Grand News Asia Close

ជប៉ុនផ្ដល់ជំនួយរថយន្តសង្គ្រាះបន្ទាន់១០គ្រឿង និងបរិក្ខារសង្គ្រោះមួយចំនួនទៀត ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

ដោយ៖ គង់ វឌ្ឍនា ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 527

រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង «ការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់សេវាសង្រ្គោះអាយុជីវិត និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា» បានផ្ដល់ជំនួយឥតសំណង ជារថយន្តសង្គ្រោះបន្ទាន់ចំនួន ១០គ្រឿង សម្ភារៈសម្រាប់ឆ្មបចំនួន ១៤០កញ្ចប់ ឧបករណ៍បូមពេលសម្រាល ចំនួន ១០ និងខោបន្ថយស្ហុកចំនួន ៤០០ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល, លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា, លោកស្រី សាន់ដ្រា ប៊ឺនខ្លាវ តំណាងប្រចាំប្រទេស មូលនិធិសហប្រជាជាតិសម្រាប់ ប្រជាជន (UNFPA) ប្រចាំកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំសុខាភិបាលជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ នាឃ្លាំងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ជ្រោយចង្វារ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងថា «ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុង ពិធីប្រគល់-ទទួល រថយន្តសង្គ្រោះបន្ទាន់ចំនួន ១០គ្រឿង សម្ភារៈសម្រាប់ឆ្មបចំនួន ១៤០កញ្ចប់ ឧបករណ៍បូមពេលសម្រាល ចំនួន ១០ និងខោបន្ថយស្ហុកចំនួន ៤០០ ជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលជប៉ុន ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោង ការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ក្នុងអំឡុងរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់សេវាសង្រ្គោះអាយុជីវិត និងប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា»

លោកស្រីរដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបានសមិទ្ធផលធំធេងលើគ្រប់វិស័យ ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា «តាងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយហិរញ្ញប្បទានទាន់ពេលវេលាដើម្បីគាំទ្រក្រសួងសុខាភិបាល សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់ ជាពិសេសក្នុងអំឡុងរាតត្បាតនៃជំងឺកូវីដ-១៩»

លោកស្រីរដ្ឋលេខាធិការប្រចាំការ បន្ដទៀតថា ការផ្តល់ហិរញ្ញប្បទាន បានផ្តោតទៅលើការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យដល់មូលដ្ឋានសុខាភិបាល សម្រាប់ផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត។ ម្យ៉ាងវិញទៀត ជំនួយហិរញ្ញប្បទាននេះបានគាំទ្រការកសាងឧបករណ៍សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសុខភាព មាតា ជាពិសេសសម្រាប់ជនងាយរងគ្រោះក្រោយពេលរាតត្បាតនៃជំងឺកូវីដ-១៩។

ការទទួលបានរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រសង្គ្រោះជីវិត សម្រាប់ជួយជួយពង្រឹង ប្រព័ន្ធថែទាំសុខភាព និងផ្ដល់ការថែទាំប្រកបដោយគុណភាពខ្ពស់បំផុត អនុញ្ញាតឱ្យសហគមន៍អាចប្រើប្រាស់សេវាសុខភាពសមស្រប ជាពិសេសស្ត្រី និងទារកទើបនឹងកើតនៅតាមខេត្តដាច់ស្រយ៉ាលភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាតំបន់ត្រូវការចាំបាច់នូវឧបករណ៍ដើម្បីសង្គ្រោះជីវិតមាតា និងទារកទើបកើតនៅក្នុងករណីស្ថានភាពគ្រោះថ្នាក់ ដែលអាចកើតមានឡើង។

ជំនួយមនុស្សធម៌នេះ ចូលរួមចំណែកដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅទីក្រុងណៃរ៉ូប៊ី ឆ្នាំ២០១៩ ដើម្បីបំបាត់មរណភាពមាតាដែលអាចបង្ការបាននៅត្រឹមឆ្នាំ ២០៣០។

លោកស្រីវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនការទទួលបានសេវាសង្គ្រោះជីវិត និងអន្តរាគមន៍ទាន់ពេលវេលា សម្រាប់ស្ត្រី និងទារកទើបនឹងកើត និងគ្រោះអាសន្នផ្សេងៗ។

ឧបករណ៍បូមពេលសម្រាល ប្រើសម្រាប់សង្គ្រោះជីវិតម្ដាយ និងទារកអំឡុងពេលសម្រាលលំបាកដែលអូសបន្លាយរយៈពេលយូរ ចំណែកកញ្ចប់សម្ភារៈ សម្រាប់ឆ្មបមានឧបករណ៍សម្រាលសុវត្ថិភាពដែលឆ្មបប្រើក្នុងពេលសម្រាល និងខោរបន្ថយស្ហុក គឺជាឧបករណ៍ថ្មីក្នុងការបង្ការ និងកាត់បន្ថយការធ្លាក់ឈាមកំឡុងពេលសម្រាលសម្ភារបរិក្ខារទាំងនេះ គឺពិតជាចាំបាច់បំផុតក្នុងការសង្គ្រោះជីវិត។

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះការគាំទ្រដោយសប្បុរស និងទាន់ពេលពី រាជរដ្ឋាភិបាលជប៉ុន ដល់ក្រសួងសុខាភិបាលតាមរយៈមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

ក្នុងអំឡុងពេលកូវីដ-១៩ ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការណ៍ចាំបាច់នានាជាបន្តបន្ទាប់ដើម្បី ធានាការផ្តល់សេវាសុខាភិបាលជាសារវន្ត រួមទាំងសេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសុខភាពមាតា។ ក្រសួងសុខាភិបាល បានរៀបចំនូវសេចក្តីណែនាំស្តីពីការផ្តល់សេវាគាំពារមាតា និងទារកក្នុងអំឡុងពេលរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នាដើមឆ្នាំ២០២០ បានទាន់ពេលតាមរយៈជំនួយបច្ចេកទេសពី UNFPA ។

សេចក្តីណែនាំនេះ ជាឯកសារសំខាន់ ដើម្បីធានាបន្តការផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសុខភាពមាតា ក្នុងអំឡុងពេលរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ UNFPA បានផ្តល់ជំនួយបច្ចេកទេសកសាងវេទិកាឌីជីថលប្រកប សម្រាប់ការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ការផ្តល់សេវាពីចម្ងាយ ដែលជាចំណែកមួយ សម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាលក្នុងការឆ្លើយតបជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងកោតសរសើរមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ដែលជាដៃគូយូរអង្វែង របស់ក្រសួងសួងសុខាភិបាលកម្ពុជា ក្នុងកិច្ចសហការគាំទ្រជិត ៣០ឆ្នាំកន្លងមក។ តាមរយៈភាពជាដៃគូនេះ UNFPA បានចូលរួមចំណែកក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសុខភាពមាតារួម ទាំងផែនការគ្រួសារ សុខុមាលភាពរបស់ស្ត្រី ដើមី្បកាត់បន្ថយមរណភាពមាតានៅក្នុងប្រទេសកម្ពុជា។

ឆ្នាំនេះគឺជាខួបលើកទី ៧០នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសជប៉ុននិងកម្ពុជា។ រដ្ឋាភិបាលជប៉ុន បាននិងកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះជីវិតមាតា ទារក និងលើកកម្ពស់សុខភាពកុមារនៅកម្ពុជាអស់រយៈពេលជាយូរមកហើយ។

ទន្ទឹមនឹងនោះ លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែសម្របសម្រួលឱ្យគម្រោងជំនួយនានា បានដំណើរការដោយរលូន ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕

Fresh News

អត្ថបទទាក់ទង