Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជា «Gaza metro» របស់ហាម៉ាស ត្រៀមសម្រាប់កងទ័ពអ៉ីស្រាអែល?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1404
វិភាគអន្តរជាតិ៖ អ្វីទៅជា «Gaza metro» របស់ហាម៉ាស ត្រៀមសម្រាប់កងទ័ពអ៉ីស្រាអែល? វិភាគអន្តរជាតិ៖ អ្វីទៅជា «Gaza metro» របស់ហាម៉ាស ត្រៀមសម្រាប់កងទ័ពអ៉ីស្រាអែល?

(ហ្កាហ្សា)៖ ផ្លូវរូងក្រោមដីខ្វាត់ខ្វែងនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានក្រុមអ្នកវិភាគលោកខាងលិចព្រមានថានឹងកា្លយជាឧបសគ្គដ៏ធំ សម្រាប់កងទ័ព អ៉ីស្រាអែល ដែលកំពុងធ្វើសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស។ ប៉ុន្តែរឿងដែលកាន់តែលំបាកទៅទៀតនោះ គឺការស្លាប់របស់ជនស៊ីវិល ប៉ាឡេស្ទីន ក្រោមការទម្លាក់ គ្រាប់បែករបស់អ៉ីស្រាអែលសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា អាចនឹងធ្វើឱ្យអ៉ីស្រាអែលចាញ់ក្នុងសង្រ្គាមសាធារណមតិ ដោយធ្វើឱ្យការគាំទ្ររបស់អ៉ីស្រាអែលកាន់តែថយចុះ រីឯសហរដ្ឋអាមេរិកក៏ត្រូវរងសម្ពាធដែរក្នុងការ យកខ្លួនទៅពាំងការពារអ៉ីស្រាអែលពីការរិះគន់។

ហាម៉ាស ត្រូវបានគេជឿជាក់ថាកំពុងធ្វើប្រតិបត្តិការលើបណ្ដាញផ្លូវរូងក្រោមដីខ្វាត់ខ្វែងធំជាងគេបំផុតនៅលើពិភពលោក។ ដូច្នេះថាតើអ្វីទៅជាផ្លូវរូងក្រោមដី របស់ហាម៉ាស?

បណ្ដាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ត្រូវបានអ៉ីស្រាអែលដាក់ឈ្មោះ​ឱ្យថា «Gaza metro»។ Gaza metro ត្រូវបានបង្កើតឡើងនៅពេលដែល អ៉ីស្រាអែល និងអេហ្ស៉ីបដាក់ការបិទខ្ទប់លើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសឡើងកាន់អំណាចក្នុងឆ្នាំ២០០៧។ ក្រុមហាម៉ាសបានពង្រីកការសាងសង់ ផ្លូវរូងក្រោមដី និងប្រើប្រាស់ដើម្បីលួចលាក់ដឹកជញ្ជូនអាវុធ និងទំនិញសំខាន់ៗមកពីអេហ្ស៉ីប។ តែនៅក្រោយអេហ្ស៉ីបសម្រេចបិទផ្លូវរូងក្រោមដីជាច្រើន នៅតាមតំបន់ព្រំដែនរបស់ខ្លួន ក្រុមហាម៉ាសត្រូវបានគេជឿជាក់ថាបច្ចុប្បន្ន មានបណ្ដាញផ្លូវរូងក្រោមដីយ៉ាងសម្បើមលាតសន្ធឹង នៅទូទាំងតំបន់ហ្កាហ្សា ដែលអនុញ្ញាតឱ្យពួកគេដឹកជញ្ជូនអាវុធ ស្បៀង និងឱ្យអ្នកប្រយុទ្ធរបស់ពួកគេធ្វើសកម្មភាពដោយលាក់ខ្លួនពីយន្ដហោះដ្រូនរបស់អ៉ីស្រាអែល។

ក្រុមហាម៉ាស ត្រូវបានវាយតម្លៃថាមានផ្លូវរូងក្រោមចំនួន ១៣០០កន្លែង រត់ខ្វាត់ខ្វែងនៅពាសពេញខាងក្រោមតំបន់ហ្កាហ្សា។ មេដឹកនាំផ្នែកនយោបាយ របស់ក្រុមហាម៉ាសឈ្មោះ Yehia Sinwar បានអះអាងកាលពីឆ្នាំ២០២១ថាហាម៉ាសបណ្ដាញរូងក្រោមដីប្រវែង៥០០គីឡូម៉ែត្រ ខណៈតំបន់ហ្កាហ្សា ទាំងមូល មានផ្ទៃត្រឹមតែ ៣៦០គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។

រូងក្រោមដីខ្លះមានជម្រៅដល់ទៅ ៧០ម៉ែត្រ ហើយរបាយការណ៍ជាច្រើនថា រូងក្រោមដីភាគច្រើនមានកម្ពស់ ២ម៉ែត្រ និងទទឹង២ម៉ែត្រ។ ក្រុមអ្នកវិភាគ លោកខាងលិចបាននិយាយថា ផ្លូវរូងក្រោមដីនេះនឹងបង្កភាពស្មុគស្មាញដល់កងទ័ពអ៉ីស្រាអែល តែផ្ដល់អត្ថាប្រយោជន៍ដល់ហាម៉ាស ក្នុងការលាក់ខ្លួន និងលួចឆ្មក់វាយប្រហារ។ «ផ្លូវរូងក្រោមដីនេះនឹងអនុញ្ញាតឱ្យក្រុមហាម៉ាសអាចឆ្មក់វាយប្រហារ និងលាក់ខ្លួនបានដោយសេរី»។ នេះជាការលើកឡើងរបស់ លោក John Spencer ជាអ្នកជំនាញម្នាក់សិក្សាពីសង្រ្គាមទីក្រុងមកពីវិទ្យាស្ថាន Modern War Institute។

លោក John Spencer បានបន្ថែមថាសង្រ្គាមរបស់អ៉ីស្រាអែលជាមួយហាម៉ាស ជាសង្រ្គាមទីក្រុងដែលទាហានអ៉ីស្រាអែលនឹងត្រូវប្រឈមមុខនឹងការបាញ់ ប្រហារចេញពីលើអគារ ចេញពីរូងក្រោមដី និងចេញពីផ្ទះមួយទៅផ្ទះមួយ។ ម្យ៉ាងវិញទៀត ប្រសិនបើទាហានអ៉ីស្រាអែលកម្ទេចអគារមួយចោល គំនរអគារដែលបែកបាក់នោះ នឹងក្លាយជាកន្លែងងាយស្រួលសម្រាប់ក្រុមហាម៉ាសលាក់ខ្លួន និងឆ្មក់បាញ់ប្រហារ។

* តើអ៉ីស្រាអែលមានឱកាសឈ្នះដែរទេ?
អ្នកជំនាញលោកខាងលិចភាគច្រើន តួយ៉ាងដូចជាលោក John Spencer បាននិយាយថាលោកមិនធ្លាប់បានឃើញកងកម្លាំងយោធាណាផ្សេង ដែលមាន សមត្ថភាពធ្វើសង្រ្គាមផ្លូវរូងក្រោមដី ដូចជាកងទ័ពអ៉ីស្រាអែលនោះទេ។ ក៏ប៉ុន្តែ អ្នកជំនាញផ្នែកសង្រ្គាមទីក្រុង លោកស្រី Richemond-Barak បានប្រាប់ កាសែតអង់គ្លេស ​Financial Times កាលពីពេលថ្មីៗនេះថា «អ៉ីស្រាអែលអាចនឹងត្រូវចាំបាច់អូសបន្លាយការវាយប្រហារទម្លាក់គ្រាប់បែក និងពង្រីក សង្រ្គាមជើងគោក ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស។

កងទ័ពអ៉ីស្រាអែលអាចប្រើប្រាស់ទឹកដើម្បីពន្លិច ឬរកវិធីកម្ទេច ឬក៏បិទច្រកផ្លូវរូងក្រោមដីតែម្ដង។ តែនេះមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេស អំឡុងការលួចវាយឆ្មក់របស់ក្រុមហាម៉ាស ហើយវាក៏មិនអាចទៅរួចនោះដែរដែលអ៉ីស្រាអែលចង់កម្ទេចផ្លូវរូងក្រោមដីទាំងស្រុងក្នុងរយៈពេលខ្លី។ អ៉ីស្រាអែល ធ្លាប់បានអះអាងកាលពីឆ្នាំ២០២១ថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានបំផ្លាញផ្លូវរូងក្រោមដី ១០០គីឡូម៉ែត្រ តែក្រុមហាម៉ាសនិយាយថា អ៉ីស្រាអែលបំផ្លាញបានត្រឹម ២០ភាគរយប៉ុណ្ណោះនៃផ្លូវរូងក្រោមដីប្រវែង ៥០០គីឡូម៉ែត្រ។

ដូច្នេះហើយទើបនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានព្រមានថាសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសជាសង្រ្គាមយូរអង្វែង និងដ៏លំបាក ហើយបើ កាលណាសង្រ្គាមកាន់តែអូសបន្លាយការខាតបង់របស់អ៉ីស្រាអែលអាចនឹងកាន់តែធំ ការគាំទ្រដល់សង្រ្គាមប្រឆាំងហាម៉ាសក៏នឹងត្រូវធ្លាក់ចុះ រីឯឈ្មោះរបស់ អ៉ីស្រាអែលនឹងកាន់តែស្អុយផងដែរ នៅក្នុងចំណោមសាធារណមតិអន្តរជាតិ ជាពិសេសក្រុមបណ្ដាប្រទេស Global South តែម្ដង​បើជនស៊ីវិលនៅតែបន្ត ស្លាប់ជារៀងរាល់ថ្ងៃ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង