ការប្រមាថដល់អ្នកទិញ គឺលទ្ធផលបាត់ទីផ្សារ
ដោយ៖លោកតា
នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមួយ និងប្រទេសមួយទៀត “អ្នកទិញ” គឺជាកម្លាំងសំខាន់ណាស់។ ប្រទេសណាមានទីផ្សារធំ មានប្រជាជនច្រើនប្រើប្រាស់ទំនិញ ប្រទេសនោះក៏មានអំណាចសេដ្ឋកិច្ចមួយផ្នែកដែរ កម្ពុជាក៏ដូចគ្នា កន្លងមក មានមនុស្សមួយចំនួន ជាពិសេសក្រុមជ្រុលនិយមថៃ បានមើលស្រាលកម្ពុជា ដោយគិតថា បើបិទច្រកព្រំដែន ឬផ្អាកការលក់ទំនិញមកកម្ពុជា នោះប្រជាជនខ្មែរនឹងជួបការលំបាកធ្ងន់ធ្ងរ ការគិតបែបនេះ គឺដូចពាក្យខ្មែរថា «កង្កែបក្នុងអណ្ដូង» ព្រោះពួកគេមិនបានយល់ពីតម្លៃពិតនៃទីផ្សារកម្ពុជា។
តាមការពិត កម្ពុជាមិនមែនជាប្រទេសដែលរស់ដោយការដាក់ទានរបស់ថៃឡើយ ទំនាក់ទំនងពាណិជ្ជកម្ម គឺជាការដោះដូរផលប្រយោជន៍គ្នាទៅវិញទៅមក ប្រទេសថៃលក់ទំនិញមកកម្ពុជា ព្រោះពួកគេចង់បានប្រាក់ពីអ្នកប្រើប្រាស់ខ្មែរ។ ដូច្នេះ កម្ពុជាគឺជា “អ្នកទិញ” និងជា “ទីផ្សារ” ដ៏សំខាន់មួយសម្រាប់ផលិតផលថៃ ប្រសិនបើគ្មានអ្នកទិញ អ្នកលក់ប្រាកដជាជួបបញ្ហា ចំណែកអ្នកទិញវិញ តែងតែមានជម្រើសជាច្រើន អាចទិញពីប្រទេសផ្សេង ឬគាំទ្រផលិតផលក្នុងស្រុកបាន។
ជាក់ស្តែងថ្មីៗនេះ មានករណីមួយបង្ហាញយ៉ាងច្បាស់ថា ទីផ្សារកម្ពុជាមានសារៈសំខាន់ប៉ុណ្ណា ប្រជាកសិករថៃដែលដាំដូង បាននាំគ្នាដឹកផ្លែដូង ទៅលក់នៅមុខរដ្ឋសភាក្នុងទីក្រុងបាងកកក្នុងន័យ ចង្អុលមុខប្រាប់អ្នកនយោបាយនិងពួកជ្រុលនិយមថៃ-សៀម ព្រោះផលិតផលរបស់ពួកគេខ្វះទីផ្សារ។ នេះបង្ហាញថា នៅពេលបាត់បង់ទីផ្សារកម្ពុជា កសិករ និងអ្នកផលិតថៃក៏រងផលប៉ះពាល់ដូចគ្នា។ វាជាភស្តុតាងមួយបញ្ជាក់ថា កម្ពុជាមានតម្លៃសេដ្ឋកិច្ច មិនមែនជាប្រទេសតូចដែលគ្មានឥទ្ធិពលដូចដែល ពួកជ្រុលនិយមថៃ-សៀម គិតឡើយ។
ក្នុងនាមជាពលរដ្ឋខ្មែរ យើងគួរតែមានស្មារតីស្រឡាញ់ជាតិ និងគាំទ្រសេដ្ឋកិច្ចជាតិ ការធ្វើពហិកាមិនប្រើប្រាស់ទំនិញដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ គឺជាវិធីមួយក្នុងការបង្ហាញពីសាមគ្គីភាព និងភាពម្ចាស់ការរបស់ខ្មែរ។ យើងគួរងាកមកគាំទ្រទំនិញ និងកសិផលដែលផលិតដោយកសិករ និងសហគ្រាសក្នុងស្រុក។ ការគាំទ្រផលិតផលខ្មែរ មិនត្រឹមតែជួយកសិករ និងអ្នកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
លោកតាសូមផ្តាំថា៖
កម្ពុជាមានតួនាទីសំខាន់ក្នុងទីផ្សារតំបន់ ហើយប្រជាជនខ្មែរគួរមានមោទនភាពចំពោះតម្លៃរបស់ខ្លួន យើងត្រូវរួមគ្នាគាំទ្រផលិតផលខ្មែរ ប្រើប្រាស់ទំនិញខ្មែរ និងលើកទឹកចិត្តកសិករខ្មែរ ដើម្បីអោយសេដ្ឋកិច្ចជាតិរឹងមាំ និងប្រទេសជាតិរីកចម្រើនដោយឯករាជ្យ៕





