រុស្ស៉ីកោះហៅអគ្គរាជទូតជប៉ុន ដើម្បីតវ៉ារឿងជប៉ុនផ្គត់ផ្គង់បរិក្ខារយោធាឱ្យអ៊ុយក្រែន
(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរាជទូតជប៉ុន ជុំវិញការសម្រេចចិត្តរបស់ ទីក្រុងតូក្យូក្នុងការផ្តល់បរិក្ខារយោធាឱ្យទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។
កាលពីខែឧសភាកន្លងទៅនេះ ជប៉ុនបានប្រកាសពីផែនការបរិច្ចាគរថយន្តយោធាប្រហែល ១០០គ្រឿងឱ្យអ៊ុយក្រែន បន្ទាប់ពីធ្លាប់បានផ្តល់សម្ភារ ការពារផ្សេងៗ ដូចជាមួក អាវការពារគ្រាប់ ម៉ាសការពារឧស្ម័ន អាវការពារសារធាតុគ្រោះថ្នាក់ យន្តហោះដ្រូនខ្នាតតូច និងស្បៀងអាហារជាដើម។ យ៉ាងណាមិញ ទីក្រុងមូស្គូបានចោទថា ទីក្រុងតូក្យូមិនមែនផ្តល់តែរថយន្តយោធាទេ តែក្នុងនោះក៏មានរថពាសដែក និងយានសម្រាប់ប្រើប្រាស់នៅគ្រប់ស្ថាន ភាពផ្លូវផងដែរ។