សិទ្ធិមនុស្សកម្ពុជាប្រតិកម្មពាក្យ “Scambodia” របស់កាសែត WSJ ថាប៉ះពាល់សិទ្ធិមនុស្ស និងកិត្តិយស
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានដាក់សំណើជាផ្លូវការទៅកាន់ The Wall Street Journal ដើម្បីពិនិត្យឡើងវិញ និងកែតម្រូវចំណងជើងអត្ថបទមួយ ដែលបានប្រើពាក្យ “Scambodia”។រូបថត សហការី
ភ្នំពេញ: គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានដាក់សំណើជាផ្លូវការទៅកាន់ The Wall Street Journal ដើម្បីពិនិត្យឡើងវិញ និងកែតម្រូវចំណងជើងអត្ថបទមួយ ដែលបានប្រើពាក្យ “Scambodia” ថា មានលក្ខណៈបង្ខូច និងអាចប៉ះពាល់ដល់កិត្តិយស និងសិទ្ធិរបស់ប្រជាជនកម្ពុជា។
ក្នុងលិខិតចុះថ្ងៃទី២២ ខែមេសា ផ្ញើទៅកាន់និពន្ធនាយកលោកស្រី Emma Tucker គណៈកម្មាធិការបានបង្ហាញ “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះអត្ថបទមួយចេញផ្សាយថ្ងៃទី១៩ ខែមេសា ដែលមានចំណងជើងថា “How Cybercrime Became a Leading Industry in Scambodia”។
ខណៈដែលទទួលស្គាល់តួនាទីសារព័ត៌មានសេរី និងឯករាជ្យ CHRC បានអះអាងថា ការប្រើប្រាស់ពាក្យ “Scambodia” មានន័យជាការបង្កើតការប្រកាន់ទោសជាសកល និងភ្ជាប់ប្រទេសទាំងមូលទៅនឹងសកម្មភាពឧក្រិដ្ឋកម្មអន្តរជាតិ។
លិខិតបានបញ្ជាក់ថា៖ «ការប្រើប្រាស់ពាក្យបង្ខូច “Scambodia” … អាចនាំឲ្យកាត់បន្ថយតម្លៃប្រទេសឯករាជ្យមួយ ទៅជាប្រភពនៃឧក្រិដ្ឋកម្មអន្តរជាតិ បំភ្លៃភាពជាក់ស្តែងនៅកម្ពុជា និងបង្កការរើសអើង និងការរិះគន់ចំពោះប្រជាជន»។
CHRC បានដាក់បញ្ហានេះនៅក្នុងបរិបទសិទ្ធិមនុស្ស ដោយសង្កត់ធ្ងន់ថា មិនមែនជាបញ្ហាកេរ្តិ៍ឈ្មោះជាតិតែប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងការការពារសេចក្តីថ្លៃថ្នូរ និងការពារការរើសអើងផងដែរ។
គណៈកម្មាធិការបានព្រមានថា ភាសាបែបនេះអាចនាំឲ្យខូចឈ្មោះប្រទេស និងប៉ះពាល់ដល់ការជឿទុកចិត្តពីដៃគូអន្តរជាតិ និងវិនិយោគិន។
លិខិតបានបន្ថែមថា: «ភាសាបណ្ដុះបង្អាប់ ឬបង្កើតរូបភាពអវិជ្ជមានលើប្រទេសមួយ អាចបំផ្លាញសេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះប្រជាជន ដែលជាផ្នែកសំខាន់នៃគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ»។
CHRC ក៏បានលើកឡើងថា បញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធនឹងបណ្ដាញអន្តរជាតិជាច្រើនប្រទេស ដូច្នេះការរាយការណ៍ត្រូវការភាពត្រឹមត្រូវ និងតុល្យភាព។
គណៈកម្មាធិការបានបញ្ជាក់ថា «ភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មអន្តរជាតិ … ទាមទារភាពត្រឹមត្រូវ ការទទួលខុសត្រូវរួម និងកិច្ចសហការអន្តរជាតិ» ខណៈព្រមានពីការបង្កើតនារីទិដ្ឋភាពដែលដាក់បន្ទុកលើប្រទេសតែមួយ។
គណៈកម្មាធិការបានរំលេចផងដែរពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមមានការពង្រឹងអនុវត្តច្បាប់ ការបង្ក្រាបទីតាំងប្រតិបត្តិការ និងកិច្ចសហការជាមួយដៃគូអន្តរជាតិ ព្រមទាំងការអនុម័តច្បាប់ប្រឆាំងអំពើឆបោកតាមអ៊ីនធឺណិត។
ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានបង្កើនប្រតិបត្តិការបង្ក្រាបសកម្មភាពខុសច្បាប់តាមអ៊ីនធឺណិត ដែលនាំឲ្យមានការឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសជាច្រើនដែលពាក់ព័ន្ធនឹងអំពើឆបោក។
ក្នុងបរិបទនេះ CHRC បានអះអាងថា ចំណងជើងអត្ថបទខាងលើ មិនបានឆ្លុះបញ្ចាំងភាពជាក់ស្តែងទូលំទូលាយនោះទេ ហើយអាចបង្កើតនារីទិដ្ឋភាពខុសពីការពិត។
គណៈកម្មាធិការបានស្នើឲ្យ The Wall Street Journal ដកពាក្យនោះចេញភ្លាមៗ ចេញសេចក្តីកែតម្រូវ ឬបំភ្លឺ និងជៀសវាងការប្រើប្រាស់ពាក្យដែលមានលក្ខណៈបង្ខូចក្នុងអត្ថបទនាពេលអនាគត ក៏ដូចជាស្នើឲ្យមានការសុំទោសជាផ្លូវការ និងកែប្រែចំណងជើងឲ្យមានភាពត្រឹមត្រូវ និងតុល្យភាព។
CHRC បានបន្ថែមថា: «សារព័ត៌មានអន្តរជាតិអាចបង្ហាញពីការទទួលខុសត្រូវ និងការគោរពតាមវិជ្ជាជីវៈ និងគោលការណ៍សិទ្ធិមនុស្ស»។
មកដល់ពេលនេះ The Wall Street Journal មិនទាន់មានការឆ្លើយតបជាសាធារណៈចំពោះសំណើនេះនៅឡើយទេ។
ការចុះផ្សាយនេះកើតឡើងក្នុងបរិបទដែលតំបន់អាស៊ីអាគ្នេយ៍កំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងពីបញ្ហាបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ខណៈរដ្ឋាភិបាលតំបន់កំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្ក្រាបអំពើឆបោក និងការពាររូបភាពជាតិនៅលើឆាកអន្តរជាតិ។
-Phnom Penh Post-






