«លុយខ្មែរ ត្រូវជួយខ្មែរ! ឈប់គាំទ្រទំនិញថៃ គឺជាការពារសេដ្ឋកិច្ចជាតិ!»
ដោយ៖លោកតា
[អាវុធខ្លាំងរបស់កម្ពុជា គឺពហិការ ទំនិញថៃ]
ថ្ងៃនេះ ពលរដ្ឋខ្មែរ ត្រូវតែបង្ហាញពីកម្លាំងជាតិ និងសាមគ្គីភាពរបស់ខ្លួន តាមរយៈការធ្វើពហិការទំនិញ និងកសិផលរបស់ប្រទេសថៃ ឱ្យបានដាច់ខាត។ លុយរបស់ខ្មែរ មិនត្រូវបន្តហូរចូលទៅគាំទ្រសេដ្ឋកិច្ចថៃ ដែលមិនផ្តល់ផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ ដល់ប្រជាជាតិខ្មែរឡើយ។
ផ្សារប្រទូណាម នៅទីក្រុងបាងកក ដែលធ្លាប់តែអ៊ូអរ មានភ្ញៀវរាប់ម៉ឺននាក់ ជាពិសេសប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ចំណាយលុយរាប់សិបម៉ឺនបាតក្នុងមួយថ្ងៃៗ ពេលនេះកំពុងស្ងាត់ជ្រងំ ហាងជាច្រើនបិទទ្វារ ព្រោះគ្មានអ្នកទៅទិញទំនិញ។ នេះគឺជាភស្តុតាងបង្ហាញថា “អំណាចអ្នកប្រើប្រាស់” អាចធ្វើឱ្យសេដ្ឋកិច្ចមួយរងការប៉ះពាល់បាន។
ក្នុងនាមជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី និងគោរពអធិបតេយ្យភាពជាតិ យើងត្រូវបន្តរួមគ្នា ឈប់ទិញ ឈប់ប្រើ និងឈប់គាំទ្រទំនិញថៃគ្រប់ប្រភេទ។ ជំនួសមកវិញ ត្រូវងាកមកគាំទ្រផលិតផលខ្មែរ ផលិតផលកសិកម្មខ្មែរ និងអាជីវកម្មក្នុងស្រុក ដើម្បីឱ្យលុយរបស់ខ្មែរ វិលជួយខ្មែរ។
ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធ ត្រូវតែអនុវត្តវិធានការតឹងរ៉ឹង និងបង្ក្រាបឱ្យដាច់ខាត រាល់ការលួចនាំចូល ការចែកចាយ និងការលក់ផលិតផលថៃខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ មិនត្រូវអនុញ្ញាតឱ្យមានការលួចបន្លំ ឬនាំទំនិញថៃចូលទីផ្សារខ្មែរ តាមគ្រប់រូបភាពឡើយ។ អ្នកដែលបំពាន ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។
ការពារសេដ្ឋកិច្ចជាតិ មិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែម្នាក់ឯងទេ ប៉ុន្តែជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ បើយើងរួមគ្នា ខ្មែរនឹងខ្លាំង។ បើយើងឈប់ពឹងផ្អែកលើទំនិញថៃ ខ្មែរនឹងមានសេដ្ឋកិច្ចរឹងមាំ និងឯករាជ្យកាន់តែខ្លាំង។
“ខ្មែរ រួមគ្នាគាំទ្រខ្មែរ ដើម្បីអនាគតកម្ពុជា!”






