(Cambodia PR Team) ទាក់ទងនឹងការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១
ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦
—————-
សំណួរទី ១៖ តើការសម្រេចរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មានគោលបំណងអ្វី?
ចម្លើយ៖ ការសម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺកម្ពុជាមានគោលបំណងសំខាន់ក្នុងការបង្កើតមធ្យោបាយអព្យាក្រឹត និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីជួយដោះស្រាយវិវាទសមុទ្ររវាងរដ្ឋភាគីដោយសន្តិវិធី។ យន្តការនេះត្រូវបានកម្ពុជាសម្រេចយកមកប្រើបន្ទាប់ពីថៃសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU ឆ្នាំ២០០១ ដែលធ្វើឱ្យកម្ពុជាមិនអាចពឹងផ្អែកលើយន្តការទ្វេភាគីបានទៀត។ ដូច្នេះ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានក្លាយជាមូលដ្ឋានច្បាប់អន្តរជាតិជំនួស ដើម្បីធានាថាការដោះស្រាយតំបន់ទាមទារត្រួតគ្នានឹងនៅតែបន្តក្នុងស្មារតីសន្តិភាព និងយុត្តិធម៌។ យន្តការនេះមិនបង្ខំឱ្យភាគីទទួលយកលទ្ធផលទេ ប៉ុន្តែ ជាការជួយបង្កើតលក្ខខណ្ឌសម្រាប់ការចរចា និងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង។
សំណួរទី ២៖ តើការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ អាចប៉ះពាល់ដល់ក្របខណ្ឌសហប្រតិបត្តិការអ្វីខ្លះ?
ចម្លើយ៖ ការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្របខណ្ឌសហប្រតិបត្តិការដែលធ្លាប់ជាមូលដ្ឋានសម្រាប់ការចរចារវាងកម្ពុជា និងថៃជាងពីរទសវត្សរ៍មកហើយ។ ទីមួយ វាធ្វើឱ្យបាត់បង់យន្តការផ្លូវការដែលធ្លាប់ប្រើសម្រាប់ពិភាក្សា និងដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ទីពីរ វាអាចបង្កភាពមិនច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានធម្មជាតិរួម ជាពិសេសប្រេង និងឧស្ម័ន ដែលត្រូវការការវិនិយោគរយៈពេលវែង និងស្ថិរភាពខ្ពស់។ លើសពីនេះ វាក៏អាចបង្កភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខលើផ្ទៃសមុទ្រ និងធ្វើឱ្យដំណើរការចរចាព្រំដែនកាន់តែស្មុគស្មាញ និងយឺតយ៉ាវជាងមុន។
សំណួរទី ៣៖ ហេតុអ្វីបានជា MOU ឆ្នាំ២០០១ ត្រូវបានចាត់ទុកជាក្របខណ្ឌសំខាន់សម្រាប់ការរក្សាសន្តិភាពលើដែនសមុទ្ររវាងកម្ពុជា និងថៃ?
ចម្លើយ៖ MOU ឆ្នាំ២០០១ ត្រូវបានចាត់ថាជាក្របខណ្ឌគតិយុត្តសំខាន់ ព្រោះវាជាយន្តការតែមួយដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការគ្រប់គ្រងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ វាមិនត្រឹមតែបើកផ្លូវឱ្យមានការចរចាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគណៈកម្មការបច្ចេកទេសចម្រុះ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស និងជំរុញការអភិវឌ្ឍធនធានធម្មជាតិរួម។ ជាង ២៥ ឆ្នាំកន្លងមក MOU នេះបានដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់ការកើនឡើងនៃជម្លោះ និងរក្សាស្ថិរភាពលើផ្ទៃសមុទ្រ។ ដូច្នេះ ការបាត់បង់ក្របខណ្ឌនេះ ត្រូវបានគេមើលឃើញថា អាចប៉ះពាល់ដល់សន្តិភាព និងធ្វើឱ្យស្ថានភាពតំបន់កាន់តែមានអស្ថិរភាព។ ហេតុដូច្នេះហើយបានជាកម្ពុជាត្រូវសម្រេចចិត្តប្រើយន្តការអន្តរជាតិជំនួសវិញ៕





