Grand News Asia Close

លិខិតមិត្តអ្នកអាន៖ មេដឹកនាំកម្ពុជាបកស្បែកមុខពិតរបស់ថៃ និងទាមទារឱ្យប្រទេសនេះដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1013
លិខិតមិត្តអ្នកអាន៖ មេដឹកនាំកម្ពុជាបកស្បែកមុខពិតរបស់ថៃ និងទាមទារឱ្យប្រទេសនេះដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC លិខិតមិត្តអ្នកអាន៖ មេដឹកនាំកម្ពុជាបកស្បែកមុខពិតរបស់ថៃ និងទាមទារឱ្យប្រទេសនេះដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC

#OpEd

នៅទីបំផុតទៅ ពិភពលោកបានដឹងការពិតកាន់តែច្បាស់អំពីជម្លោះព្រំដែនដែលប្រទេសថៃ បានប្រើប្រាស់កម្លាំងយោធារំលោភឈ្លានពានទាំងកម្រោលមកលើដែនអធិបតេយ្យភាពកម្ពុជា តាមរយៈការផ្សព្វផ្សាយរបស់សារព័ត៌អន្តរជាតិ រ៉យទ័រ ដែលបានសម្ភាសផ្តាច់មុខជាមួយប្រមុខដឹកនាំកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចេញមុខបកអាក្រាតអំពើទុច្ចរិតរបស់ប្រទេសថៃទៅកាន់ពិភពលោក។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពេលទៅដល់ទឹកដីសហរដ្ឋអាមេរិក ទីដែលសម្តេចនឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចបានផ្តល់កិច្ចសម្ភាសផ្តាច់មុខដល់សារព័ត៌មាន រ៉យទ័រ ដែលនៅក្នុងបទសម្ភាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញក្តីឈឺចាប់ចំពោះអំពើឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា និងរារាំងមិនឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញឡើយ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពហើយក្តី។ ទង្វើនេះបង្ហាញពីអំពើអមនុស្សធម៌ និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ពិសេសគឺប្រឆាំងនឹងសិទ្ធិជាមូលដ្ឋានរបស់មនុស្ស គឺសិទ្ធិរស់រានមានជិវិត។

បើតាមអ្នកជំនាញភូមិសាស្ត្រនយោបាយ សកម្មភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” ពោលគឺមិនធ្វើសកម្មភាពក្ឌុងក្ឌាំងណាមួយដែលឈានទៅដល់ការបំផ្លាញចោលនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ បើទោះបីជាភាគីថៃខិតខំធ្វើសកម្មភាពបង្ករឿងយ៉ាងណាក្តី គឺកម្ពុជានៅតែបន្តអត់ធ្មត់ជានិច្ច។ យោធាថៃ បានបាញ់កម្ទេច វាយបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរ រាយបន្លាលួសព័ទ្ធយកដី និងដាក់ទូកុងតឺន័រលើដីខ្មែរជ្រៅជាងផែនទីដែលគូសដោយឯកតោភាគីរបស់ខ្លួនទៅទៀត។ មិនត្រឹមតែប៉ុណ្ណេះ យោធាថៃបានផលិតវីដេអូសកម្មភាពអំពើរំលោភបំពានទាំងអស់នេះ ហើយផ្សព្វផ្សាយឲ្យប្រជាជនខ្មែរបានឃើញ ក្នុងន័យញុះញង់ចង់ឱ្យមានការបែកបាក់ជាតិកម្ពុជា ពោលគឺធ្វើឲ្យប្រជាជនខ្មែរខឹងស្អប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់ខ្លួន។

ទោះជាយ៉ាងណា កលល្បិចនេះមិនទទួលបានជោគជ័យឡើង ព្រោះចាប់ពីមានសង្គ្រាម និងរហូតមកដល់ពេលនេះ ប្រជាជនខ្មែរបានជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលដោយមិនបានខឹងស្អប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតាមការញុះញង់របស់យោធាថៃឡើយ។ ផ្ទុយទៅវិញ ប្រជាជនខ្មែរបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងខិតខំប្រមូលភស្តុតាងអំពើឈ្លានពានរបស់យោធាថៃទុកធ្វើជាភស្តុតាងដើម្បីប្រើប្រាស់ផ្លូវច្បាប់នៅពេលដែលដំណើរការក្តីរឿងជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការអន្តរជាតិ។ រាជរដ្ឋាភិបាលមិនបានប្រើប្រាស់កម្លាំងដើម្បីវាយបកថៃនោះឡើយ ផ្ទុយមកវិញរាជរដ្ឋាភិបាលប្រើប្រាស់សមរភូមិការទូតដើម្បីទប់ទល់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងផ្លូវច្បាប់អន្តរជាតិ ហើយទាមទារទឹកដីដែលថៃឈ្លានពានត្រឡប់មកវិញ។

ជាក់ស្តែងតាមរយៈការផ្តល់បទសម្ភាសរបស់សម្តេចធិបតី ជាមួយសារព័ត៌មានអន្តរជាតិល្បីឈ្មោះ រ៉យទ័រ, សម្តេចធិបតី បានបង្ហាញប្រាប់ពិភពលោកថា ប្រទេសកម្ពុជាជាប្រទេសតូច រងគ្រោះដោយអំពើឈ្លានពានពីប្រទេសជិតខាងដែលធំជាងខ្លួន មានប្រជាជនច្រើនជាងខ្លួន និងមានសេដ្ឋកិច្ចធំជាងកម្ពុជាឆ្ងាយ។ ក្នុងអំឡុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ប្រទេសថៃបានរុលចូលជ្រៅទៅក្នុងទឹកដីកម្ពុជានៅទីតាំងមួយចំនួន និងបានបំពានធ្ងន់ធ្ងរលើប្រជាជនកម្ពុជានៅតំបន់ទាំងនោះ។ កម្ពុជាមិនទទួលយកជាដាច់ខាតនូវការប្រើប្រាស់កម្លាំងរំលោភលើដែនអធិបតេយ្យភាពកម្ពុជា ហើយកម្ពុជាមិនទទួលស្គាល់ការកាន់កាប់ទឹកដីដោយខុសច្បាប់តាមរយៈការកែប្រែព្រំដែន មិនគោរពច្បាប់អន្តរជាតិរបស់ភាគីថៃ។ កម្ពុជាទាមទារឲ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព, ប្រើយន្តការបច្ចេកទេសដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ និងស្នើឲ្យមានការជួបប្រជុំឡើងវិញ គណៈកម្មការចម្រុះព្រំដែន (JBC) ដើម្បីអាចចាប់ផ្តើមការងារបច្ចេកទេស ដូចជា វាស់វែង និងកំណត់ព្រំដែននៅតំបន់តានតឹង ដើម្បីឲ្យប្រជាជនអាចត្រឡប់ទៅរស់នៅជាធម្មតាវិញ។

សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា ព្រោះជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលទាំងពេលបច្ចុប្បន្ននិងអនាគត។ ពិតមែនតែការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃមានទស្សនៈខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គ្រប់ជំហ៊ានទាំងអស់ គឺរដ្ឋាភិបាលគិតដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

ជារួមមកវិញ ដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺរាជរដ្ឋាភិបាលកម្ពុជាខិតខំបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ដោយងាកទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្លូវច្បាប់អន្តរជាតិ។ ជាក់ស្តែងកម្ពុជា បាននិងកំពុងនាំមុខថៃលើសមរភូមិការទូត ដោយបង្ហាញពិភពលោកថា ថៃជាអ្នករំលោភឈ្លានពានកម្ពុជាពិតប្រាកដមែន ហើយកម្ពុជាមិនមែនជាអ្នកបង្កជម្លោះជាមួយប្រទេសថៃ ឬប្រទេសជិតខាងឡើយ។ ផ្ទុយទៅវិញកម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ដោយៈ សុខ សុវណ្ណ

#កម្ពុជា-ថៃ #លិខិតមិត្តអ្នកអាន

អត្ថបទទាក់ទង