Grand News Asia Close

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ចំពោះព្រះរាជសារលិខិតអបអរសាទរ ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 477
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ចំពោះព្រះរាជសារលិខិតអបអរសាទរ ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ចំពោះព្រះរាជសារលិខិតអបអរសាទរ ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

 

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ បានថ្វាយសារលិខិតគោរពថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារលិខិតអបអរសាទរ ជូនឯកឧត្តមបណ្ឌិត ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សារលិខិតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណថ្វាយសម្តេចម៉ែមានខ្លឹមសារដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ដោយទទួលបានព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតអំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដែល ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំង ទូលព្រះបង្គំជាំខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

ព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាឱកាសដ៏ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏មហិមាបំផុត ចំពោះរូបទូលព្រះបង្គំជាខ្ញុំ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្រ និងដ៏មានសារសំខាន់បំផុត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត របស់ទូលព្រះបង្គំជាខ្ញុំ។

ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែង ថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណ ជាអនេកប្បការដ៏ស្មោះស្ម័គ្របំផុត និងដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាន នូវព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះរាជហឫទ័យដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តមដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេង មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។

ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារ ឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

នាឱកាសដ៏មហានក្ខត្តីឫក្សដ៏ឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តា ទទួលនូវអភិវន្ទនកិច្ច ប្រកបដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕

អត្ថបទទាក់ទង