មេទ័ពម៉ាឡេស៊ីដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យតំបន់ព្រំដែនកម្ពុជា-ថៃនៅបឹងត្រកួន
- លោក តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួបសម្ដែងការគួរសមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ រូបថត សហការី
ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ក្នុងការបន្តតួនាទីរបស់អាស៊ានក្នុងការតាមដានស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ដំណើរចុះពិនិត្យនេះ ធ្វើឡើងស្របពេលដែលកម្ពុជាបន្តជំរុញឱ្យមានការចូលរួមពីអាស៊ានក្នុងការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន បន្ទាប់ពីការឈ្លានពានពីសំណាក់យោធាថៃកាលពីឆ្នាំមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា តបតាមការអញ្ជើញរបស់លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានឱ្យដឹងថា៖ «ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ និងអមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលកម្ពុជាអះអាងថា ជាតំបន់ដែលភាគីថៃបានរំលោភលើបូរណភាពទឹកដីរបស់កម្ពុជា»។
ដំណើរចុះពិនិត្យនេះ ត្រូវបានចាត់ទុកថា ជាបេសកកម្មសង្កេតការណ៍មួយក្នុងចំណោមបេសកកម្មដែលមានថ្នាក់ដឹកនាំយោធាជាន់ខ្ពស់បំផុតរបស់អាស៊ាន ចាប់តាំងពីយន្តការអ្នកសង្កេតការណ៍ត្រូវបានដាក់ឱ្យអនុវត្ត ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃកាលពីចុងឆ្នាំមុន។
កន្លងមក កម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យទីតាំងជម្លោះជាច្រើន ដោយលើកឡើងថា ការចុះសង្កេតដោយផ្ទាល់អាចផ្តល់នូវការវាយតម្លៃប្រកបដោយតម្លាភាព និងឯករាជ្យអំពីស្ថានភាពនៅតាមព្រំដែន។

តំបន់បឹងត្រកួន ស្ថិតក្នុងចំណោមតំបន់រសើបមួយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជាអះអាងថា កងទ័ពថៃបានឈានចូលមកក្នុងទឹកដីកម្ពុជារាប់រយម៉ែត្រ អំឡុងពេលមានការវាយប្រហារកាលពីឆ្នាំ២០២៥ ហើយនៅតែបន្តកាន់កាប់តំបន់មួយចំនួន ទោះបីមានបទឈប់បាញ់ក៏ដោយ។
ក្រៅពីបេសកកម្មនៅតំបន់ព្រំដែន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី គ្រោងចូលជួបសម្តែងការគួរសមជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោក វង្ស ពិសេន និងលោក តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន ក៏នឹងជួបពិភាក្សាទ្វេភាគី ដើម្បីដាក់ចេញនូវវិធានការ និងសកម្មភាពថ្មីៗ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាជំហានសំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងម៉ាឡេស៊ី ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។
លើសពីទំនាក់ទំនងទ្វេភាគី ដំណើរចុះពិនិត្យនៅបឹងត្រកួនក៏បង្ហាញពីការបន្តដើរតួនាទីរបស់អាស៊ាន ក្នុងការជំរុញតម្លាភាព និងការកសាងទំនុកចិត្តនៅតាមព្រំដែនកម្ពុជា-ថៃ។
កាលពីដើមសប្តាហ៍នេះ ក្រុមទំនាក់ទំនងកម្ពុជា (Cambodian Liaison Group) បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យតំបន់បង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងខេត្តបាត់ដំបង ដោយបានពិនិត្យទីតាំងដែលកម្ពុជាអះអាងថា មានការសាងសង់របងជាឯកតោភាគីដោយភាគីថៃ ការខូចខាតសញ្ញាសម្គាល់ព្រំដែនបណ្តោះអាសន្ន និងសកម្មភាពកសិកម្មរបស់ពលរដ្ឋថៃនៅក្នុងតំបន់មានវិវាទ។
មុននេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះពិនិត្យជំរំបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ និងតំបន់ព្រំដែនផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារជម្លោះ។
កម្ពុជាបានអះអាងជាបន្តបន្ទាប់ថា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានរួមចំណែកលើកកម្ពស់តម្លាភាព និងគាំទ្រដល់ការអនុវត្តបទឈប់បាញ់ ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃការកើតមានភាពតានតឹងសាជាថ្មីនៅតាមបណ្តោយព្រំដែន៕
–Post Khmer–





