Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាព ឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទខ្នារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាព ឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទខ្នារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាព ឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទខ្នារ
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
សំណួរទី ១៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះសកម្មភាពរបស់ភាគីថៃនៅតំបន់ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធ?
ចម្លើយ៖ កម្ពុជាសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គ្រប់សកម្មភាពរបស់ភាគីថៃ ដូចជាការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា ឬសកម្មភាពទេសចរណ៍នៅតំបន់ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺមិនអាចទទួលយកបានឡើយ។ តំបន់ទាំងនេះស្ថិតក្រោមអធិបតេយ្យភាពកម្ពុជាទាំងស្រុង ដោយផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងឯកសារព្រំដែនដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។ ដូច្នេះ រាល់សកម្មភាពឯកតោភាគីទាំងនេះ គឺជាទង្វើ
ខុសច្បាប់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
សំណួរទី ២៖ តើថៃមានចេតនាអ្វី ចំពោះសកម្មភាពឯកតោភាគីរបស់ខ្លួននៅតំបន់បេតិកភណ្ឌទាំងនេះ?
ចម្លើយ៖ សកម្មភាពឯកតោភាគីរបស់ថៃនៅតំបន់បេតិកភណ្ឌទាំងនេះត្រូវបានមើលឃើញថា គឺជាការប៉ុនប៉ងដោយ ចេតនា ដើម្បីបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដើម្បីពង្រឹងការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង ការបង្កើតនូវអង្គហេតុ និងក្របខណ្ឌគតិយុត្តក្លែងក្លាយដើម្បីកាន់កាប់ទឹកដីរបស់កម្ពុជា តាមរយៈសកម្មភាពកាន់កាប់ ជាក់ស្តែង (de facto) និងតាមរូបភាពផ្លូវច្បាប់ (de jure) ដែលជាអំពើខុសច្បាប់។
សំណួរទី ៣៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះការការពារអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌ របស់ខ្លួន?
ចម្លើយ៖ កម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់ខ្លួនតាម គ្រប់មធ្យោបាយ។ កម្ពុជាមិនទទួលស្គាល់ និងមិនអនុញ្ញាតឱ្យមានការប៉ះពាល់ដល់អធិបតេយ្យភាពលើតំបន់ទាំងនេះឡើយ ហើយនឹងបន្តប្រើប្រាស់គ្រប់វិធានការផ្លូវច្បាប់ និងការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដីតាមរយៈការប្រើសិទ្ធិស្របច្បាប់របស់ខ្លួនតាមគ្រប់មធ្យោបាយដែលមាន៕





