Grand News Asia Close

អគ្គលេខាធិការអាស៊ាន ចូលរួមប្រជុំ និងចូលរួមកម្មវិធីមួយចំនួននៅប្រទេសឡាវ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ អាស៊ាន | ASEAN 418

 

(ឡាវ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងការពិនិត្យមើលឡើងវិញនៃកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅ នៅក្រោមការដឹកនាំរបស់ឡាវដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។

នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២៨។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការងាររបស់អង្គភាពតាមវិស័យរបស់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន និងពិនិត្យមើលការអនុវត្តផែនទីចង្អុលផ្លូវរបស់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានឆ្នាំ២០២៥ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅសប្តាន៍នេះ។

នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដដែល លោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣៥។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនបណ្តារដ្ឋមន្ត្រី អំពីវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចការរបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សា និងបញ្ចប់បញ្ហាដែលនៅសេសសល់ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការប្រទេសទីម័រខាងកើត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការចូលជាសមាជិកពេញសិទ្ធិនៅក្នុងអាស៊ាន របស់ទីម័រខាងកើត ព្រមទាំងកិច្ចការមួយចំនួនទៀត។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាបើកក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ «អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់»។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់សហគមន៍ធុរកិច្ចក្នុងការគាំទ្រដល់នវានុវត្តន៍ ភាពប្រកួតប្រជែង និងភាពច្នៃប្រឌិត។ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ពីសក្តានុពលនៃការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដែលមិនទាន់ប្រើប្រាស់ ដែលពង្រឹងការតភ្ជាប់ និងបង្កើតភាពធន់ សម្រាប់អនាគតមួយរុងរឿងដែលមានការតភ្ជាប់កាន់តែខ្លាំង។

ហើយនៅរសៀលថ្ងៃទី៨ ខែតុលា ដដែល នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកបណ្ឌិត កៅ គឹមហួន បានជួបជាមួយលោកស្រី Shinto Nugroho ប្រធានគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវិធីដែលវិស័យឯកជន ដូចជា ក្រុមហ៊ុន TikTok អាចូលរួមចំណែកដល់កំណើន និងការអភិវឌ្ឍរបស់តំបន់ ព្រមទាំងបានរិះរកឱកាសនាពេលអនាគតដើម្បីជំរុញបរិវត្តកម្មឌីជីថលរបស់អាស៊ាន។

ដោយឡែកនៅល្ងាចថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកម្មវិធីទទួលស្វាគមន៍ពិសេស រៀបចំដោយសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ដែលក្នុងឱកាសនោះអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញថ្លែងសន្ទរកថាផងដែរ៕

អត្ថបទទាក់ទង