Grand News Asia Close

(វីដេអូ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រដ្ឋាភិបាល កំពុង​ពិចារណា​អនុវត្ត​ច្បាប់​កាតព្វ​កិច្ច​យោធា ដោយប្រើ «រូបមន្តស្ម័គ្រចិត្ត ឬ ចាប់បង្ខំ» ព្រោះ​មិនអាចធ្វើព្រមគ្នាក្នុងពេលតែមួយទេ​ ដែល​ត្រូវ​ចំណាយច្រើន

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1004


CMF: 

(១សេចក្តីព្រៀងច្បាប់ស្តីពីកាតព្វកិច្ចយោធា កំណត់យកពីអាយុ១៨​ ដល់ ២៥ឆ្នាំ

មុននឹងបញ្ចប់ ខ្ញុំសូមបញ្ជាក់បន្ដិច។ ម្សិលម្ង៉ៃ គណៈរដ្ឋមន្ដ្រីបានអនុម័តនិងដាក់ឆ្លងសភា សេចក្តីព្រៀងច្បាប់ ស្តីពីកាតព្វកិច្ចយោធា។ ច្បាប់នេះ វាពាក់ព័ន្ធជាមួយបងប្អូនកម្មករកម្មការិនីទេ។ ពាក់ព័ន្ធតែប្រុសៗទេ។ អ្នកខ្លះឆ្ងល់ពីរឿងនេះ។ ខ្ញុំសូមបកស្រាយជាបឋម ព្រោះច្បាប់នេះ​មិនទាន់ឆ្លងសភា ព្រឹទ្ធសភា និងបានទទួលព្រះរាជក្រមដាក់ជាច្បាប់ដំណើរការនៅឡើយទេ។ អាចនឹងមានការកែប្រែមួយចំនួន(ផងក៏ថាបាន)។ ឃើញ​បងប្អូនមួយចំនួនបាន​​យក(ប្រធានបទនេះ)ទៅធ្វើអត្ថាធិប្បាយ​ វាចំគោលគំនិត ប៉ុន្ដែការអនុវត្ដមានការខុសប្លែកបន្ដិច ពីការគិត។ បងប្អូនថា១៨​ ទៅ ២៥ឆ្នាំ ត្រូវអនុវត្ដកាតព្វកិច្ច ភាគច្រើនគិតថា ត្រូវប្រមូល​ទាំងអស់​យកមក​តែ​ម្ដង។ មិនដូចនោះទេ។ ប្រទេសជាច្រើនលើពិភពលោកមានការអនុវត្ដខុសគ្នា។ ដូចសិង្ហបុរី ប្រជាជនតិច ដូចនេះគឺអនុវត្តស្មើ​គ្នា​ទាំ​ងអស់។ គ្រប់អាយុ ១៨ឆ្នាំ គឺចូលកាតព្វកិច្ចយោធាទាំងអស់ក្នុង​មួយពេលតែម្ដង លើក​លែង​តែករណីតិចតួចទេ មិនដល់ ០,១ % ផង ដែលអាចឲ្យធ្វើពេលខុសគ្នា​។ នៅសិង្ហបុរី អ្នកគ្រប់អាយុ ១៨ឆ្នាំ ជាប់កាតព្វកិច្ច​ក្នុង​ពេលតែ​មួយ មានខ្ទង់ ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។

(១៥) កាតព្វកិច្ចយោធានៅកម្ពុជា កំណត់យកតាមតំរូវការសាច់ទ័ព

ប្រទេសខ្លះទៀត អត់ធ្វើកាតព្វកិច្ចក្នុងពេលស្មើគ្នា​ទាំងអស់ទេ (តែទៅតាម)តំរូវការកងទ័ព។ ឧទាហរណ៍ ប្រ​ជា​ជនគ្រប់អាយុមាន ៥លាននាក់។ គេមិន​ហៅ(អោយបំពេញកាតព្វកិច្ចទាំង) ៥លាននាក់ហ្នឹងឱ្យចូលមកធ្វើ​ទ័ព​ទាំង​អស់ទេ។ គេយកតាមតំរូវការសាច់ទ័ព តាមរយៈការចុចឈ្មោះ ចាប់ឆ្នោត ដូចនៅប្រទេសជិតខាងយើង។ បានន័យថា អ្នកដែលជាប់(វ័យកាតព្វកិច្ច)ឈ្មោះមាន ១លាននាក់ ប៉ុន្ដែឆ្នាំហ្នឹងគេត្រូវការតែ ៥ម៉ឺននាក់ទេ។​ អញ្ចឹងគេមាន​តែហៅមកចាប់ឆ្នោតយកតែ ៥ម៉ឺននាក់។ អ្នកក្រៅពីហ្នឹងរួចខ្លួន។ ចាំឆ្នាំក្រោយមកចាប់ទៀត គឺចាប់រហូត​ទាល់តែអាយុផុតកាតព្វកិច្ច។ អញ្ចឹង សំរាប់កម្ពុជា យើងយករូបមន្ដទី២។ អញ្ចឹងកុំថា ១៨ដល់ ២៥ឆ្នាំ(យកទាំងអស់ក្នុងពេលតែមួយ)។ (ថា) “ខ្ញុំកំពុងតែរៀន ទាញខ្ញុំទៅយ៉ាងម៉េច”។ មិនដូចនោះទេ។ យើងយកតាមតម្រូវការកងទ័ព។ ឧទាហរណ៍ថា បើក្នុង ១ឆ្នាំ ទាំងស្រីទាំងប្រុសដែលគ្រប់ ១៨ឆ្នាំ មាន ៣០ម៉ឺននាក់ជាង ក្នុងនោះប្រុសប្រមាណ ១៣ទៅ ១៥ម៉ឺននាក់ គុណនឹង៨ឆ្នាំ (ព្រោះយកពីអាយុ ១៨ ដល់ ២៥ឆ្នាំ) អញ្ចឹងស្មើនឹង ១លាននាក់ ក្នុង១ឆ្នាំ។ មិនអាចយកមកទាំង ១លាននាក់ហ្វឹកហ្វឺនទេ។

(១៦) ការអនុវត្តកាតព្វកិច្ច អាចអនុវត្តតាមរូបមន្តស្ម័គ្រចិត្តនិងរូបមន្តបង្ខំ

មិនមានលុយ(ធ្វើការហ្វឹកហ្វឺនទាំងអស់)ទេ ហើយក៏អត់កន្លែងដាក់ដែរ។ យើងក៏មិនត្រូវការយកដល់ទៅ ១លាននាក់មក ក្នុងពេលតែមួយទេ។ ចំនួនប៉ុន្មានអីប៉ុន្មានគឺអាស្រ័យទៅលើតម្រូវការកងទ័ពប្រចាំឆ្នាំ ឧទាហរណ៍ ៣ម៉ឺន ៥ម៉ឺន ១០ម៉ឺននាក់ជាដើម។ ឥឡូវ នី​​តិ​វិធីនេះកំពុង(ត្រូវបាន)ពិចារណា និងពិភាក្សាគ្នា។ មានរូបមន្តពីរ គឺរូបមន្តស្ម័គ្រចិត្ត និងរូបមន្តបង្ខំ។ ហេតុ​អីបានថាកាតព្វកិច្ចមានឲ្យស្ម័គ្រចិត្ត។ ស្ម័គ្រចិត្តហ្នឹងបានន័យថា អ្នកហ្នឹងត្រូវតែបំពេញកាតព្វកិច្ចយោធា (តែ)អ្នកខ្លះថាចង់(ជ្រើសយក)ធ្វើ(កាតព្វកិច្ច)ឆ្នាំណាមួយឲ្យហើយ … អញ្ចឹង ជាអាទិភាពក្នុងការរើស គឺយើងរើសយកអ្នកហ្នឹង កុំរំខានអ្នកផ្សេងដែលកំពុងតែជាប់ការងារ។ តែនេះក៏ក្នុងចំណោម ១លាននាក់ហ្នឹងដដែល។ បើស្ម័គ្រចិត្តរើសមិនគ្រាន់ ហ្នឹងចូលដល់បង្ខំ។ ពាក្យថាកាតព្វកិច្ច អត់មានទៅសុំធ្វើសតិអារម្មណ៍ចូលនោះទេ។ ចុចឈ្មោះមក។

(១៧) ការបំពេញកាតព្វកិច្ចយោធា មិនពង្រឹងតែវិស័យការពារជាតិទេ តែបានផលដល់សង្គមផងដែរ

មានកិច្ចការមួយចំនួនដែលត្រូវគិត។ ជាដំបូង យើងនិយាយសិនថា តើកាតព្វកិច្ចយោធាមានអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះ? ការអនុវត្តកាតព្វកិច្ចយោធា (មិនអាចនិយាយថាជាការ)ហួសសម័យនោះទេ។ មានប្រទេសច្រើនដែលនៅរក្សាវិធាននេះ។ ប្រទេសខ្លះដែលបានបោះបង់ចោល ដូចប្រទេសបារាំងដែលធ្លាប់ឈប់ធ្វើម្ដងហើយ ឥឡូវក៏ចាប់ផ្ដើមធ្វើឡើងវិញ។ ដោយសារតែទាក់ទងទៅនឹងស្ថានភាព/វិស័យការពារជាតិ ចាំបាច់ត្រូវតែមាន។ ប៉ុន្តែ ច្បាប់កាតព្វកិច្ចមិនមែនសំរាប់តែពង្រឹងវិស័យការពារជាតិទេ។ ខ្ញុំមិននិយាយលម្អិតពីការពង្រឹងការពារជាតិដូចម្តេចទេ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា ការអប់រំ ការយកយុវជន ប្រជាពលរដ្ឋមកបំពេញកាតព្វកិច្ចយោធា មិនមែនជារឿងដែលធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ។ វាបានផលទៅដល់សង្គម(ផងដែរ)។ ទី១ យុវជនទទួលបានការហ្វឹកហាត់ លត់ដំ វិន័យ សីលធម៌។ ចង់ស្ទាវម៉េចក៏ដោយ ចូលមកកាតព្វកិច្ច ២ឆ្នាំ ខ្ញុំជឿថា វិន័យប្រាកដជាចាក់ស្រេះអ្នកឯង។ គេគ្មានទ័ពទំនើងទេ មានតែក្មេងទំនើង។ ការបណ្ដុះបណ្ដាលវិន័យ សីលធម៌ អប់រំ ធ្វើការជាក្រុម ដើម្បីបម្រើជាតិមាតុភូមិ មិនមែនក្រុមដើម្បីកាប់គ្នាតាមដងផ្លូវនោះទេ។

(១៨) កាតព្វកិច្ចយោធា បង្កើតមនុស្សមានវិន័យនិងសណ្ដាប់ធ្នាប់ ព្រមទាំងមានជំនាញនិងបំណិន

អញ្ចឹង យោងតាមឱកាសដែលបានរៀន លត់ដំ វិន័យ ២ឆ្នាំ ពេលចេញទៅវិញ អ្នកទាំងនោះក្លាយជាធនធានមនុស្សល្អ។ ភាគច្រើន រវាងមនុស្សពីរនាក់ ម្នាក់ដែលឆ្លងកាត់ និងអ្នកដែលមិនឆ្លងកាត់កាតព្វកិច្ចយោធា នៅប្រទេសនានា ពេលទៅរកការងារ គេប្រាកដជាយកអ្នកដែលចប់កាតព្វកិច្ចយោធាហើយ។ ដោយសារអី? ទី១ (គឺជាមនុស្សមាន)វិន័យនិងសណ្ដាប់ធ្នាប់ និងទី២ គឺ(ជាធនធានមនុស្សមាន)ជំនាញនិងបំណិន។ ពីរឆ្នាំបម្រើក្នុងកងទ័ពនេះ មិនមែនយកទៅហាត់ត្រឹមតែយុទ្ធវិធីបាញ់កាំភ្លើងទេ។ កងទ័ពមានវគ្គហ្វឹកហ្វឺនច្រើន។ យើងត្រៀមលក្ខណៈបណ្ដុះបណ្ដាលមួយចំនួន មុននឹងចប់កាតព្វកិច្ចយោធា ដូចជាត្រូវបណ្ដុះបណ្ដាលបំណិនមួយចំនួន ដែលយើងត្រូវបំពាក់ឲ្យ។ អញ្ចឹង យុវជនម្នាក់ដែលឆ្លងកាត់កតព្វកិច្ចយោធា មានសមត្ថភាពអាចធ្វើ(ការងារ) និងក្លាយទៅជាកម្លាំងពលកម្មមួយដែលមានសក្ដានុពល។ ប្រជាពលរដ្ឋយើង ប្រទេសយើង ក៏នឹងមានយុវជនដែលបានការបណ្ដុះបណ្ដាល ហាត់ពត់លត់ដំវិន័យ។ នេះគឺជាផលពីច្បាប់កាតព្វកិច្ចយោធា។ បណ្ដុះបណ្ដាលក្នុងថ្នាលកងទ័ព តែផលបានទៅក្នុងសង្គមទាំងមូល

(១៩) ចប់កាតព្វកិច្ច នៅជាយោធិនបម្រុងរហូត​ដល់អាយុ ៤៥ឆ្នាំ

ច្បា​ប់កាតព្វកិច្ចយោធា អនុវត្តពីអាយុ ១៨ ទៅ២៥ឆ្នាំ។ ពេលចប់ ចេញទៅធ្វើការ ស្ថិតនៅជាយោធិនបម្រុងរហូត​ដល់អាយុ ៤៥ឆ្នាំ។ បានន័យថាម៉េច? កងទ័ពនឹងមានអង្គភាពបម្រុង ដែលក្នុងមួយឆ្នាំអាចនឹងត្រូវហៅមកហាត់ ១អាទិត្យ ឬ២អាទិត្យដើម្បីដុសខាត់ជំនាញ។ ហើយត្រឡប់ទៅវិញចុះ។ ក្នុងពេលដែលបងប្អូនមកបំពេញកាតព្វកិច្ចជាទាហានកាតព្វកិច្ច ឬជាយោធិនបម្រុង កន្លែងការងារត្រូវធានាកន្លែង និងតួនាទីឲ្យគាត់។ ពេលចប់កាតព្វកិច្ច ចូលទៅវិញ មិនមានការកាត់(មុខនាទី/អត្ថប្រយោជន៍)អ្វីនោះទេ។ ហ្នឹងត្រូវតែធ្វើជាកាតព្វកិច្ច ព្រោះត្រូវការពារ(ផលប្រយោជន៍ពួកគាត់)។  នៅលើហ្វេសប៊ុក ឃើញបងប្អូនមួយចំនួនថា ចុះបើខ្ញុំត្រូវធ្វើការ ហៅខ្ញុំទៅធ្វើកាតព្វកិច្ច មកវិញគេនឹងកាត់ខ្ញុំចោល ឬមួយទាហានបម្រុងទៅហាត់ ២អាទិត្យ មកវិញគេធ្វើម៉េច? អត្ថប្រយោជន៍ដែលបាន ទី១ អ្វីដែលទ័ពទទួលបានគឺទទួលបានដូចគ្នា លើកលែងតែប្រាក់ឧបត្ថម្ភ។ បានន័យថា ប្រាក់សម្រាប់ហូបចុក កន្លែងស្នាក់នៅ ឯកសណ្ឋាន ការចំណាយហ្វឹកហ្វឺន បូកនឹងឈឺថ្កាត់រដ្ឋធានាទាំងអស់។

(២០) បន្ថែមលើអត្ថប្រយោជន៍និងការបណ្តុះបណ្តាលដូចទាហានអាជីព ទាហានកាតព្វកិច្ចមានប្រាក់ឧបត្ថម្ភ

ទា​ហាន​អាជីពមានបៀវត្សរ៍ ទាហានកាតព្វកិច្ចមានប្រាក់ឧបត្ថម្ភបន្ថែម។ អញ្ចឹង ប្រាក់ឧបត្ថម្ភនេះបើគិតជាផ្នែកមួយនៃបៀវត្សរ៍ទាហាន គឺតិចទេ។ ការចំណាយរបស់រដ្ឋទៅលើរឿងនេះ វាជាមួយផ្នែកគត់។ ខុសពីឯកជន។ ឲ្យតែប្រាក់ខែប៉ុណ្ណឹង គឺដោះស្រាយខ្លួនឯងទៅ ធ្វើដំណើរ ស្នាក់នៅ ហូបចុក ឈឺថ្កាត់។ កន្លែងខ្លះអាចមាន បសស។ បើគិតទៅ (អត្ថប្រយោជន៍នៃ)យោធិនកាតព្វកិច្ចនេះ បើរាប់ទៅខ្លាំងជាងគរុសិស្សផង។ គរុសិស្សបើប្រឡងជាប់ ចូលសាលាគរុកោសល្យ គាត់មិនមានអ្វីទាំងអស់ក្រៅពីប្រាក់ឧបត្ថម្ភ។ ពីមុន ប្រាក់ឧបត្ថម្ភមួយខែតែ៤ម៉ឺនរៀលទេ។ ឥឡូវយើងបានដំឡើង។ តែគាត់ត្រូវចំណាយខ្លួនឯងទាំងអស់ ៤ឆ្នាំ។ ចេញមកបានទៅធ្វើគ្រូ។ បើនិយាយពីគន្លងអាជីព យោធិនកាតព្វកិច្ចនេះ ពេលដែលគាត់ចប់ហាត់បីខែឬប៉ុន្មានខែ គាត់ចូលបំពេញកាតព្វកិច្ច ២ឆ្នាំ គឺមានសិទ្ធិដូចយោធិនធម្មតា ទទួលអត្ថប្រយោជន៍ផ្សេងៗ (រួមទាំង)ប្រាក់ឧបត្ថម្ភដែលខ្ញុំបាននិយាយហ្នឹង ទាំងការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន រដ្ឋចេញឲ្យទាំងអស់។ គាត់ចង់ទៅរៀនសាលាជំនាញណាមួយក្នុងកងទ័ព គាត់អាចទៅរៀនបាន។ ក្នុងកងទ័ព និយាយរួម យើងមានសា​លា​ជំនាញច្រើន។ ឧទាហរណ៍ ជំនាញវិទ្យុទាក់ទង ត្រូវទៅរៀនបច្ចេកវិទ្យាវិទ្យុរបស់កងទ័ព គឺទំនើបជាងវិទ្យុឯកជន ១០០ដង។ បើចង់ទៅរៀនលោតឆត្រ ទៅរៀនជួសជុលរថក្រោះ និងគ្រឿងចក្រធំៗ ចេញមកវិញគាត់អាចចូលទៅក្នុងរោងចក្រធ្វើឡានអីជាដើម។ នេះការបណ្ដុះបណ្ដាលក្នុងរយៈពេលប៉ុន្មានឆ្នាំ។ យើងនឹងរៀបចំគន្លង មិនមែនបម្រើកាតព្វកិច្ចកងទ័ព យកទៅ ២ឆ្នាំឱ្យនៅឈរយាមអគារនោះទេ។ ត្រូវបណ្ដុះបណ្ដាល។

(២១) ដឹកនាំនិងទទួលខុសត្រូវ ជាគន្លឹះសំខាន់នៃធនធានមនុស្ស

សំខាន់បំផុត គឺរៀនដឹកនាំ។ ក្នុងកងទ័ព ធ្វើការជាក្រុម ចាប់ផ្ដើមពីមេពួក ៣នាក់ទៅ គឺរៀនដឹកនាំ និងទទួលខុសត្រូវ។ នេះគឺជាគន្លឹះសំខាន់នៃធនធានមនុស្ស។ រោងចក្រមួយ ក្រុមហ៊ុនមួយ បើមានមនុស្សដែលមានការបណ្តុះបណ្តាល ធ្វើការ សហការ ការទទួលខុសត្រូវ មានចរិតអ្នកដឹកនាំ … តាំងពីជើងក្រោម តាំងពីអ្នកបុគ្គលិកឡើង​មក។ យើងចង់បានដូចហ្នឹង។ ពាក្យថា “ការដឹកនាំ” មិនមែនទាល់តែមានតួនាទីធំទេ គឺមានចរិតទទួលខុសត្រូវ។ ទា​ហានម្នាក់ៗ យោធិនម្នាក់ៗ (ត្រូវមានការទទួលខុសត្រូវ)តាំងពីបំពាក់អាវុធឲ្យ។ អ្នកឯងត្រូវទទួលខុសត្រូវចំពោះអាវុធហ្នឹង កុំឲ្យគាំង កុំឲ្យបាត់គ្រាប់ជាដើម។ ឯកសណ្ឋានដែលបានបំពាក់ឲ្យ ត្រូវមានវិន័យ។ ម៉ោងប៉ុន្មានត្រូវមកដល់បន្ទាយ ម៉ោងប៉ុន្មានត្រូវមានមុខ។ ខ្ញុំជឿថាវាពាក់ព័ន្ធនឹងវិស័យការងារ។ ថ្ងៃក្រោយ យើងនឹងមានធនធានមនុស្សដែលឆ្លងកាត់ការបណ្តុះបណ្តាលវិន័យ សណ្តាប់ធ្នាប់ និងធនធានប្រយុទ្ធក្នុងកងទ័ព។ ខ្ញុំអត់និយាយអំពីវិស័យការពារជាតិទេ។ ខ្ញុំនឹងនិយាយអំពីការពារជាតិនៅវេទិកាការពារជាតិ។ ថ្ងៃនេះនិយាយអំពីសង្គមសេដ្ឋកិច្ច។

(២២) ត្រូវការពលរដ្ឋមានជីវភាពនិងចំណេះដឹងរឹងមាំ ដើម្បីការពារសន្តិភាពដែលពិបាករកនិងពិបាកថែទាំ

យើងនិយាយអំពីសន្តិភាព។ (សន្តិភាពជា)ផលលាភធំណាស់ (ដែល)យើងបានមកដល់ម៉ោងនេះ។ តើ(បងប្អូន)មានដឹងទេ សន្តិភាពនេះ ទី១ ពិបាករក ទី២ ពិបាកថែទាំ។ នៅក្នុងបរិបទដែលពិភពលោកប្រែប្រួល ដើម្បីការពារសន្តិភាព យើងត្រូវតែខ្លាំង។ គ្មានអ្នកណាមកការពារឲ្យយើងទេ។ (យើងត្រូវតែ)ខ្លាំងក្នុងវិស័យការពារជាតិ និងខ្លាំងសេដ្ឋកិច្ចជាតិ។ ដាក់ទិសដៅនេះទៅ។ សេដ្ឋកិច្ចខ្លាំង ទើបមានលុយមកពង្រឹង(វិស័យការពារជាតិ)។ ប្រជាពលរដ្ឋមានជីវភាពរឹងមាំ ចំណេះដឹងរឹងមាំ ហ្នឹងហើយបានការពារសន្តិភាពបាន។ អត់អាចសុំអ្នកណាបានទេ។ យើង​ធ្លាប់តែផ្តោតទៅលើសង្គ្រាមផ្ទៃក្នុង ប៉ុន្តែបរិបទ(តំបន់និងពិភពលោក មាន)ការប្រែប្រួល តម្រូវអោយយើងមានសមត្ថភាពការពារជាតិដើម្បីថែរក្សាសន្តិភាព។ ដូច្នេះ ការពង្រឹងវិស័យការពារជាតិ ពង្រឹងធន​ធានមនុស្ស និងពង្រឹងសេដ្ឋកិច្ចសង្គម ត្រូវដើរជាមួយគ្នា។ អ្វីដែលរដ្ឋាភិបាលដាក់ចេញក្នុងពេលនេះ រួមទាំងច្បាប់កាតព្វកិច្ចយោធា គឺដើរតម្រង់តាមទិសដៅនេះ។

(២៣) ឱកាសបណ្តុះបណ្តាលធនធានមនុស្សមានត្រឹមប្រមាណ ២០ឆ្នាំ

ប្រទេសតូចដូចយើង ទោះបីម្នាក់ មានកូន១២ ក៏ពិបាកទាន់ប្រ​ទេសធំៗ ជាងយើងដែរ។ តែខ្ញុំសង្ឃឹមថា ធនធានមនុស្សយើងកាន់តែរីក។ ដើម្បីឲ្យធនធានមនុស្សម្នាក់ៗ រឹងមាំ យើងមានឱកាសបណ្តុះបណ្តាលយ៉ាងច្រើនតែត្រឹម ២០ឆ្នាំប៉ុណ្ណោះ។ ខ្ញុំមើលឃើញថា “យើងមានសមត្ថភាពបណ្តុះបណ្តាល ២០ឆ្នាំយ៉ាងច្រើន”។ បើអ្នកហ្នឹងទៅរៀនដល់បណ្ឌិត ១២ឆ្នាំ នៅវិទ្យាល័យ ៤ឆ្នាំ យកបរិញ្ញាបត្រ … បើគាត់រៀនជំនាញទូទៅ ១២ឆ្នាំមក អាចទៅរៀនបច្ចេកវិទ្យា រៀនបន្ថែមខាងធនាគារ ខាងអគ្គិសនី ខាងរ៉ូបូត គាត់អាចមានឱកាសរៀនបានតែប៉ុណ្ណឹង។ ក្រៅពីហ្នឹងសល់ ប៉ុន្មានឆ្នាំគឺរហូតដល់គាត់ស្លាប់ទៅវិញ … អញ្ចឹង ការបណ្តុះបណ្តាល ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងសំ​ខាន់។  ឩទាហរណ៍ យុវជនម្នាក់រៀនត្រឹមថ្នាក់ទី៩ អត់មានឱកាស(ទទួលការ)បណ្តុះបណ្តាលថែមទៀត។ ដូចនេះ មួយជី​វិតរបស់​គាត់ រហូតទៅដល់ស្លាប់ទៅ គឺកម្រិតវប្បធម៌ត្រឹមតែថ្នាក់ទី៩។ គាត់មិនអាចធ្វើអ្វីបានច្រើនទេ។

(២៤) បណ្តុះបណ្តាលវិស័យណាមួយ ត្រូវមានមនុស្សរៀន និងរៀនហើយមានឱកាសការងារ

មនុស្ស/យុវជនជាច្រើន មិនប្រាកដថាសក្តានុពលធំទេ។ ទាល់តែយើងជំរុញ … ត្រូវរៀបចំគន្លងបណ្តុះបណ្តាល(វិជ្ជាជីវៈ)ពីដើមទី កុំឲ្យអ្នកអត់ទៅវិទ្យាល័យ អត់មានឱកាសទាំងអស់។ ត្រូវតែរកវិធី។ ចេញធ្វើការបានមួយរយៈ មកវិញត្រូវរកវិធីបង្កើនគន្លង(អាជីព)របស់គាត់។ ហ្នឹងហើយដែលក្រសួងការងារបានដាក់(កម្មវិធី) upskilling និង reskilling នេះ។ ចេញទៅដំបូង អ្នកខ្លះធ្វើការក្នុងវិស័យវាយនភណ្ឌ។ តាមរយៈការផ្តល់ឱកាសរៀនសូត្របណ្តុះបណ្តាលបន្ថែម ថ្ងៃក្រោយ គាត់អាចប្តូរជំនាញហ្នឹងទៅខាងអគ្គិសនី។ ហ្នឹងដូចពងមាន់និងមាន់អញ្ចឹង។ បើឲ្យគេមកវិនិយោគបង្កើតក្រុមហ៊ុនផលិតរថយន្ត ទាល់តែស្រុកខ្មែរមានធនធានមនុស្សដែលចេះក្នុងវិស័យហ្នឹង។ បើយើងបណ្តុះបណ្តាលវិស័យហ្នឹង មានមនុស្សរៀន ទាល់តែគិតថារៀនហើយមានឱកាសការងារ។ អញ្ចឹងវាទៅជាមួយគ្នា។ យើងបន្តធ្វើកិច្ចការក្នុងវិស័យការងារដែលបានធ្វើកន្លងមក ដោយនៅក្នុងអាណត្តិថ្មីនេះបានដើរទៅមុខច្រើន។

(២៥) អ្នកដែលបានផលច្រើនពីការផលិតក្នុងស្រុកគឺប្រជាពលរដ្ឋខ្មែរ

ក្រុមហ៊ុន(រថយន្ត) EV (ដែល)ពីដើមអាណត្តិមានតែប៉ុន្មាន ឥឡូវមានប៉ុន្មានហើយ។ មួយពេលដែលប្រេងឡើងថ្លៃ ឡាន EV លក់ដាច់ច្រើន។ ហេដ្ឋារចនាសម្ព័ន្ធយើងមាន ប៉ុន្តែអ្វីដែលសំខាន់គឺការផលិតក្នុងស្រុករបស់យើង។ ពិតណាស់មាន brand មកពីក្រៅ ប៉ុន្តែគេមកផលិតនៅក្នុងស្រុករបស់យើង។ អ្នកដែលបានផលច្រើន គឺប្រជាពលរដ្ឋខ្មែរ។ ផលិតក្នុងស្រុក យើងរៀបចំដើម្បីឲ្យមានតម្លៃអាករពិសេសផ្សេងៗ យើងអាចកាត់បន្ថយមួយចំនួន ប្រៀបធៀបជាមួយឡាននាំចូល។ ឥឡូវវានៅប្រដំប្រសង។ តែទៅថ្ងៃមុខយើងគិតគូរឲ្យក្នុងស្រុកកាន់តែដើរ។ អញ្ចឹង ប្រជាពលរដ្ឋមានលទ្ធភាពទិញឡានថ្មីកាន់តែច្រើន តម្លៃសមរម្យ។ មួយវិញទៀត តែគេមកបើករោងចក្រផលិត វាមានកន្លែងជួសជុលហើយ។ អញ្ចឹង មិនត្រឹមតែបណ្តុះបណ្តាលអ្នកផលិតទេ តែក៏ទាំងជាងសម្រាប់ជួសជុលថែទាំផងដែរ។ ជំនាញទាំងអស់នេះហើយ ដែលជាបណ្តុំសម្រាប់មូលដ្ឋានទៅមុខថាយើងធ្វើអីទៀត។ ការផ្ទេរនៃបច្ចេកវិទ្យា ជាដំបូងទាក់ម៉ូយគេមកសិន។ ប្រទេសច្រើនបានចាប់ផ្តើមដំបូងពីសហការជាមួយបរទេស នាំបច្ចេកវិទ្យាចូល តែ ១០ឆ្នាំឬ ១៥ឆ្នាំក្រោយ គេចាប់ផ្តើមផលិតនៅខាងក្នុងដោយគុណភាព … ប្រទេសតូចៗ មួយចំនួន ដំបូងទិញគេទេ តែក្រោយមកក៏បង្កើតខ្លួនឯង។

(២៦) សិក្សាផ្លូវច្បាប់និងការគ្រប់គ្រង ដើម្បីអប់រំក្មេងទំនើង ដោយផ្សារភ្ជាប់នឹងការ​បំរើសមរភូមិមុខ

ពាក់ព័ន្ធជាមួយការបណ្តុះបណ្តាលទាហានកាតព្វកិច្ចនេះ សូមមើលរឿងក្មេងទំនើងផង … (ករណី)ក្មេងទំនើងដូចរាងថយមួយចំនួន ប៉ុន្តែវានៅងើបឡើងវិញខ្លះៗ។ ល្ងាចមិញ ដូចមានករណីមួយ នៅស្ទឹងត្រង់ កំពង់ចាម រហូតទៅដល់គ្រោះថ្នាក់អធិការរងម្នាក់។ មើលនៅភ្នំពេញ ឥឡូវមានចេញមួយចំនួន … ខ្ញុំចង់ឲ្យឯកឧត្តម កើត រិទ្ធិ (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីយុត្តិធម៌) ឯកឧត្តម ស ថេត និងឯកឧត្តម វង្ស ពិសេន សិក្សាផ្លូវច្បាប់ឲ្យខ្ញុំ។ យើង​ចាប់ក្មេងទំនើងដាក់គុក អស់តែបាយ។ ចេញមកវិញ ​ខ្លះក៏កែ ខ្លះទៀតក៏មិ​នកែ។ មិនបាច់រុញទៅដល់ជួរមុខទេ។ គិត​គូរពីការអប់រំ​កំរិតណាដើម្បីអាចភ្ជាប់នឹង​ការបំរើសមរភូមិមុខ។ មិនបាច់យកទៅកាន់កាំភ្លើងទេ យកទៅ​ចាក់​ពុម្ព​លេណដ្ឋានស្អីៗ ដើម្បី​​ជួយ​ដល់​កងវិស្វកម្មទៅ។ បាយក៏យើងនៅតែឲ្យជាកាតព្វកិច្ចមនុស្ស ប៉ុន្ដែកុំឲ្យអ្នកឯង​នៅ​កាប់ចាក់។ ពីមុន​គេ​មានទ្រឹស្ដីថា “បាយស៊ីស្រាប់ អាចម៍គេសែង អគ្គិសនីខ្វាត់ខ្វែង … ព្រឹកឡើងត្រូវបីបួន​ក្ដគោ ​ជាការហាត់ប្រាណ”។

សូមមើលការប្រើប្រាស់វិធីអប់រំ។ ព្រោះតែខុស(ហ្នឹងហើយ) ត្រូវអនុវត្តច្បាប់ ត្រូវយកចូលដាក់អប់រំ។ អប់រំហ្នឹង ជាជាងដាក់ឲ្យនៅក្នុងពន្ធធនាគារអត់ធ្វើអី យកទៅដាក់ក្រោមការគ្រប់គ្រងពិសេសរបស់នគរបាលកន្លែងណាមួយ ឱ្យធ្វើការងារបំរើសមរភូមិមុខ។ សូមឯកឧត្តម កើត រិទ្ធ ខាងច្បាប់ ជា​មួយឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គបញ្ជាការដាក់ ៣ខែ ទៅ ៦ខែតាមទំងន់ទោស ទៅកន្លែងចាក់ពុម្ពលេណដ្ឋាន ឲ្យដឹងផងថា តើកងទ័ពជាយុវជនដូចគ្នាគេកំពុងតែឈរជើងប្រឈមនឹងគ្រោះថ្នាក់(ដើម្បីការពារទឹកដី) នៅពេលដែលពួកឯងមានឱកាស មានសេរីភាព មកដើរកាប់ចាក់រញ៉េរញ៉ៃបំផ្លាញប្រទេស។ ឲ្យទៅផ្សារភ្ជាប់គ្នានឹងការលះបង់របស់យុវជន។ សូមសិក្សាឲ្យបានលឿន។ ទាល់តែអញ្ចឹងខ្លះ។ មិនបាច់២ ឬ៣ ក្តគោជាការហាត់ប្រាណទេ។ ចាក់គំរបបេតុង១០ ឬ២០ ជាការហាត់ប្រាណល្អជាង …។

(២៧) ក្មេងទំនើងជាកូនអ្នកមានតួនាទី គួរតែត្រូវបានចងជាមួយនឹងកាតព្វកិច្ចឪម៉ែ

ខ្ញុំក៏សូមឲ្យពិនិត្យមើលទៀត។ ក្មេងទំនើងមួយចំនួនជាកូនមេភូមិ ឬអ្នកមានតួនាទី។ ខ្ញុំថាគួរតែចងកាតព្វកិច្ចឪ ម៉ែដែរ។ ខុសលើកទី១ ឲ្យម៉ែឪ មកជួយធានា ហើយអប់រំ។ ខុសច្រើនដង ប្រហែលពាក់ព័ន្ធជាមួយនឹងតួនាទី ឪ ម៉ែដែរ។ គិតមើលទៅ ព្រោះវាមានអាង។ គិតមើលឲ្យខ្ញុំ ឧទាហរណ៍កូនមេភូមិមួយវាដើរវាយគេវាយឯង អប់រំ ម្តង ឬ ២ដងមិនស្តាប់។ កូនកត្តញ្ញូអី? វានឹងអស់ខ្នង។ រឿងខ្នងហ្នឹង មានរឿងមួយ។ កាលពីក្មេង មានម្នាក់វាដើរវាយគេវាយឯងពេញភូមិ។ វាថាធ្វើអីវាមិនបានទេ ត្បិតវាអាងខ្នងក្រាស់។ អត់មានអ្នកណាហ៊ានធ្វើអីវា។ ដល់អធិការថ្មីចូលទៅ ចាប់ដាក់គុក ៣ថ្ងៃ សួរវាថាឯណាខ្នង? វាថានេះខ្នងខ្ញុំ។ ដេកឯណាក៏បាន រួមទាំងដេកគុក … ត្រូវបង្កើតវប្បធម៌ថាយុវជនអាងខ្លួនឯង កុំអាងឪម៉ែ កុំអាងឥទ្ធិពល អាងអំពើល្អ កុំអាងអំពើអាក្រក់ អាងធ្វើបងធំ ហើយរួចខ្លួន។ មិនរួចខ្លួនបានទេ។ យើងបានធ្វើច្រើនកាលពីឆ្នាំទៅឆ្នាំទៅមួយ។ មានម្តងឯកឧត្តមអភិសន្តិបណ្ឌិតសួរខ្ញុំ “បង ពួកហ្នឹងដូចច្រើន។ អស់កន្លែងដាក់។ ត្រូវព្រលែងឬយ៉ាងម៉េច?”។ ខ្ញុំថា “អត់ទេ។ ត្រូវមានអប្បបរមាប៉ុន្មានខែឲ្យច្បាស់”។ បើចាប់ហើយ តែព្រលែងវិញ ដោយសារចង្អៀត គាត់មិនខ្លាចទេ។

ឥឡូវ មិនត្រឹមតែដេកស៊ីនៅក្នុងហ្នឹងទេ គិតគូររឿងអ្វីមួយឲ្យបានផលប្រយោជន៍ប្រទេសជាតិ។ គ្មានអ្វីក្រៅពីបម្រើសមរភូមិមុខហ្នឹងទេ។ ឲ្យចាក់បេតុង ឲ្យលីបេតុងខ្លួនឯង។ បើថាល្អឲ្យលីឡើងភ្នំ។ មិនបាច់យកទៅលីដល់សមរភូមិមុខ ឲ្យលីកន្លែងណាឲ្យដឹងថាយុវជនអាយុប៉ុនខ្លួនឯងនេះ កំពុងលីបាយ លីអង្ករ ទៅជួរមុខច្បាំងការពារជាតិ។ គេលំបាកប៉ុណ្ណា។ លឺដូចបងប្អូនច្រើនស្ម័គ្រទះដៃអបអរសាទរ។ ចង់ឃើញពួកហ្នឹងចាក់បេតុង? ប៉ុន្តែមិនមែនចាក់លេងៗទេណា ទាល់តែមានវិស្វកម្មចាក់ស្រួលបួល … កុំឲ្យចង្អៀតគុក នគរ​បាលរៀបចំកន្លែងមួយយកទៅដាក់មួយដុំ … គិតមើល គ្រប់គ្រងបាន។ អគារគគោកឥឡូវ។ បើថាចាំបាច់ អគារ scam គគោកដាក់នៅហ្នឹងសិន។ បង្កើតជាគុកបណ្តោះអាសន្នសិន។ ខ្ចីប្រើសិន បើថាមិនចង់ឲ្យល្អពេក ឲ្យតែស័ង្កសីធ្វើទៅ កុំឲ្យដេកក្នុងផ្ទះថ្មអី។ ទាហានយើងទៅបោះទីតាំងដំបូងអត់ដែលមានអ្វីទេ។ ទាហានយើងដំបូងចងអង្រឹង។ ទៅដល់កន្លែងខ្លះមានបន្ទះឈើ ឬមួយស័ង្កសីអីធ្វើ។ ឥឡូវរកទីតាំងមួយ ឲ្យទៅធ្វើស័ង្កសីខ្លួនឯង … ប៉ុន្តែឲ្យសិក្សាមើលសិនក្រែងខាងសិទ្ធិមនុស្សគេរករឿង។ ឲ្យធ្វើតាមច្បាប់។ ក្នុងកាលៈទេសៈ និងក្នុងកម្រិតណាមួយ …។

(២៨) ក្មេងទំនើងតដៃនិងធ្វើឲ្យរបួសស្នាមដល់សមត្ថកិច្ច ត្រូវដាក់ទោសអតិបរមា

ចំពោះក្មេងទំនើងដែលតដៃជាមួយនឹងសមត្ថកិច្ច ធ្វើឲ្យរបួសស្នាមសមត្ថកិច្ចត្រូវដាក់ឲ្យតឹងមែនទែន។ បងប្អូនចុះទៅអនុវត្តការងារ មិនត្រូវសមត្ថកិច្ចខ្លាចក្មេងទំនើងទេ។ គ្រាន់តែឃើញអាវប៉ូលីស អាវអាវុធហត្ថ ក្មេងទំនើងត្រូវគោរព។ កាលខ្ញុំនៅមេកងទ័ពជើងគោក ចុះទៅខេត្តមួយ ខ្ញុំសួរថាបុណ្យនៅភូមិម៉េចក៏មានប៉ូលីស ម៉េចក៏មានទាហាន? គេថាបងឃើញនៅភូមិហ្នឹងក្មេងៗវាមិនសូវខ្លាច វាឃើញប៉ូលីស ប៉េអឹមស្លូត វាចង់បានស្បែកខ្លា។ មន្រ្តីអនុវត្តច្បាប់​ត្រូវមានច្បាប់ការពារ។ សិទ្ធិអំណាចនៅក្នុងការអនុវត្តឲ្យអ្នកល្មើសច្បាប់ខ្លាចនេះគឺជាកិច្ចការ។ បើសិនជាអ្នកតដៃ ធ្វើឲ្យរបួសស្នាមបែបនេះត្រូវដាក់ឲ្យតឹងជាអតិបរមាតែម្តង។ អត់មានយោគយល់ទេ។ ហ្នឹងត្រូវធ្វើ។ បើមិនតដៃ ច្បាប់មាន ២ទៅ ៤ឆ្នាំ ដាក់២ ឬដាក់៣ តែបើអ្នកឯងបង្ករបួសស្នាមទៅដល់មន្រ្តីសមត្ថកិច្ច គួរដាក់ទោសអតិបរមា គឺពេញ ៤ឆ្នាំទៅ។ កុំយោគយល់។ បើមិនអញ្ចឹង តើការពារសមត្ថកិច្ចរបស់យើងយ៉ាងម៉េច? នេះគឺជាកិច្ចការមួយដែលត្រូវធ្វើ។ អញ្ចឹងសុំតែប៉ុណ្ណេះចុះថ្ងៃនេះ ថ្ងៃអាទិត្យផង …។

[ចប់សេចក្ដីអធិប្បាយ៣]

សូមអរគុណសារជាថ្មីជូនទៅដល់គណៈរៀបចំ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ។ សម្រាប់ថ្ងៃនេះគឺមាន អ្នកចូលរួម ៤៩៣២ នាក់ ម្នាក់ៗទទួលបានអាហារសម្រន់ និងថវិកា ៥០០០០ រៀល ដោយឡែកស្រ្តីមានផ្ទៃពោះ ៣២ នាក់ ម្នាក់ៗថវិកា ៨០ ម៉ឺនរៀលបន្ថែម។ អញ្ចឹងបើតាមតួលេខនេះប្រហែលជាអត់មានអ្នកភ្លោះកូនពីរទេ ព្រោះបើកូនពីរគេប្រាប់ខ្ញុំហើយ ព្រោះថែមឲ្យ ៤០ ម៉ឺន អ្នកណាកុំឲ្យពិបាកទម្ងន់ច្រើនដង ដាក់ភ្លោះយកបីទៅ យើងអត់មាន់បំបែកឯតទគ្គកម្មបួនទេ ដូចមានតែ ៣ទេ? មាន៤ ម្តងនៅខេត្តព្រះវិហារ។ ក្នុងនោះក៏មានបងប្អូនជនពិការ ៣នាក់ ម្នាក់ៗ ៤០ម៉ឺនរៀលបន្ថែមទៀតផងដែរ។ ជូនមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ២៥ រាជធានីខេត្តមួយអង្គភាព ១០ លានរៀល សហជីពកម្មករ ១៨៦ សហជីពថវិកាមួយលានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការ ក្នុងអង្គពិធីថវិកា ៥ លានរៀលផងដែរ។ សូមអរគុណ។ ជូនពរបងប្អូនទាំងអស់ទទួលបានពុទ្ធពរ និងពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ៕

អត្ថបទទាក់ទង