្តពលិកកីឡាទាំង ១៧ប្រភេទ ដែលកម្ពុជាសម្រេចបញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ មកទល់ពេលនេះ មានកីឡាមួយចំនួន បានធ្វើដំណើរដល់ទីតាំងប្រកួតហើយ ពិសេសក្រុមបាល់ទះបុរសក្នុងសាល ដែលត្រូវធ្វើការប្រកួតនៅល្ងាចថ្ងៃអង្គារនេះ ដោយត្រូជួបក្រុមឥណ្ឌាមុនគេ ក្នុងពូលC ។

សូមរំឮកថា កាលពី Asian Games លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាចូលរួម និងដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះវីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងវីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលកម្ពុជា ឈ្នះមេដាយមាសកីឡាអាស៊ី ២គ្រឿង បន្ទាប់ពីវីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ។

ប៉ុន្ដែសោកស្ដាយការប្រកួតកីឡាអាស៊ីឆ្នាំនេះ ម្ចាស់មេដាយមាសកីឡាអាស៊ីទាំងពីរ ពុំបានចូលរួមប្រកួតនោះទេ ដ្បិតកីឡាម៉ូតូទឹក មិនត្រូវបានម្ចាស់ផ្ទះចិនដាក់ចូល ដែលនាំឲ្យជើងខ្លាំងលំដាប់ពិភពលោក សាលី អ៊ូមើត និងកីឡាករឆ្នើមៗផ្សេងទៀត មិនអាចចូលរួមបាន ។ រីឯកីឡាការិនី ខាន់ ចេសា ដោយសារមូលហេតុផ្ទាល់ខ្លួន គួរផ្សំនាងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី៣០ ខែកញ្ញានេះផង នាំឲ្យ (ចេសា) ខកខានចូលរួមប្រកួតដូចគ្នា ហើយអាជ្ញាធរកីឡាកម្ពុជា រួមទាំងសហព័ន្ធសាមី ក៏បានគោរពតាមការសម្រេចចិត្តនេះដែរ ៕

អត្ថបទទាក់ទង