Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1050
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦


សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យទៅថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់បែបនេះគឺជាការបំភ្លៃការពិត និងជាការបង្កើតព័ត៌មានដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះបញ្ហាព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ និងមិនប្រែប្រួលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កម្ពុជាមិនដែលទទួលយកការឈ្លានពានទឹកដីពីសំណាក់ភាគីណាមួយឡើយ ហើយក៏កំពុងប្រើប្រាស់ទាំងយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីតាមរយៈការប្រើសិទ្ធិស្របច្បាប់យ៉ាងពេញលេញរបស់ខ្លួន តាមគ្រប់មធ្យោបាយ។

សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យថៃរាយបន្លាលួស ដាក់ទូរកុងតឺន័រឈ្លានពានតាមចិត្ត គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់បែបនេះគឺជាការបំភ្លៃការពិត និងព្យាយាមធ្វើឱ្យសាធារណមតិយល់ថារាជរដ្ឋាភិបាលនៅស្ងៀម បណ្តែតបណ្តោយនិងមិនខ្វល់ចំពោះសកម្មភាពរបស់ភាគីថៃ ខណៈដែលជាក់ស្តែង កម្ពុជាមិនដែលអនុញ្ញាត ឬទទួលស្គាល់សកម្មភាពឯកតោភាគីណាមួយដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតស៊ូយ៉ាងស្វិតស្វាញ និងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងសកម្មភាពទាំងនោះរបស់កងកម្លាំងថៃ។

រាល់សកម្មភាពដែលកម្ពុជាចាត់ទុកថារំលោភលើទឹកដី ឬបង្កការប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលធ្វើការតវ៉ា កត់ត្រាជាផ្លូវការ និងបដិសេធតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិជាបន្តបន្ទាប់ និងឥតឈប់ឈរឡើយ រហូតទាល់តែមានដំណោះស្រាយត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់អន្តរជាតិ។ ការចេញលិខិតតវ៉ាទាំងនេះ មិនមែនជាការធ្វើទៅតាមតែទម្រង់បែបបទនោះទេ ប៉ុន្តែជាការប្រមូលភស្តុតាងផ្លូវច្បាប់ និងការបញ្ជាក់ជំហរផ្លូវការរបស់កម្ពុជា ដើម្បីការពារសិទ្ធិ និងអធិបតេយ្យភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។

សំណួរទី ៣៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនធ្វើអ្វីសោះ ខណៈថៃដណ្តើមកាន់កាប់ប្រាសាទបុរាណរបស់ខ្មែរ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសកម្មភាពជាបន្តបន្ទាប់ទាំងផ្នែកការទូត និងផ្លូវច្បាប់ ដើម្បីការពារអធិបតេយ្យភាព និងឆ្លើយតបចំពោះសកម្មភាពដែលប៉ះពាល់ដល់ប្រាសាទបុរាណ និងតំបន់បេតិកភណ្ឌរបស់កម្ពុជា។ កម្ពុជា តាមរយៈក្រសួងជំនាញដែលជាសេនាធិការ បានចេញសេចក្តីថ្លែងការណ៍តវ៉ា ការបដិសេធសកម្មភាពឯកតោភាគី និងការកត់ត្រាជំហរជាផ្លូវការនៅលើឆាកអន្តរជាតិ ដែលនេះគឺជាវិធានការសំខាន់ក្នុងការការពារសិទ្ធិស្របច្បាប់របស់កម្ពុជា។ ការការពារប្រាសាទ និងទឹកដី មិនមែនស្ថិតតែលើការប្រើកម្លាំងនោះទេ ប៉ុន្តែ ស្ថិតលើការប្រើប្រាស់គ្រប់មធ្យោបាយដែលមានប្រសិទ្ធភាព និងស្របច្បាប់ ដើម្បីរក្សាទាំងអធិបតេយ្យភាពជាតិ សន្តិភាពនិងសន្តិសុខរបស់ប្រជាជន។

សំណួរទី ៤៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះការបន្តឈ្លានពានឥតឈប់ឈររបស់ថៃ?

ចម្លើយ៖ កម្ពុជាមានជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងមិនប្រែប្រួលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កម្ពុជាមិនទទួលស្គាល់សកម្មភាពឯកតោភាគីណាមួយដែលរំលោភលើទឹកដី និងបេតិកភណ្ឌរបស់ខ្លួនឡើយហើយនឹងបន្តប្រើប្រាស់គ្រប់យន្តការស្របច្បាប់ ដើម្បីទាមទារនិងការពារសិទ្ធិស្របច្បាប់របស់ខ្លួន។

ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងយន្តការការទូត ព្រោះកម្ពុជាជឿជាក់ថា ការការពារទឹកដីដោយភាពឆ្លាតវៃ និងចាស់ទុំ គឺជាវិធីដែលអាចរក្សាបានទាំងអធិបតេយ្យភាពជាតិ និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋក្នុងពេលតែមួយ៕

អត្ថបទទាក់ទង