Grand News Asia Close

Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ភាគីថៃ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1007
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ភាគីថៃ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ភាគីថៃ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ភាគីថៃ
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦


សំណួរទី ១៖ តើរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការអ្វីខ្លះ ចំពោះសកម្មភាពរបស់ភាគីថៃនៅតំបន់ដែលកំពុងកាន់កាប់ដោយខុសច្បាប់?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃជាបន្តបន្ទាប់នូវគ្រប់ករណីទាំងអស់ដែលមានការ រំលោភបំពានលើបូរណភាពទឹកដីកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជំទាស់ករណីថ្មីមួយទៀតបន្ទាប់ពីភាគីថៃបានសាងសង់ព្រះពុទ្ធបដិមាចំនួនយ៉ាងតិច ៣៦អង្គ ការដំឡើងបង្គោលទង់ជាតិ ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់តាំងពី ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ មក។ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពទាំងនេះផ្ទុយនឹងសេចក្តីប្រកាសរួម របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងមិនអាចទទួលយកបានឡើយ។

សំណួរទី ២៖ តើកម្ពុជាយល់ឃើញដូចម្តេច ចំពោះសកម្មភាពសាងសង់ព្រះពុទ្ធបដិមា បង្គោលទង់ជាតិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ភាគីថៃ?

ចម្លើយ៖ កម្ពុជាចាត់ទុកសកម្មភាពសាងសង់ព្រះពុទ្ធបដិមា បង្គោលទង់ជាតិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ថៃថាជា បញ្ហាធ្ងន់ធ្ងរ ព្រោះសកម្មភាពទាំងនេះមិនមែនជាការរក្សាទីតាំងឈរជើងរបស់កងទ័ពធម្មតានោះទេ ប៉ុន្តែជាការប៉ុនប៉ងបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) ដើម្បីពង្រឹងការកាន់កាប់ដោយខុសច្បាប់ និងបង្កើតរូបភាពថាតំបន់ទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។ ទង្វើបែបនេះផ្ទុយនឹងស្មារតី និងខ្លឹមសារនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានឯកភាពគ្នា ហើយអាចប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែន និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។

សំណួរទី ៣៖ តើសកម្មភាពរបស់ថៃអាចធ្វើឱ្យកម្ពុជាបាត់បង់សិទ្ធិលើទឹកដីរបស់ខ្លួនដែរឬទេ?

ចម្លើយ៖ សកម្មភាពរបស់ថៃមិនអាចធ្វើឱ្យកម្ពុជាបាត់បង់សិទ្ធិលើទឹកដីរបស់ខ្លួននោះទេ។ រាជរដ្ឋាភិបាលកម្ពុជាបាន បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកំណត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំង ឬការទាមទារទឹកដីជាឯកតោភាគីពីភាគីថៃឡើយ។ សកម្មភាពសាងសង់ផ្សេងៗដែលថៃកំពុងអនុវត្តនៅតំបន់កាន់កាប់ដោយខុសច្បាប់ មិនអាចបង្កើតសិទ្ធិស្របច្បាប់ ឬផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់នៃទឹកដីកម្ពុជាបានទេ។ កម្ពុជានៅតែរក្សាសិទ្ធិ និងជំហររបស់ខ្លួនយ៉ាងពេញលេញ ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់។ នេះក៏ជាហេតុផលដែលកម្ពុជា ត្រូវតវ៉ាប្រឆាំងជំទាស់នឹងសកម្មភាពខុសច្បាប់របស់ភាគីថៃដើម្បីទុកជាភស្តុតាង។

សំណួរទី ៤៖ តើកម្ពុជាបានអំពាវនាវឱ្យភាគីថៃអនុវត្តវិធានការអ្វីខ្លះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន?

ចម្លើយ៖ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បញ្ឈប់សកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាព ជាក់ស្តែងនៅតាមព្រំដែន និងចូលរួមជំរុញការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ដើម្បីសម្រេចបាននូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងអ្នកជិតខាងល្អប្រកបដោយការគោរពគ្នា ទៅវិញទៅមក។ មានតែយន្តការបច្ចេកទេស ដែលផ្អែកលើច្បាប់អន្តរជាតិទេដែលអាចដោះស្រាយបញ្ហាបូរណភាពទឹកដីដោយយុត្តិធម៌ និងយូរអង្វែង៕

អត្ថបទទាក់ទង