Grand News Asia Close

វិភាគអន្តរជាតិ៖ Ebola, Hantavirus តើពិភពលោកត្រៀមខ្លួនបានល្អជាងមុន សម្រាប់ជំងឺរាតត្បាតសកលបន្ទាប់?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1024
វិភាគអន្តរជាតិ៖ Ebola, Hantavirus តើពិភពលោកត្រៀមខ្លួនបានល្អជាងមុន សម្រាប់ជំងឺរាតត្បាតសកលបន្ទាប់? វិភាគអន្តរជាតិ៖ Ebola, Hantavirus តើពិភពលោកត្រៀមខ្លួនបានល្អជាងមុន សម្រាប់ជំងឺរាតត្បាតសកលបន្ទាប់?

(ហ្សឺណែវ)៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានសម្រេចប្រកាសចាត់ថ្នាក់ការផ្ទុះរាលដាលជំងឺ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្កង់ដា ជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ឬហៅកាត់ថា PHEIC។ WHO បាននិយាយថា ការរីករាលដាលដែលបង្កឡើងដោយមេរោគ Ebola បំប្លែងថ្មី Bundibugyo គឺមិនទាន់ឈានដល់លក្ខណៈវិនិច្ឆ័យដែលត្រូវចាត់ទុកជា​ជំងឺឆ្លងរាតត្បាតជាសកល ឬ pandemic ដែលជាភាពអាសន្នធ្ងន់ធ្ងរបំផុតនៅឡើយទេ ប៉ុន្តែប្រទេសនានាដែល មានព្រំប្រទល់ជាប់កុងហ្គោ គឺស្ថិតក្នុងហានិភ័យខ្ពស់នៃការឆ្លងរាលដាលខ្លាំងថែមទៀត។

តាម WHO គិតត្រឹមថ្ងៃទី១៦ ខែឧសភា មានករណីស្លាប់ដែលសង្ស័យចំនួន៨០ករណី, ករណីបញ្ជាក់ពីមន្ទីរពិសោធន៍៨ករណី, និងករណីឆ្លងសង្ស័យ ២៤៦ករណី ដែលត្រូវបានរាយការណ៍ នៅខេត្ត Ituri របស់កុងហ្គោ។ WHO បានបន្ថែមទៀតថា វាអាចទៅរួចដែលថា មានការឆ្លងរាលដាលធំខ្លាំងជាងអ្វីដែលកំពុងត្រូវបានរកឃើញ និងសេចក្ដីរាយការណ៍នាពេលនេះ ដោយសារអត្រាវិជ្ជមានខ្ពស់ នៃសំណាកដំបូងៗ និងការកើនឡើងនៃករណីសង្ស័យ ដែលកំពុងត្រូវបានរាយកាណ៍ជាបន្តបន្ទាប់។

WHO បានឱ្យដឹងថាការឆ្លងរាលដាលនៃជំងឺ Ebola នៅពេលនេះ គឺជាករណីពិសេស ដ្បិតសព្វថ្ងៃមិនទាន់មានវិធីព្យាបាល ឬវ៉ាក់សាំងប្រឆាំងវីរុស Ebola Bundibugyo ដែលត្រូវបាន ទទួលស្គាល់ ខុសពីវីរុស Ebola អម្បូរ Zaire។ ការប្រកាសចាត់ថ្នាក់ការផ្ទុះរាលដាលជំងឺ Ebola ជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិកើតមានឡើងស្របពេលបណ្ដាប្រទេសជាច្រើន កំពុងប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ Hantavirus ដែលបានផ្ទុះរាលដាលនៅលើកប៉ាល់ទេសចរណ៍មួយធ្វើដំណើរទៅកាន់តំបន់អាមេរិកខាងត្បូង កាលពីពេលថ្មីៗនេះ។ ដូច្នេះតើអ្វីទៅជា មេរោគ Ebola បំប្លែងថ្មី ហើយតើពិភពលោកត្រៀមខ្លួនបានល្អប្រសើរជាងមុនសម្រាប់ជំងឺឆ្លងរាតត្បាតសកលបន្ទាប់ឬ ខណៈ WHO កំពុងប្រឈមមុខនឹង វិបត្តិហិរញ្ញវត្ថុ?

ក្នុងពេលបច្ចុប្បន្ន ការឆ្លងរាលដាលជំងឺ Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្កង់ដា បានផ្ទុះឡើងដោយសារតែមេរោគ Ebola បំប្លែងថ្មី Bundibugyo ដែលត្រូវយកឈ្មោះ តាមខេត្ត Bundibugyo របស់អ៊ូហ្កង់ដា ជាទីដែលមេរោគបំប្លែងថ្មីនេះត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងអំឡុងការឆ្លងរាលដាលក្នុងឆ្នាំ២០០៧-ឆ្នាំ២០០៨។ ការឆ្លងរាលដាលនៃមេរោគ Bundibugyo ជាលើកទី២បានកើតឡើងក្នុងឆ្នាំ២០១២ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ តាមការសិក្សាជាសកលមួយចេញផ្សាយកាលពីឆ្នាំ២០២៤ អ្នកឆ្លងមេរោគ Bundibugyo មានអត្រាស្លាប់ ពី៣០ ទៅ៤០ភាគរយ ធ្វើឱ្យវាមិនសូវកាចសាហាវដូចជាមេរោគ Ebola បំប្លែងថ្មី Zaire ដែលអាចធ្វើឱ្យអ្នកជំងឺស្លាប់ក្នុងអត្រាដល់ទៅ ៩០ភាគរយ។ Bundibugyo ជាមេរោគ មួយក្នុងចំណោមមេរោគ ៤ប្រភេទនៃមេរោគ Ebola ដែលអាចសម្លាប់ជីវិតអ្នកជំងឺបាន។

គ្រប់មេរោគ Ebola ទាំងអស់ចម្លងជំងឺតាមរយៈការប៉ះពាល់ដោយផ្ទាល់នឹងអង្គធាតុរាវលើរាងកាយមនុស្ស ឬសត្វដែលមានផ្ទុកមេរោគ។ ការចម្លងជំងឺដោយការប៉ះពាល់អង្គធាតុរាវនៅលើរាងកាយ មនុស្សបង្កហានិភ័យខ្លាំងជាងគេដល់ក្រុមគ្រូពេទ្យ។ ជាក់ស្ដែង គ្រូពេទ្យអាមេរិកម្នាក់បម្រើការនៅកុងហ្គោ បានឆ្លងមេរោគ Ebola អំឡុងការឆ្លងរាលដាលសព្វថ្ងៃ។ តាម WHO មេរោគ Ebola បង្ករោគសញ្ញាដំបូងដូចជាផ្ដាសាយ គ្រុនក្ដៅ អស់កម្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក ហើយក្រោយមកទៀតអាចមានរោគសញ្ញាធ្ងន់ធ្ងរដូចជាក្អួត រាគ មានឈាមហូរ ក្នុងរាងកាយ ឬហូរចេញមកក្រៅតាមចម្រុះជាដើម ព្រមទាំងធ្វើសរីរាង្គមួយចំនួនឈប់ដំណើរការ។

* ហេតុអ្វី WHO កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ?
គ្រប់ពេលវេលាទាំងអស់ នៅពេលដែលភាពអាសន្នសុខាភិបាលសាធារណៈកើតឡើងនៅជុំវិញពិភពលោក ការឆ្លើយតបមុនគេបំផុតរបស់ WHO នោះគឺការកំណត់ពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺ មុននឹងដាក់ចេញផែនការដើម្បីឆ្លើយតបទៅនឹងជំងឺនោះ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២៥ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះបានប្រឈមមុខនឹងវិបត្តិហរិញ្ញវត្ថុ បណ្ដាលមកពីការខ្វះខាត មូលធិនិពីម្ចាស់ជំនួយ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus កាលពីខែឧសភា ឆ្នាំ២០២៥ បានព្រមានថាសុខាភិបាលសកលនឹងត្រូវប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរនឹងវិបត្តិ ខ្វះខាតកញ្ចប់ថវិកា ប្រសិនបើមិនមានការគាំទ្រគ្រប់គ្រាន់ពីម្ចាស់ជំនួយទេនោះ។ វិបត្តិនេះមានសភាពកាន់តែធ្ងន់ បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយធំជាងគេបំផុតរបស់ WHO បានដកខ្លួនចេញពី អង្គការមួយនេះកាលពីខែមករា ឆ្នាំ២០២៦។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពី WHO ក្នុងខែមករា ឆ្នាំ២០២៥ ដោយចោទថា WHO បរាជ័យក្នុងការដោះស្រាយកូវីដ១៩ និងវិបត្តិសុខាភិបាលអន្តរជាតិដទៃទៀត។ ការខ្វះខាតកញ្ចប់ថវិកានេះឯងបានបង្ខំឱ្យ WHO កាត់បន្ថយការចំណាយ និងការផ្គត់ផ្គង់ដល់កម្មវិធីសំខាន់ៗមួយចំនួន របស់ខ្លួន ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺឆ្លងរាតត្បាត។

* តើមានកត្តាអ្វីផ្សេងបង្កផលប៉ះពាល់ដល់ការឆ្លើយតបជាសកលទៅនឹងការជំងឺឆ្លងរាតត្បាត?
ក្រៅពីបញ្ហាហិរញ្ញវត្ថុ WHO កំពុងជួបការលំបាកក្នុងការបញ្ចុះបញ្ចូលឱ្យបណ្ដាមេដឹកនាំពិភពលោកយល់ព្រមលើសន្ធិសញ្ញាមួយដើម្បីទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកលសម្រាប់ឆ្នាំ២០២៦ នៅចំពោះមុខ ការខ្វែងគំនិតគ្នាលើការចែករំលែកសំណាកមេរោគដែលមានសារៈសំខាន់បំផុតសម្រាប់ការ​អភិវឌ្ឍវ៉ាក់សាំង។ កាលពីខែឧសភា ឆ្នាំ២០២៥ WHO បានអនុម័តកិច្ចព្រមព្រៀង Pandemic Agreement ដែលអង្គការអន្តរជាតិមួយនេះចាត់ទុកថាជាវិធីសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីទប់ស្កាត់ការជំងឺឆ្លងរាតត្បាតសកល ការត្រៀមលក្ខណៈ និងការឆ្លើយតបដែលធ្វើឱ្យកាន់តែល្អប្រសើរឡើងទាំងសន្តិសុខ សុខាភិបាលសកល និងសមភាពសុខាភិបាលសកល។ ប៉ុន្តែមកទល់នឹងពេលនេះ បណ្ដាប្រទេសជាសមាជិក UN​ មិនទាន់អាចឈានដល់ការឯកភាពគ្នាកង់សង់ស៊ីសលើការចែករំលែកសំណាកមេរោគ និងការចែករំលែកផលចំណេញ នៅក្រោមកិច្ចព្រមព្រៀងនេះនោះទេ ក៏ព្រោះតែប្រទេសនីមួយៗបារម្ភថាមិនអាចទទួលបានវ៉ាក់សាំង និងការព្យាបាលដោយស្មើភាព បន្ទាប់ពីការចែករំលែកទិន្នន័យស្ដីពី សំណាកមេរោគ។

* ទំនោរប្រឆាំងនឹងការចាក់វ៉ាក់សាំងកើនឡើង
អំឡុងការឆ្លងរាតត្បាតកូវីដ១៩ ជាពេលដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនតូច ប្រកាសដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណា មនុស្សជាច្រើនបានប្រកែកមិនចង់ចាក់វ៉ាក់សាំង ដ្បិតបារម្ភពី ផលប៉ះពាល់ក្រោយការចាក់វ៉ាក់សាំង ខណៈនៅលើបណ្ដាញទំនាក់ទំនងសង្គមមានការចែករំលែកយ៉ាងផុលផុសពីព័ត៌មានមិនពិតអំពីសុវត្ថិភាព និងហេតុផលដែលត្រូវចាក់វ៉ាក់សាំង។ បើតាមសេចក្ដីរាយការណ៍មួយកាលពីខែកក្កដា ក្នុងឆ្នាំ២០២៥ ចេញផ្សាយដោយទស្សនាវដ្តី BMJ ទំនោរប្រឆាំងការចាក់វ៉ាក់សាំងនៅក្នុងថ្នាក់ដឹកនាំមួយចំនួននៃទីភ្នាក់ងារសុខាភិបាលអាមេរិក មានការកើនឡើង។ ក្នុងនោះលោក Robert F Kennedy Jr ជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក បានស្ថិតក្នុងចំណោមថ្នាក់ដឹកនាំទាំងនោះដែលតែងតែលើកកម្ពស់ការអះអាងដែលមិនត្រូវបានផ្ទៀងផ្ទាត់ អំពីគ្រោះថ្នាក់នៃវ៉ាក់សាំង ហើយក៏ប្រឆាំងនឹងវ៉ាក់សាំងកូវីដ១៩ផងដែរ។

ស្របពេលដែលចលនាប្រឆាំងវ៉ាក់សាំងកើតឡើង និងការខ្វះខាតកញ្ចប់ថវិកា ស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចពិភពលោកកំពុងធ្វើឱ្យមេដឹកនាំពិភពលោកមានការលំបាក ក្នុងការត្រៀមលក្ខណៈឆ្លើយតបទៅ នឹងជំងឺឆ្លងរាតត្បាតសកល។ លើសពីនេះទៅទៀត សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ដែលបង្កឱ្យតម្លៃប្រេង និងហ្គាសឡើងថ្លៃក៏កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើរផងដែរ។ ការកើនឡើងតម្លៃថាមពលបានបង្កការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការធ្វើដំណើរអន្តរជាតិ ព្រមទាំងធ្វើឱ្យថ្នាំពេទ្យឡើងថ្លៃទៀតផង។ ជាឧទាហរណ៍៖ នៅចក្រភពអង់គ្លេស ឱសថស្ថានជាច្រើន បានដំឡើងថ្លៃពី២០ ទៅ៣០ភាគរយលើថ្នាំពេទ្យដែលអាចទិញដោយមិនចាំបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យ។

លោក Ghebreyesus កាលពីខែកុម្ភៈ ឆ្នាំ២០២៦ បាននិយាយថាកូវីដ១៩ បានបង្រៀនមេរៀនជាច្រើនដល់ពួកយើង ជាពិសេសគឺថាការគំរាមកំហែងជាសកល ទាមទារឱ្យមានការឆ្លើយតបជាសកល ហើយសាមគ្គីភាពគឺជាប្រព័ន្ធភាពសុំាដ៏ល្អបំផុត៕

-Fresh News-

អត្ថបទទាក់ទង