Cambodia PR Team ទាក់ទងនឹងជំហរក្នុងការបញ្ចប់ជម្លោះដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងជំហរក្នុងការបញ្ចប់ជម្លោះដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហរក្នុងការបញ្ចប់ជម្លោះដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល
ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
សំណួរទី១៖ នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តើរាជរដ្ឋាភិបាលប្រកាន់យកជំហរមួយណា រវាងដំណោះស្រាយតាមបែបបង្ហូរឈាម និងដំណោះស្រាយដោយសន្តិវិធី?
ចម្លើយ៖ នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលប្រកាន់យកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា ទោះបីឱកាសដោះស្រាយដោយសន្តិវិធីនៅសល់ត្រឹម ១% ក៏ដោយ ព្រោះកម្ពុជាជឿជាក់យ៉ាងមុតមាំថា សន្តិភាព និងការការពារអាយុជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត។ ទោះបីឱកាសមានតិចតួចប៉ុណ្ណាក៏ដោយ កម្ពុជានៅតែត្រូវប្រើប្រាស់ឱកាសនោះឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការប្រឈមមុខដែលអាចនាំឱ្យមានការស្លាប់ របួស ការបាត់បង់ទ្រព្យសម្បត្តិ និងការបំផ្លិចបំផ្លាញស្ថិរភាពនៅតាមបណ្តោយព្រំដែន។
ជំហរនេះមិនមែនជាការបង្ហាញពីភាពទន់ខ្សោយ ឬការរាថយចំពោះការការពារបូរណភាពទឹកដីនោះឡើយ ប៉ុន្តែជាការបង្ហាញពីភាពចាស់ទុំផ្នែកការទូត នយោបាយ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាជាតិ។ ការឈ្នះពិតប្រាកដ មិនមែនជាការបង្កសង្គ្រាមទេ ប៉ុន្តែ ជាការដែលអាចការពារទឹកដីផង រក្សាសន្តិភាពបានផង និងអាចការពារអាយុជីវិតប្រជាពលរដ្ឋបានទៀត។
សំណួរទី២៖ ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាជាងការដោះស្រាយដោយសន្តិវិធី?
ចម្លើយ៖ បានជាក្រុមប្រឆាំងតែងតែញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាជាងការដោះស្រាយដោយសន្តិវិធី ព្រោះពួកគេតែងតែប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបីជាសកម្មភាព និងគោលនយោបាយដែលរាជរដ្ឋាភិបាលអនុវត្តមានគោលបំណងដើម្បីសន្តិភាព និងផលប្រយោជន៍ជាតិក៏ដោយ។ ជំនួសឱ្យការគាំទ្រដំណោះស្រាយតាមរយៈការចរចា ពួកគេតែងព្យាយាមបំផុសឱ្យមានការប្រឈមមុខដោយកម្លាំង និងជំរុញឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំង ដោយមិនគិតដល់ផលវិបាកដែលអាចនាំឱ្យមានការបាត់បង់អាយុជីវិត និងការខូចខាតដល់ប្រទេសជាតិឡើយ។ សកម្មភាពបែបនេះបង្ហាញថា ពួកគេផ្តោតលើការកេងចំណេញនយោបាយច្រើនជាងការរក្សាសន្តិភាព និងសុវត្ថិភាពរបស់ប្រជាជន។ និយាយជារួម ក្រុមប្រឆាំងជ្រុលនិយមគ្មានការទទួលខុសត្រូវ និងមិនដែលគិតប្រយោជន៍ជាតិនិងប្រជាជនទេ។ ពួកគេគិតតែម្យ៉ាងគត់គឺធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាលដួលរលំ ពួកគេចាំទះដៃអបអរទោះបីជាប្រទេសជាតិធ្លាក់ក្នុងជ្រោះមរណៈក៏ដោយ។
សំណួរទី៣៖ ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែយកខ្លឹមសារ ឬសកម្មភាពពីខាងថៃមកបង្ហោះផ្សាយបន្ត?
ចម្លើយ៖ បានជាក្រុមប្រឆាំងតែងតែយកខ្លឹមសារ ឬសកម្មភាពពីខាងថៃមកបង្ហោះផ្សាយបន្ត ព្រោះពួកគេជាក្រុមដែលស៊ីឈ្នួលឱ្យថៃ តែងតែព្យាយាមផ្សព្វផ្សាយនិងបន្ទរនូវអ្វីដែលជាផលចំណេញទៅខាងប្រទេសថៃ ដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំ និងមួលបង្កាច់លាបពណ៌មកលើរាជរដ្ឋាភិបាល ដោយមិនគិតពីប្រយោជន៍ជាតិ ទឹកដី និងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរឡើយ។ អ្វីដែលក្រុមប្រឆាំងបាននិងកំពុងធ្វើ មិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិនិងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពបំផ្លិចបំផ្លាញជាតិទាំងស្រុង ស្របជាមួយប្រទេសជិតខាងដែលចង់បានទឹកដីយើង។ ត្រង់ចំណុចនេះ យើងអាចយល់បានមួយទៀតថា បើមានការឈ្លានពានទឹកដី ពួកគេត្រេកអរពីព្រោះមានលេសចោទរដ្ឋាភិបាល។ ត្រង់ថាទឹកដីបាត់ក៏បាត់ទៅ ពួកគេមិនដែលខ្វល់ឡើយ ពៅលគឺឱ្យតែបានចោទរដ្ឋាភិបាល ពួកគេដេកលក់ស្រួលហើយ៕





